ព្រះស្កន្ទ (ភាគទី១)

D
dracula
ព្រះស្កន្ទ (ភាគទី១)
ក្នុងទស្សន:នៃពួកព្រាហ្មណ៍ ព្រះស្កន្ទ គឺជាទេវនៃចម្បាំង និងជាតារានិករប្រចាំភពព្រះអង្គារ៍។
គេអាចហៅព្រះស្កន្ទ ក្នុងព្រះបរមនាមច្រើនយ៉ាងទៅតាមព្រះសកម្មភាពដែលព្រះអង្គបានបំពេញ ទម្រង់នៃការបង្ហាញក្នុងសិល្ប: និងទៅតាមការនិយមក្នុងតំបន់នីមួយៗ។ នៅប្រទេសឥណ្ឌាភាគខាងត្បូង គេនិយមហៅព្រះអង្គថា សុព្រាហ្មណ្យ ។ តំបន់ខ្លះហៅថា កា៌ត្តិកេយ។
ដោយឡែកនៅស្រុកខ្មែរ និយមហៅព្រះនាមព្រះអង្គថា ស្កន្ទ (Skanda) និងនិយមបង្ហាញព្រះអង្គគង់លើសត្វ ក្ងោក ដែលមានឈ្មោះថា បរវាណី (Paravani) ជាយានជំនិះ។
ទាក់ទងទៅនឹងកំណើតរបស់ព្រះស្កន្ទ នៅក្នុងពាលកណ្ឌនៃរឿងរាមកេរ្តិ៍ បានលើកឡើងថា៖ បន្ទាប់ពីបានរៀបអភិសេកជាមួយព្រះនាងឧមារួច ព្រះឥសូរបានរួមមេត្រីជាមួយនាងនៅលើភ្នំកៃលាស់អស់រយ:ពេល១ពាន់ឆ្នាំទេវ ប៉ុន្តែមិនមានបុត្រសោះ។ ព្រះឥសូរបានចោទជាសំណួរទៅកាន់ពួកទេវ និងសាវករបស់ព្រះអង្គថា តើមានរឿងហេតុអ្វីកើតឡើងចំពោះមេជីវិតទាំងអស់នោះ?
ទេវផងទាំងពួងបានទូលព្រះឥសូរថា មានតែព្រះធរណី ព្រះអគ្និ និងព្រះវាយោទេ ទើបទ្រង់ជ្រាបច្បាស់។
ព្រះអគ្និ ក្រោយពីបានទទួលមេជីវិតពីព្រះឥសូរហើយក៏បានប្រមូលទុកបង្កើតទៅជាគំនរភ្នំមួយព៌ណស ដែលក្រោយមកភ្នំនោះបានបង្កើតទៅជាទេវមួយអង្គ ហៅថា កា៌ត្តិកេយ។
រឿងមួយផ្សេងទៀតតំណាលថា ៖ ក្នុងអម្លុងពេលដែលព្រះឥសូរសម្ងំព្រះកាយរួមមេត្រីជាមួយព្រះនាងឧមា ក្រោយរៀបអភិសេក ពួកទេវ បាននាំគ្នាចូលគាល់ព្រះព្រហ្ម ទូលស្នើសុំ សេនាបតី (មេទ័ព) ថ្មីមួយរូបបំពេញភារ:ជំនួសព្រះឥសូរ។
ព្រះព្រហ្មបានតបទៅពួកទេវថា ៖ ដោយសារព្រះនាងឧមា មិនអាចពរផ្ទៃបង្កើតបុត្រថ្វាយព្រះឥសូរបាន ដូច្នោះមានតែចាត់ឲ្យព្រះអគ្និយកមេជីវិតនោះទៅថ្វាយព្រះនាងគង្គាឲ្យពរពោះជំនួសវិញ។ រីឯបុត្រដែលប្រសូត្រចេញមកនោះ គឺជាសេនាបតី ថ្មីរបស់ពួកទេវទាំងពួងនោះហើយ។ ចប់ព្រះយោបល់របស់ព្រះព្រហ្មភ្លាម ពួកទេវបានម្នីម្នាយាងទៅកាន់ភ្នំកៃលាស់ ហើយទូលថ្វាយព្រះអគ្និទៅតាមព្រះយោបល់របស់ព្រះព្រហ្ម។
