អាត្មាឃើញក្នុងធម្មចក្រ និយាយអំពីថ្នាក់បរិញ្ញា តើផ្លូវធម៌សំដៅទៅក្នុង គុណធម៌ ?អ្វីទៅពរ។
កូណាលោកម្ចាស់ ! បរិញ្ញាប្រែថា ចំណេះជាន់ខ្ពស់ បើក្នុងផ្លូវលោកគឺរៀនក្រោយថ្នាក់បណ្ឌិតបន្តទៀត ប៉ុន្តែនៅក្នុងពុទ្ធសាសនាគឺជាចំណេះ នៅក្នុងអរិយសច្ចៈ៤លោកម្ចាស់ ។ បរិញ្ញាមានបីគឺ ញាតបរិញ្ញា តីរណៈបរិញ្ញា និង បហានបរិញ្ញា ។ ញាតបរិញ្ញាគឺជាសមត្ថភាពយល់ដឹងសព្វអត់ចន្លោះនៅក្នុងភពបីគឺ កំណើត៤ គតិ៥ វិញ្ញាណដ្ឋិតិ៧ សត្តាវាស៩ ។ តីរណបរិញ្ញាគឺ ឃើញសត្វក្នុងភពបីសុទ្ធតែឋិតនៅក្រោមអំណាចត្រៃល័ក្ខណ៍ធម៌ អនិច្ចំ - ទុក្ខំ - អនត្តា ។ បហានបរិញ្ញា ឬ បរិញ្ញាកិច្ច គឺកិច្ចដែលត្រូវលះ បានដល់ការលះហេតុរបស់ទុក្ខនេះឯង ។
ពរ ថ្នាក់បរិញ្ញា បើកំណត់ ក្នុង អរិយមគ្គបាន ចាប់ពីណាទៅ ?។ចាប់ពីសោតាទៅលោកម្ចាស់ ។
អាត្មាចង់សួរញោមថា មានយោគាវចរ១អង្គលោកចំរើនធម៌
ស្រាប់តែមានទេវតា ស្លៀកពាក់ស មកប្រាប់លោកថា ដល់ថ្នាក់បរិញ្ញាហើយ ចូរលោកម្ចាស់ពិចារណា ក្នុងសង្ខារទៅចុះ ។ បើគិតថ្នាក់ធម៌តើលោកដល់ណាហើយពរ? ។
ចង់ដឹងដល់ណាមិនមែនមើលការឃើញការឮទេលោកម្ចាស់ គឺមើលលើកិលេស ។ មើលសក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វត្តបរាមាស មើលទិដ្ឋិមានះ តណ្ហាឧបាទាន។
ចុះបើខាងក្រៅលោកនៅជាប់ សីលព្វត្ត ប៉ុន្តែពេលលោកចំរើនធម៌លោកបានលះអស់តើយ៉ាងម៉េចវិញពរ ?។ មានន័យថា លោកចេះចែកពេលវេលា ។
នៅលើចិត្តលោកទេយើងមិនអាចដឹងពីការជាប់និងការលះរបស់លោកឡើយ លោកម្ចាស់ តាមកម្មលោកចុះណា។

