សច្ចៈដែលព្រះសម្មាសម្ពុទ្ធបានសម្តែង

D

សច្ចៈដែលព្រះសម្មាសម្ពុទ្ធបានសម្តែងគឺ
១- បញ្ញត្តិសច្ចៈឬសម្មតិសច្ចៈ ជាសច្ចៈដោយសន្មតថា មានសត្វបុគ្គល ជាអ្នកធ្វើកម្ម ទទួលផលកម្ម ស្លាប់ទៅកើតនៅឋានសួគ៌ ឋាននរក ជាប្រេត ជាព្រហ្ម ដែលពីជាតិមុនជាអ្នកនេះអ្នកនោះ ស្លាប់កើតទៀតអាស្រ័យកម្មគឺដោយអំណាចអំពើដែលខ្លួនបានធ្វើ ។ ធ្វើកម្មថោកទាប ស្លាប់កើតក្នុងទីថោកទាប ធ្វើកម្មប្រណីត ស្លាប់កើតក្នុងទីប្រណីតជាដើម នេះគឺជាការពិតមួយ ។ សត្វជាច្រើនផ្តុំគ្នាបានជាសង្គមសត្វ សង្គមសត្វនោះឋិតនៅបានយូរអង្វែងគឺដោយសារមានសម្មាទិដ្ឋិ បើមានមិច្ឆាទិដ្ឋិសង្គមសត្វនោះនឹងវិនាសសាបសូន្យក្នុងកាលដ៏ខ្លី ។ ការគោរពមួយ កត្តញ្ញូមួយ ខ្លាចបាបខ្ពើមបាបមួយជាមូលដ្ឋានគ្រឹះនៃភាពគង់វង់របស់សង្គមនិមួយៗ ។
២- បរមត្ថសច្ចៈ ជាសច្ចៈដ៏មានជំរៅ លោកនេះមិនមានសត្វបុគ្គលអ្វីទាំងអស់ មានត្រឹមតែរូប ចិត្ត ចេតសិក និព្វាន មានត្រឹមតែខន្ធពូនផ្តុំកកើតហើយបែកធ្លាយ អ្វីៗត្រឹមតែកើតរលត់ កម្មមានតែអ្នកធ្វើកម្មនិងទទួលផលកម្មមិនមាន ។
៣- អរិយសច្ចៈ គឺជាសច្ចៈដ៏ខ្ពង់ខ្ពស់ក្នុងការចេញចាកទុក្ខ ឬជាផ្លូវរួចរំដោះ ។
ត្រូវយល់ពីធម៌ទាំងនេះ ដើម្បីកុំឲ្យស្តាប់គេនិយាយទៅមានការទើសចិត្ត អ្នកខ្លះជាប់តែបញ្ញត្តិ ស្តាប់គេនិយាយពីបរមត្ថក៏ទើសចិត្ត អ្នកខ្លះជាប់ក្នុងបរមត្ថលឺគេនិយាយបញ្ញត្តិក៏ទើសចិត្ត ដែលតាមពិតអ្វីទាំងនេះសុទ្ធតែជាការពិតដូចៗគ្នា ។

Comments