កាលរៀននៅបឋមសិក្សា លោកគ្រូឲ្យសិស្សធ្វើតែងសេចក្ដីអំពីឆ្មា ។ ខ្ញុំក៏រកនឹកពីភិនភាគឆ្មារបស់ខ្ញុំ ហើយសរសេរ៖
ខ្ញុំមានឆ្មាមួយ ឈ្មោះតឹងតឹង។ ភេទញី វាមានភ្នែកពីរ មាត់មួយ ច្រមុះមួយតែមានរន្ធច្រមុះពីរ ពុកមាត់វាវែងៗសងខាង។ ឆ្មាខ្ញុំសម្បុរស ដូចលោកគ្រូ ។ តែអត់ក្រញ៉ាញ់ដូចសក់លោកគ្រូទេ ហើយវាខ្ជិលជាងខ្ញុំ។ ពេលបាយវាមិនជួយលើកម្ហូបទេ តែវាដើរតាមខ្ញុំត្រឹកៗ ហើយលិឍជើងខ្ញុំទៀត។ ខ្ញុំខឹងពេកធាក់វាមួយជើង តែវានៅតែមកវិញ។ ព្រោះម៉ោងនេះម៉ោងបាយ។
ឆ្មាខ្ញុំ តឹងតឹងខ្ជិលរលួយ ដើរបាត់ពីផ្ទះរាល់ថ្ងៃ យប់ៗទើបមកដល់ផ្ទះ។ ពេលបាត់វាម្ដងៗ ខ្ញុំតែងដើររកវាជានិច្ច តែក្រោយមកម៉ែប្រាប់ថា មិនបាច់រកវាទេ វាធំហើយវាចេះដើរផ្ទះគេ អាចនឹងដោយញីដោយឈ្មោលទៀតផង។ នៅទីបំផុត តឹងតឹងក៏រត់តាមប្រុស (ឆ្មាឈ្មោល) បាត់ស្រមោល ពេលត្រលប់វិញស្ពាយពោះមកផ្ទះ ពោះវាធំណាស់ ម៉ែថាវាមានកូនហើយ។ ខ្ញុំខឹងវាណាស់ តែក៏ចង់ឃើញកូនវាដែរ។ ថ្ងៃពុធ ម៉ោង២រសៀល តឹងតឹង ឆ្លេរឆ្លា រត់ទៅ រត់មក ទៅលើចុះក្រោម ម៉ែថាវារកកន្លែងកើតកូនហើយ។
មួយម៉ោងក្រោយមក តឹងតឹង កើតបានកូន 2 មានមាត់មួយ ភ្នែកពីរ ច្រមុះមួយ ដូចម៉ែវាដែរ តែមិនមានសម្បុរស ដូចលោកគ្រូទៀតទេ សម្បុរវាកាត់ទៅមីងជិតផ្ទះ គឺពណ៌សូកូឡា មួយទៀតពណ៌ខ្មៅៗដូចប្រធានថ្នាក់។ តាំងពីវាមានកូនហើយ វាដេកហើមស្ពីងៗ ពេលកូនវាធំ វាក៏ដើរចោលកូនទៅរកប្រុសឈ្មោល ជាឆ្មាមានសម្បុរបីពណ៌។
#តែងសេចក្ដីលើកនោះ ខ្ញុំបានតែ 2ពិន្ទុប៉ុណ្ណោះ😥
_________________________________


