ថ្ងៃទី១០ខែឧសភានេះ រ៉ុក្កែតដឹកជញ្ជូនLong March-7 Y5 បានបញ្ជូនយានអវកាសដឹកទំនិញ Tianzhou-4 ចេញពីទីលានបាញ់បង្ហោះយានអវកាស Wenchang ប្រទេសចិន ហើយយានអវកាសបានបំបែកចេញពីរ៉ុក្កែតដោយជោគជ័យ និងបានចូលទៅគន្លងតារាវិថីតាមការកំណត់ បន្ទាប់មក បន្ទះស្រូបថាមពលសូឡានៃយានអវកាសបានចាប់ដំណើរការដោយរលូន ការបាញ់បង្ហោះលើកនេះទទួលបានជោគជ័យ គ្រប់គ្នាពិតជាសប្បាយចិត្តមែនទែន!
ឥឡូវខ្ញុំសូមចែករំលែកនូវចំណេះដឹងខ្លះពាក់ព័ន្ធនឹងយានអវកាសដឹកទំនិញរបស់ប្រទេសចិនជូនដល់ប្រិយមិត្ត! យានអវកាសដឹកទំនិញ Tianzhou មានប្រវែង ១០.៦ម៉ែត្រ ហើយបន្ទាប់ពីបន្ទះស្រូបថាមពលសូឡាបើកអស់ ទទឹងអាចឡើងដល់ ១៤.៩ ម៉ែត្រ។ យានអវកាសដឹកទំនិញទាំងមូលត្រូវបានចែកជាពីរផ្នែក ៖
ផ្នែកកន្ទុយគឺជាផ្នែកសម្រាប់ជំរុញដែលមានអង្កត់ផ្ចិត ២.៨ ម៉ែត្រ ហើយអង្កត់ផ្ចិតនៃកាប៊ីនទំនិញអាចឡើងដល់ ៣.៣៥ ម៉ែត្រ។ យានអវកាសដឹកទំនិញ Tianzhou មានទម្ងន់ប្រហែល ១៣.៥ តោន ដែលអាចផ្ទុកទំនិញ ៦.៩ តោន ដែលបច្ចុប្បន្នវាជាយានអវកាសដឹកទំនិញមានសមត្ថភាពដឹកទំនិញខ្លាំងជាងគេជុំវិញពិភពលោក។
ក្នុងមហាគ្រួសារយានអវកាស Tianzhou Tianzhou- 2, Tianzhou-3 និង Tianzhou-4 មានរូបរាង និងមុខងារស្រដៀងគ្នា ប៉ុន្តែលក្ខណៈប្រតិបត្តិការរបស់ពួកគេត្រូវបានអភិវឌ្ឍ និងធ្វើឱ្យប្រសើរឥតឈប់ឈរ។ Tianzhou-4 ត្រូវបានកែច្នៃផ្នែកមួយចំនួនបើប្រៀបធៀបនឹង Tianzhou- 2 និងTianzhou-3 ដែលធ្វើឱ្យវាមិនត្រឹមតែមានសមត្ថភាពទទួលបេសកកម្មដឹកទំនិញក្នុងលំហអវកាសប៉ុណ្ណោះទេ ថែមទាំងអាចសហការកាន់តែប្រសើរជាមួយស្ថានីយអវកាសដើម្បីធ្វើប្រតិបត្តិការផ្សេងៗ។