ព្រះអគ្និ បានយកមេជីវិតទៅថ្វាយព្រះនាងគង្គា តាមការផ្តល់យោបល់ពីព្រះព្រហ្ម ក្រោយមកក៏ប្រសូត្របាន កា៌ត្តិកេយ។
បើងាកមកអានរឿង មហាភារត វិញ មានរឿងតំណាលអំពីកំណើតរបស់ព្រះស្កន្ទ ថា៖ ក្នុងគ្រាមួយដែលព្រះឥន្ទ្រ កំពុងគង់សមាធិបំពេញតបសធ៌ម ព្រះអង្គបានឮព្រះសូរសៀងស្ត្រីម្នាក់បន្លឺឡើងល្វើយៗ ស្រែកឲ្យជួយ និងដង្ហោយ ហៅរកព្រះស្វាមីឲ្យការពារនាង។
ពេលព្រះឥន្ទ្រ ទ្រង់ឆ្មៀងព្រះនេត្រទៅរកប្រភពសម្លេង ព្រះអង្គបានទ្រង់យល់អសុរ កេសិន កំពុងចាប់ធ្វើបាបស្ត្រីម្នាក់នោះ។ ព្រះឥន្ទ្របានកំចាត់អាសុរ កេសិន ដោយអាវុធកាំរន្ទះរបស់ព្រះអង្គ សង្គ្រោះស្ត្រីម្នាក់នោះតាមការស្នើសុំ។ ស្ត្រីនោះបានទូលថ្វាយព្រះឥន្ទ្រថា នាងមានព្រះនាមថា ទេវសេនា ជាបុត្រីរបស់ព្រះព្រហ្ម រីឯព្រះស្វាមីដែលនាងស្រែកសុំឲ្យជួយការពារនាងនោះមានព្រះនាមថា ទេវសេនាបតី ដែលរហូតមកដល់ពេលនេះ នាងមិនទាន់បានជួបនៅឡើយទេ ពោលគឺជាអនាគតស្វាមី។
កាលបើទ្រង់បានទទួលជ្រាបដូច្នោះហើយមិនបង្អង់យូរ ព្រះឥន្ទ្រក៏បាននាំព្រះនាងទៅគាល់ព្រះព្រហ្មជាព្រះបីតា ដើម្បីឲ្យព្រះអង្គស្វែងរក ទេវសេនាបតី ជាស្វាមីដើម្បីការពារព្រះនាង។
ព្រះព្រហ្មបានសន្យានឹងព្រះឥន្ទ្រថា ព្រះអង្គនឹងស្វែងរក ទេវសេនាបី ថ្វាយព្រះបុត្រីឲ្យខានតែបាន។
ក្នុងខណ:ពេលមួយដែលតាបសឥសី វសីស្ថ ព្រមទាំងបក្សពួក កំពុងបំពេញតបសធ៌មនៅក្នុងព្រៃ ព្រះឥន្ទ្រក៏បាននាំពួកទេវមួយចំនួនទៅចូលរួមដែរ។
ស្របពេលនោះដែរ ព្រះអគ្និបានស្តេចយាងច្យុតិចុះពីភពព្រះអាទិត្យ ចូលទៅក្នុងភ្នក់ភ្លើងនៃកិច្ចពិធី ហើយបានណែនាំពួកឥសីម្នាក់ម្តងៗថ្វាយដល់ព្រះឥន្ទ្រឲ្យបានទ្រង់ស្គាល់។ ក្នុងខណ:ណែនាំនោះ ព្រះអគ្និក៏បានឆ្មៀងព្រះនេត្រទៅប្រទះឃើញប្រពន្ធរបស់ពួកឥសីដែលមានសម្រស់ផូរផង់ក៏ញ៉ាំងព្រះទ័យឲ្យរំភើបឡើង។ ប៉ុន្តែព្រះអង្គបានខកព្រះទ័យទៅវិញដោយមិនអាចយកឈ្នះចិត្តប្រពន្ធរបស់ពួកឥសីទាំងនោះបាន។ ព្រះអង្គបានរំកិលព្រះកាយចេញពីកិច្ចពិធីដោយទុកកិច្ចពិធីចោលរួចយាងចូលទៅក្នុងព្រៃ។
