រឿង4 យ៉ាងដែលខ្ញុំបានរៀនពីការសន្សំលុយ

D
dracula
ខ្ញុំធ្លាប់គិតថា គ្រាន់តែសន្សំ តើមានស្អីទៅពិបាក? តែពេលអនុវត្តមែនទែនទៅ ជឿអត់ ថាវាពិបាកជាងការដែល​យើងគិត ហើយនេះជាមេរៀនបួនដែល​ខ្ញុំរៀនបានពីបទសោធន៍សន្សំប្រាក់ និងចង់ចែករំលែកជាមួយមិត្តៗអ្នកអាន​ 
 
#ទីមួយ “សន្សំប្រាក់ត្រូវការការតាំងចិត្តខ្ពស់” ដោយខ្ញុំអាចនិយាយបានថា ការតាំងចិត្តល្មមៗ សន្សំគ្មានថ្ងៃទៅមុខទេ ជឿទៅ ដែល​ជាក់ស្ដែងវាកើតលើរូបខ្ញុំជាឧទាហរណ៍ស្រាប់។ ការតាំងចិត្តដែល​គ្រាន់តែគិត ឬនិយាយ វាប្រៀបបីបានដូចជាការតាំងចិត្តខ្យល់ ដូច្នេះអ្វីដែល​យើងអាចធ្វើបានគឺ ការអនុវត្តន៍ពិតៗ។
 
#ទីពីរ “សន្សំថ្ងៃនេះ កុំចាំស្អែក”! កាលនៅរៀនគិតថា ឥឡូវនៅចាយប្រាក់ដែល​ប៉ាមា៉ក់ឲ្យអ៊ីចឹង សន្សំមិនកើតទេ ចាំពេលមានការងារធ្វើខ្លួនឯង សឹមចាប់ផ្ដើមសន្សំ។ តែដល់ពេលបានប្រាក់ខែ ស្រាប់តែគិតថា ខែនេះទើបខែដំបូង ចាំខែក្រោយចាំសន្សំ ហើយវាក៏ចាំៗរាល់ខែ រហូតដល់ខ្ញុំដេកគិតវិញថា ចុះបើសន្សំតាំងពីនៅរៀន? ថ្ងៃនេះ ខ្ញុំមានលុយសន្សំប៉ុន្មានហើយ? សំណួរនេះ ខ្ញុំចង់ឲ្យអ្នកសួរខ្លួនឯងដូចគ្នា។
 
#ទីបី “ចំណូលតិចពិបាកសន្សំ”។ ជឿជាក់ថារឿងនេះមិនបានកើតឡើងលើតែរូបខ្ញុំទេ វាកើតចំពោះមនុស្សសឹងតែគ្រប់គ្នាហ្នឹង ដកតែអ្នកមានលុយស្រាប់ចេញ។ ការដែលចំណូលតិចមធ្យមទេ ងំបើកប្រាក់ខែមកត្រូវបែងចែកច្រើនច្រក ទុកចាយខ្លួនឯងផង ឲ្យអ្នកផ្ទះផង ម្ល៉ោះហើយបើសិនអ្នកណាថាចំណូលតិចពិបាកសន្សំ ខ្ញុំយល់ពីអារម្មណ៍នេះច្បាស់។
 
#ទីបួន “មធ្យោបាយសន្សំខ្លះធ្វើឲ្យសន្សំខាត”។ ឧទាហរណ៍ដូចជា សន្សំទុកក្រោមខ្នោយ ទុកក្នុងកូនជ្រូក គឺសុទ្ធតែធ្វើឲ្យយើងខាត ដែល​ខាតនោះគឺសំដៅដល់ការខាតតម្លៃរបស់លុយ។ ១០០ រៀល កាលមុន ទិញស្ករគ្រាប់បាន ២ គ្រាប់យ៉ាងតិច ហើយចុះឥឡូវ ទិញស្អីបានខ្លះ?​ ហ្នឹងហើយជាហេតុដែលខាងធនាគារគេបង្កើតឲ្យមានគណនីសន្សំដែល​មានការប្រាក់ គឺទុកប្រឆាំងនឹងការខាតបង់អតិផរណានេះ។

Comments