យើងស្តាប់ យើងគិតគឺដើម្បីយល់ ដើម្បីកុំឲ្យបញ្ញាពុលដោយសារគំនិត ព្រោះលោកនេះគឺជាលោកនៃគំនិត ហេតុនេះចាំបាច់ណាស់ការប្រតិបត្តិជាមួយខ្លួនឯងដើម្បីដំកល់ចិត្តឲ្យតាំងនៅក្នុងភាពជាកណ្តាល(ឧបេក្ខា) កុំឲ្យឃ្លេងឃ្លោងដោយសាររលកគំនិត ដែលហៅថាទិដ្ឋិនេះឯង ។ តើទិដ្ឋិនេះកើតនៅទីណា ? គឺកើតនៅក្នុងខន្ធ៥ តើខន្ធ៥ជារបស់យើងឬទេ ? រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ នេះមិនមែនជារបស់យើងទេ ព្រោះវាមិននៅក្រោមអំណាចយើង ដូច្នេះទិដ្ឋិវាជារបស់លោកនេះទេ មិនមែនជារបស់យើងឡើយ គំនិតទាំងអស់ត្រឹមតែជាទិដ្ឋិប៉ុណ្ណោះឯង ។ អ្នកបរិបូណ៌ដោយទិដ្ឋិ បរិសុទ្ធដោយទស្សនៈគឺអ្នកដែលបានយល់ច្បាស់ពីអនិច្ចំ ទុក្ខំ អនត្តានេះឯង។

