តើទំនៀមទម្លាប់ បាយបិណ្ឌ ជាទំនៀមទម្លាប់ខ្មែរផ្ដាច់មុខ ដូចគេអះអាងមែនឬទេ?
«បិណ្ឌ គឺជា ដុំបាយ លាយនឹងខ្លាញ់ និង ល្ងខ្មៅ ជូនដល់ញាតិការ អំឡុងពិធីបុណ្យនៃសាសនាហិណ្ឌូ (អន្តយេស្តិ?) និង ឧទ្ទិសដល់បុព្វការីជន (ស្រាទ្ធ)។ យោងទៅតាមប្រពៃណីក្នុងគ្រុឌបុរាណ ការជូនបិណ្ឌ ដល់ព្រលឹងដែលទើបតែចែកឋាន ជួយឲ្យជួបជុំ(ភ្ជុំ?)ព្រលឹងនេះ ជាមួយនឹងបុព្វការីជន។»
នេះសមស្របទៅនឹង និយមន័យក្នុងវចនានុក្រមខ្មែរ ដែលឲ្យនិយមន័យ «បិណ្ឌ» ជាដុំបាយដែលពូនមូល ប្រើជាទានក្នុងពិធីកាន់បិណ្ឌ។ រីឯនិយមន័យ «ស្រាទ្ធ» សម្ដៅលើពិធីឧទ្ទិសដល់បុព្វបុរស ដែលបានកើតជាប្រេត ក្នុងព្រហ្មញ្ញសាសនា។
ទំនៀមទម្លាប់បាយបិណ្ឌនៅខ្មែរ គួរតែជាប្រពៃណីដ៏ចាស់មួយ មានកំណើតចេញពីស្រាទ្ធពិធី ក្នុងព្រហ្មញ្ញសាសនា នេះឯង តែតំណាលតយូរលង់មក ដោយប្ដូរមកជាព្រះពុទ្ធសាសនាថេរវាទវិញ ទើបបានប្រហែលជាយើង ភ្លេចនូវប្រភពដើម រហូតមានអ្នកចោតថា ជាទំនៀមទម្លាប់ ខ្មែរបង្កើតខុសគេតែឯង ទៅទៀត។

