អេឡុន ម៉ាស​ (Elon Musk)នឹងដកការ Banលើគណនីដូណាល់ ត្រាំ(Donald Trump) នៅពេលកិច្ចព្រមព្រៀងទិញTwitterទទួលជោគជ័យ

D
dracula

មហាសេដ្ឋីរបស់ពិភពលោក បានយល់ព្រមលើការដេញថ្លៃទិញ Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ ត្រូវនឹងជាង ៣៤ពាន់លានផោន កាលពីខែមុន។ ប៉ុន្តែ​លោក​បាន​និយាយ​ថា កិច្ច​ព្រម​ព្រៀងនេះមិនទាន់បានបញ្ចប់ទេ ហើយវាអាចប្រើ​រយៈ​ពេល​ពីរ​ទៅ​បី​ខែខាងមុខ។

លោក ម៉ាស បានប្រាប់កាសែត Financial Times  ថាការសម្រេចចិត្តរបស់ Twitter ក្នុងការហាមឃាត់អតីតប្រធានាធិបតីអាម៉េរិកគឺ ខុសសីលធម៌ និងធ្វើឡើងដោយភាពល្ងង់ខ្លៅ។

គួរបញ្ជាក់ថា នៅខែមករាឆ្នាំ ២០២១ Twitter បាននិយាយថាគណនីរបស់លោក ត្រាំ ត្រូវបានផ្អាកជាអចិន្ត្រៃយ៍ ដោយសារតែហានិភ័យនៃការញុះញង់ឱ្យមានអំពើហិង្សាបន្ថែមទៀត ក្រោយពីលោកបានហៅអ្នកវាយប្រហារវិមាន កាពីតូល ​របស់​សហរដ្ឋ​អាម៉េរិក​ថា​ជា «អ្នក​ស្នេហា​ជាតិ»។

ប៉ុន្តែម្ចាស់ក្រុមហ៊ុន តេស្លា បាននិយាយថា៖ «ខ្ញុំនឹងលុបចោលការហាមឃាត់ជាអចិន្ត្រៃយ៍ ប៉ុន្តែខ្ញុំមិនទាន់ជាម្ចាស់ Twitter នៅឡើយទេ ដូច្នេះនេះមិនមែនជារឿងដែលប្រាកដថានឹងកើតឡើងនោះទេ»។

លោកបានលើកឡើងថា ការហាមប្រាមនេះ មិនបានធ្វើឱ្យលោក ត្រាំ​ ស្ងាត់ស្ងៀមនោះទេ ប៉ុន្តែវាធ្វើឱ្យលោកផ្លាស់ប្ដូរទៅកាន់គេហទំព័រ Truth Social ផ្ទាល់របស់លោក ដែលបានពង្រីកមតិរបស់លោកកាន់តែខ្លាំង។

យ៉ាងណាមិញ លោក ម៉ាស បានចង្អុលបង្ហាញថាលោក ត្រាំ ធ្លាប់បានអះអាងថានឹងមិនត្រលប់មករក Twitter វិញទេ បើទោះបីជាគណនីរបស់លោកត្រូវបានស្តារឡើងវិញក៏ដោយ៕

Comments