ការដំអក់ពេលវេលា (Procrastination) មិនមែនដោយសារភាពខ្ចិលនោះទេ ប៉ុន្តែផ្តើមដោយបញ្ហាផ្លូវចិត្ត ផ្លូវអារម្មណ៏ និងទំលាប់មួយចំនួនដែលមិនអាចគ្រប់គ្រងខ្លួនឯងបាន។ នៅក្នុងនោះមានចំនុចធំមួយគឺ “ខ្លាច”។ ការខ្លាចនេះមិនសម្តែងចេញជារូបរាងធំដុំទេ តែក្នុងចិត្តគឺមិនជ្រះស្រលះ ក្នុងការចាប់ផ្តើម។
ខ្លាចនេះគឺសំដៅទៅលើ ការខ្លាចធ្វើមិនបាន ខ្លាចធ្វើមិនល្អ ខ្លាចធ្វើមិនឈ្នះគេ ខ្លាចគេថាយ៉ាងនេះ ខ្លាចគេថាយ៉ាងនុះ យូទៅក៏តែងតែមានហេតុផល ទំលាប់ ប្រាប់ខ្លួនឯង អោយទៅរៀនធ្វើនេះ ធ្វើនោះមុនសិន ចាំយល់ ចាំចេះ ចាំធ្វើបានល្អ រវល់នេះរវល់នោះសិន។ តែការចាំនេះ ចាំនោះ នុះហើយដែលកំពុងតែពន្យាពេលរបស់យើង បើទោះបីជាដឹងថា មិនគួរដែរ បើទោះបីជាដឹងថាមិនល្អដែរ តែនៅតែចាំនេះ ចាំនោះដដែល។
យូៗទៅ កើតទៅជាការវាយតម្លៃខ្លួនឯង និងហេតុផលគេចវេសផ្សេងៗ ដែលកាន់តែដាក់បន្ទុកទៅផ្លូវចិត្ត ផ្លូវអារម្មណ៏បន្ថែមទៀត! លើសពីនោះគឺការងារកាន់តែច្រើនទៅៗ ដែលកាន់តែដាក់បន្ទុកលើការសម្រេចការងារ ហើយក៏មិនដឹងគួរចាប់ផ្តើមពីណាទៅណាទៀត! និយាយខ្លីគឺ ច្រើនពេក “វល់” ហើយ “គាំង” មិនដឹងធ្វើអីទុកអី! ហើយអ្វីដែលគួរអោយព្រួយបារម្មណ៏នុះគឺ Procrastination នេះក៏ជារោគសញ្ញាដែលតែងតែបង្ហាញឡើងចំពោះអ្នកដែលមានបញ្ហា Depression ផងដែរ។ធ្វើម៉េចដើម្បីកាត់បន្ថយការដំអក់ ឬ Procrastination នេះ?និយាយស្រួលតែពិបាកអនុវត្តដូចជា:
1. ការកំណត់ពេលវេលាបញ្ចប់ការងារ ហើយត្រូវគោរពតាមគោលការណ៏ខ្លួនឯង។
2. អនុវត្តភ្លាមៗ នូវការងារដែលមាន កុំទាន់ខ្លាចរឿងធ្វើមិនបាន ឬមិនបានល្អ ត្រូវចាប់ផ្តើមធ្វើ បើមិនទាន់បានល្អ ត្រូវរៀនពីកំហុសនោះ។
3. ភ្ជាប់ការងារជាមួយផ្នែកផ្សេង ដើម្បីអោយគេជួយតាមដាន (Follow up)។ ជាកត្តាជំរុញយើង ព្រោះជាការងារដែលបានសន្យា និងទាក់ទងជាមយយការងារគេផ្សេង។
4. បើមានអារម្មណ៏ថាធុញ និងការងារដែលធំ និងត្រូវការពេលយូ ត្រូវដកឃ្លាបន្តិច តែត្រូវកត់ត្រាចំណាំ និងកំណត់ពេលវេលាបញ្ចប់ ហើយធ្វើការងារតូចផ្សេងទៀត ដែលមិនទាមទាពេលវេលាច្រើន ហើយយើងអាចសម្រាច់វាបានល្អ ជាការលើកកំលាំងចិត្ត ខ្លួនឯងសិន។
5. បើដល់ចំនុចនេះគឺល្អប្រសើរណាស់ ហើយនឹងអាចជៀសបាននូវការដំអក់ផ្សេងៗទៀតផងដែរ គឺប្រើប្រាស់ការបែងចែកការងារ តាមការចំបាច់ និង តាមការកំណត់ (មានដូចជា ការងារសំខាន់និងបន្ទាន់ / ការងារចាំបាច់តែមិនបន្ទាន់ / ការងារមិនសូវចាំបាច់តែបន្ទាន់ / ការងារមិនសូវចាំបាច់ និងមិនបន្ទាន់)។
សាកល្បងមើល! ហើយមានយោបល់យ៉ាងណាដែរ?
ជួយបញ្ចេញមតិផងបើមានបទពិសោធន៏ពីចំនុចនេះ!!!

