ខ្ញុំលើកដៃបម្រុងទះនាងដែលកំពុងឈរ និង ប្រើខ្សែភ្នែកយ៉ាងមានជ័យជម្នះ សម្លឹងមកខ្ញុំ។
_កុំប៉ះមនុស្សរបស់បង! ត្រឹមមិនប៉ុន្មានពាក្យនេះ ត្រឹមសំឡេងស្មើចែសមួយនេះ បានវាយប្រហារបេះដូងនេះឱ្យខ្ទេចស្រេចហើយ។ ខ្ទេចខ្ទាំរហូតដៃគ្មានកម្លាំង។ ខ្ញុំទម្លាក់ដៃចុះវិញសន្សឹមៗ ស្របពេលទឹកភ្នែកស្រក់មកដំណាលគ្នា ព្រោះឆ្អែតនឹងពាក្យថា (កុំប៉ះមនុស្សរបស់បង)។ ចុះខ្ញុំ?ដែលនៅចំពោះមុខគេជាស្អីទៅវិញ?
ខ្ញុំសម្លឹងគេ ខ្ញុំចង់ឱ្យគេបកស្រាយ ចង់ឱ្យគមានលេស ចង់ឱ្យគេកុហក ដើម្បីការពារទឹកចិត្តប្រពន្ធម្នាក់នេះ? តែនេះអត់ទេ! គេគ្មានលេសដោះសារអ្វីទាំងអស់។ នៅចំពោះមុខនារីម្នាក់ដែលហ៊ានពលីដើម្បីគេសូម្បីជីវិតក៏ហ៊ានបង់! តែហេតុអ្វីពេលនេះយើងចំពោះគេ ដូចមិនត្រូវជាអ្វីនឹងគ្នា? សមទេ? ចុះកន្លងមកជាអ្វីទៅ?
តែខ្ញុំមិនសួរទេថា( ចុះអូន?) ព្រោះគេដូចជាមិនចង់ឮប៉ុន្មាន? ណាមួយ ខ្ញុំខ្លួនឯងក៏លែងមានជំនឿនឹងហាស្ដីពាក្យអស់នេះចេញទៅ ទីមួយព្រោះមិនចង់យកខ្លួនឯងទៅប្រៀបនឹងស្រីម្នាក់នោះ។ ទីពីរខ្ញុំខ្លាចចំលើយរបស់ស្វាមីខ្លួនឯង...
ខ្ញុំបោះជំហ៊ានចាកចេញ ក្នុងនាមជាអ្នកចាញ់ប្រៀប។
ចេញក្រៅបន្ទប់សណ្ឋាគារ ក៏គ្មានវត្តមានគេមកតាម វាបានន័យថា រវាងយើងគឺចប់ហើយមែនអត់? ប្រាថ្នា?
ខ្ញុំបើកឡានចាកចេញទាំងទ្រូងស្ទះណែន! ខ្ញុំហត់នឿយចំពោះរូបភាពដែលខ្ញុំបានឃើញមុននេះ។
តាំងពីថ្ងៃនោះមក គេមិនមកផ្ទះទេ មិនសូម្បីខល រកខ្ញុំ និងកូន។ 2សប្ដាហ៍កន្លងទៅ ខ្ញុំចាំបាច់ត្រូវធ្វើការសម្រេចចិត្តដ៏តឹងតែងមួយ។
_ទិវា! បើម៉ាក់ចង់លែងលះនឹងប៉ា កូនគិតយ៉ាងម៉េច?
ទិវា សម្លឹងខ្ញុំដោយខ្សែភ្នែកស្ងប់ស្ងួត...