និយាយពីនាង ស្វាហា បុត្រី ស្តេចទក្ស ដែលធ្លាប់មានចិត្តប្រតិពទ័្ធមកលើព្រះអគ្និ ហើយត្រូវព្រះអគ្និបដិសេធជាច្រើនលើកច្រើនសារ តាំងពីនៅបឋមវ័យមក ក៏បានទ្រង់យល់សព្វដំណើរ រឿង ដែលព្រះអគ្និបរាជ័យក្នុងការលួងលោមចិត្តប្រពន្ធពួកតាឥសី ឲ្យសព្វព្រះទ័យនឹងទ្រង់បាន។ នាង ស្វាហា ក៏និម្មិតព្រះកាយជាប្រពន្ធរបស់ពួកតាឥសីម្នាក់ម្តងៗទៅសុំសេចក្តីស្នេហាពីព្រះអគ្និ។
ព្រះនាងបាននិម្មិតព្រះកាយលើកតំបូងជា នាង សិវា ប្រពន្ធរបស់ឥសី អង្គិរស ដោយពោលពាក្យទៅកាន់ព្រះអគ្និ ថា៖ អគ្និ ព្រះអង្គគួរតែប្រតិពទ្ធ័លើខ្ញុំម្ចាស់ ត្បិតខ្ញុំម្ចាស់បានមានចិត្តលើព្រះអង្គជាយូរមកហើយ។ ខ្ញុំម្ចាស់គឺជាប្រពន្ធរបស់ឥសី អង្គិរស ។ ប្រសិនបើព្រះអង្គមិនសព្វព្រះទ័យនឹងខ្ញុំម្ចាស់ទេ ខ្ញុំម្ចាស់ស៊ូស្លាប់វិញប្រសើរជាង។
ព្រះអគ្និ កាលបើបានសណ្តាប់ពាក្យពេចន៍ដ៏គួរឲ្យអាណិតរបស់នាង សិវា ទាំងនោះហើយក៏ស្ទុះទៅឱបក្រសោបរាងកាយនាងដោយក្តីប្រតិព័ទ្ធ។
ដោយមិនចង់ឲ្យព្រះអគ្និមានការសង្ស័យ នាងស្វាហា ក៏និម្មិត កាយជាបក្សីគ្រុឌីម្តង ដោយនិម្មិតជាភ្នំមួយដ៏ខ្ពស់ផុសលេចចេញពីក្នុងព្រៃ មានព្រួញជាកំពែងការពារនិងមាននាគក្បាលប្រាំពីរនៅចាំយាមច្រកចេញចូលភ្នំ។ និម្មិតស្រេចកាលណា នាងបានហើរទៅរួមមេត្រីជាមួយព្រះអគ្និ នៅក្នុងល្អាងភ្នំបង្កើតបានជាស៊ុតព៌ណមាសមួយ។
បន្ទាប់មក នាង ស្វាហា ក៏បាននិម្មិតកាយជាប្រពន្ធតាឥសីទៅរួមមេត្រីជាមួយព្រះអគ្និម្នាក់ម្តងៗ។ ប៉ុន្តែនាងមិនអាចនិម្មិតកាយជានាង អរុណធតិ ប្រពន្ធឥសី វសិស្ថ បានទេ ដោយហេតុថា នាង អរុណធតិ និង ឥសី វសិស្ថ ធ្លាប់បានសច្ចាថានឹងស្មោះស្ម័គ្រជាមួយគ្នាមិនក្បត់គ្នាឡើយ។
ជារួម ព្រះអគ្និ បានរួមមេត្រីជាមួយនាងស្វាហា ចំនួន៦ ទម្រង់ផ្សេងគ្នា។ មេជីវិតដែលព្រះអគ្និ ផ្តល់ទៅឲ្យនាងស្វាហាទាំង៦លើកនោះហៅថា ស្កន្ន (Skanna) ម្លោះហើយទើបទារកដែលប្រសូត្រចេញពីព្រះឧទររបស់ព្រះនាងមកមាន សិរសា៦ មានត្រចៀក ភ្នែក ដៃនិងជើង១២ មានក និង ដងខ្លួនតែមួយ ហៅថា ស្កន្ទ (Skanda)។
ព្រះស្កន្ទ ត្រូវចាត់ឲ្យបំពេញតួនាទីជា ទេវសេនាបតី និងត្រូវជាស្វាមីរបស់នាង ទេវសេនា បុត្រីរបស់ព្រះព្រហ្ម។ (នៅមានភាគបន្ត)

Comments