_ម៉ាក់សូមទោស ទិវា! ខ្ញុំពោលសូមទោសកូន ដោយអារម្មណ៍ឈឺៗ មិនទាន់បានរសាយចេញ។
_ហេតុអីអ្នកសូមទោសខ្ញុំ ត្រូវជាម៉ាក់ទៅវិញ? ពាក្យនេះប៉ាគួរតែជាអ្នកនិយាយទើបត្រូវ។ ព្រោះគាត់ជាអ្នកបំផ្លាញគ្រួសារនេះ។ បើប៉ានៅស្រលាញ់ម៉ាក់ គ្មានមនុស្សស្រីឯណានៅលើលោកនេះ អាចយកឈ្នះម៉ាក់បានឡើយ។
ទិវាឱបខ្ញុំ ហើយនិយាយបន្ដមករដឹក៖
_ម៉ាក់មិនខុសទេ! ម៉ាក់ធ្វើបានល្អក្នុងនាមជាម្ដាយ និង ជាភរិយាដ៏ល្អម្នាក់។ ម៉ាក់តែងប្រាប់ថា នៅកន្លែងណាដែលធ្វើឱ្យបេះដូងកូនញញឹម ។ ពេលនេះកូនចង់ប្រាប់ម៉ាក់ថា សូមនៅកន្លែងណា ដែលធ្វើឱ្យបេះដូងម៉ាក់ញញឹមបានដូចគ្នា។ កុំបារម្ភពីកូន កូនអាយុ16ឆ្នាំហើយ...ហើយមិនមែនមានតែកូនទេដែលគ្មានប៉ា ម៉ាក់ក៏គ្មានគាត់ដែរ តទៅ ម៉ាក់មិនបាច់ទ្រាំដើម្បីតែខ្ញុំទៀតទេ។
ខ្ញុំពិតជាអរគុណ ចំពោះទឹកចិត្តនៃកូនប្រុសម្នាក់នេះជាពន់ពេក។
សំឡេងទូរសព្ទរោទ៍មក ខ្ញុំចុចទទួលដោយស្ងប់ចិត្ត៖
_នេះ...អូនហ៊ានប្ដឹងលែងលះបង? ហេតុអីអូនហ៊ាន? អូនគិតតែខ្លួនឯង ចុះកូន? មិនខ្វល់ពីអារម្មណគេទេ? នេះរឿងរវាងយើង ហេតុអីអូសកូនមកពាក់ព័ន្ធ?
ទំនងដូចគេចង់ថា រឿងរវាងយើង ឱ្យឈឺតែខ្ញុំម្នាក់បានហើយ ហេតុអីលែងលះ ឱ្យពិបាកដល់កូន។
ពេលឮឃ្លានេះ ខ្ញុំយល់បានថា ព្រោះខ្ញុំជាមនុស្សបែបនេះ ព្រោះខ្ញុំតែងគិតពីអ្នកដទៃជាងខ្លួនឯង ទើបគេយកចំណុចខ្សោយនេះមកគម្រាមខ្ញុំ។ ការនេះវាធ្វើឱ្យខ្ញុំយល់ថា ខ្ញុំស្រលាញ់ខុសមនុស្ស គិតបារម្ភ និង លះបង់ខុសមនុស្សពិតមែន។ ខ្ញុំតបមួយៗទៅកាន់គេ៖
_ហេតុអីខ្ញុំមិនហ៊ានលែងលះនឹងមនុស្សដែលក្បត់ផិតខ្ញុំ?ចុះបង? មានខ្វល់ពីអារម្មណ៍គេទេ? បើបងបារម្ភយ៉ាងនេះ ហេតុអីបងធ្វើរឿងអុីចឹងបាន? បងប្រហែលគិតថា ដើម្បីបានរៀបការនឹងបង ខ្ញុំសុខចិត្តស្លាប់ចំពោះមុខគ្រួសារទាំងមូល ទើបបងគិតថា បងចង់ធ្វើអ្វីក៏បាន មែនអត់? តែទោះខ្ញុំស្រលាញ់បងយ៉ាងណា? ក៏មិនឈ្នះ ភាពឈឺចាប់ដែលបងតែងផ្ដល់ឱ្យ រួមទៅដល់ការប្រមាថអូន ចំពោះមុខមនុស្សស្រីរបស់ដែរ។
យើងលែងលះទៅ! បងក៏មានសេរីភាព បងអាចរស់នៅជាមួយមនុស្សស្រីដែលបងស្រលាញ់យ៉ាងពេញមុខ ពេញមាត់ក្នុងសង្គម។
_កុំព្រោះតែកំហឹងមួយឆាវ លែងគិត លែងខ្វល់កិត្តិយស និង ផ្លូវចិត្តកូន។ យើងនិយាយគ្នាទៅ បងចង់ជួបអូន។
_ចុះអូនដែលថាមិនចង់ជួបបងទេ? បងដែលមកផ្ទះទេ?
_okបងនឹងទៅ...យើងនិយាយគ្នាឱ្យស្រួល!
ថាចប់គេចុចបិទ ដោយសព្ទសំឡេង បែបនៅតែមិនជឿថា ខ្ញុំហ៊ានប្ដឹងលែងលះគេ។ ប្រហែលគេនៅតែគិតថា មិនថាគេខុសម្ដេចម្ដារ ក៏ខ្ញុំនៅតែនៅទីនោះ ចាំលើកទោសឱ្យគេ។
_បងនឹងបែកពីនាង បើអូនចង់បាន!
_មិនបាច់ទៅពិបាកដល់ម្លឹងទេ ប្រាថ្នា! (នេះជាលើកទីមួយដែលខ្ញុំហៅចំឈ្មោះរបស់គេ។) ខ្ញុំមិនចង់ឱ្យបងបែកពីមនុស្សរបស់បង ដើម្បីតែខ្ញុំទេ។ បើខ្ញុំចង់ឱ្យបងបែកពីនាង ខ្ញុំអាចធ្វើបាន ដោយគ្រាន់តែយកលុយមួយចំនួនធំទៅឱ្យនាង។នាងក៏នឹងដើរចេញពីជីវិតបងបានហើយ ឱ្យតែលុយគ្រប់។ មនុស្សចូលក្បែរបងដើម្បីតែលុយ អូនអាចយកលុយទៅទិញបងពីគេមកវិញបាន។ បើអូននៅស្រលាញ់បង និង នៅចង់បានបងមកវិញ។ តែនេះ អូនលែងមានអារម្មណ៍អ្វីទាំងអស់ គ្រប់យ៉ាងគឺសាបឈឹងណា៎ ប្រាថ្នា! អូនលែងលះនឹងបងហើយ...
ថាចប់ខ្ញុំក្រោកចាកចោលបុរសដែលខ្ញុំតែងគោរព និង ឱ្យតម្លៃជាងខ្លួនឯងរហូតមក។
_បងមិនលែង! ទិវា...ទិវា!
គេរត់ឡើងទៅជាន់ខាងលើ សំដៅបន្ទប់របស់កូនប្រុសខ្ញុំ គេរុញទ្វារចូលទៅ៖
_ទិវា! ម៉ាក់ឯងចង់លែងលះប៉ា! ឯងថាយ៉ាងម៉េច?
គេដូចជាចង់បានការគាំទ្រមួយពីកូនប្រុស...
_ខ្ញុំអ្នកឱ្យម៉ាក់លែងលះជាមួយប៉ា! ខ្ញុំគ្មានយោបល់ទៀតទេ។ ថារួចទិវា ងាកទៅធ្វើការងារសាលាបន្ដ!
_អាកូនចោលម្សៀត!
សំណុំឯកសារមួយសំណុំ ត្រូវបានទម្លាក់នៅមុខប៉ារបស់គេ ព្រមជាមួយសព្ទសំឡេងស្មើ និង ធម្មតា៖
_បើខ្ញុំចោលម្សៀតដូចប៉ាថា រូបអស់នេះ ម៉ាក់ឃើញយូរហើយ។
វាជាសំណុំរូបថត គេជាមួយមនុស្សស្រីដែលគេអះអាងថា ជាមនុស្សរបស់គេ។ គេមើលហើយ រកពាក្យឆ្លើយនឹងកូនមិនបាន ក៏រលះរលាំងចាកចេញទៅ។
_បើប៉ា នៅមានភាពជាឱពុក សុីញ៉េលែងលះឱ្យម៉ាក់ខ្ញុំទៅ។ ទិវា ស្ដីថា ពីក្រោយខ្នងប៉ារបស់គេ។
ទីបំផុតយើងក៏លែងលះ!
_ខ្ញុំនឹងធ្វើជាកូនដ៏ល្អរបស់ម៉ាក់ និង ធំឡើងដោយល្អ! ខ្ញុំមានម៉ាក់ម្នាក់គឺគ្រប់គ្រាន់ហើយ។
តើនៅលើលោកនេះ តើមានអ្វីអាចស្ថិតនៅជាអមតៈ? មានអ្វីខ្លះដែលថាមិនប្រែប្រួល? សូម្បីមនុស្សដែលយើងមានបង់ទាំងជីវិតដើម្បីតែគេ គេនៅផ្លាស់ប្រែបាន? ស្រលាញ់បែបណា? ទើបមិនក្បត់គ្នា? ស្រលាញ់បែបណា? បែបណាទើបហៅថាស្មោះត្រង់?
_______________________________



