បាបកម្មទី១. ទ្រព្យសម្បត្តិមហាសាលដោយគ្មានពលកម្ម ( Wealth Without Work )៖ តាមពាក្យខ្មែរតែងដាស់តឿនថា “ចេះមកពីខំរៀន មានមកពីខំរក”។ មនុស្សមួយចំនួនក្លាយទៅជាមហាសេដ្ឋីដោយសារទង្វើកិបកេង ពុករលួយ ឆក់ប្លន់ស្របច្បាប់ និងពុំឱ្យតម្លៃទៅលើការប្រឹងប្រែងទេ។ មហាត្មៈ គន្ធី មិនលើកតម្កើងបុគ្គលមានទ្រព្យសម្បត្តិច្រើន ដែលបានមកមិនដោយសមត្ថភាព និងកម្លាំងញើសឈាមខ្លួនផ្ទាល់។
បាបកម្មទី២. សប្បាយដាច់បង្ហៀរដោយគ្មានសម្បជ្ជញ្ញៈ ( Pleasure Without Conscience)៖ សុភាសិតចិនពោលទុកថា “ពេលក្រ កុំអស់សង្ឃឹម ពេលមានកុំភ្លេចខ្លួន”។ មនុស្សខ្លះចូលចិត្តភាពសប្បាយរីករាយ ខ្ជិលរៀបចំអនាគត ភ្លេចរៀនពីអតីតកាល ព្រោះទទួលបានសុខដុមមួយភ្លែត បែរជាយល់ថាសុខមួយជីវិត។ ជីវិតប្រែប្រួលមិនទៀងទាត់ ជួនទុក្ខ ជួនរីករាយ តែក្តីប្រាថ្នារបស់មនុស្សជាតិ គឺចង់បានសប្បាយ ច្រើនជាងក្តីព្រួយសង្រេង ហើយដើម្បីបានក្តីសុខ គឺត្រូវភ្ញាក់រឭកលឿន ភ្ងាក់រឭកទាន់ ឆាប់ដឹងខ្លួន ឆាប់ក្រោកពីភាពវង្វេង។
*[១]បាបកម្មទី៣. វិទ្យាសាស្ត្រដោយគ្មានគិតដល់មនុស្សជាតិ ( Science Without Humanity)៖ ការរីកចម្រើននៃបច្ចេកវិទ្យាជួយទ្រទ្រង់ជីវិតមនុស្សជាតិ។ ប៉ុន្តែវាក៏បានបំផ្លាញសេចក្តីសុខសាន្តរបស់ពិភពលោកដូចគ្នាដែរ។ សង្គ្រាមលោកទាំងពីរលើក ឥទ្ធិពលសង្គ្រាមត្រជាក់ សង្គ្រាមកូរ៉េ សង្គ្រាមវៀតណាម។ល។ បានបន្សល់ទុកប្រជាជនរងគ្រោះស្លូតត្រង់ គ្រោះទុរភិក្ស ស្ត្រីមេម៉ាយ និងក្មេងកំព្រាជាច្រើនលាននាក់។ ការកកើតឡើងនៃអាវុធនុយក្លេអ៊ែ ការកកើតឡើងនៃគ្រាប់បែកអាតូមមិក សុទ្ធតែជាការគំរាមកំហែងដល់សន្តិភាពពិភពលោកទាំងមូល ដោយសារតែមហិច្ឆតានៃប្រទេសមហាអំណាច។ នៅលើលោកយើងនេះ គ្មានទេសន្តិភាពអាក្រក់ ហើយក៏គ្មានសង្គ្រាមល្អដែរ។
បាបកម្មទី៤. សេដ្ឋកិច្ចដោយគ្មានសីលធម៌ ( Economic or Business Without Morality)៖ នៅក្នុងសៀវភៅ “សម្បត្តិប្រជាជាតិ ឬ The Wealth of Nation” របស់សេដ្ឋវិទូ អាដាម ស្ម៊ីត (Adam Smith) បានពន្យល់ពីគោលការណ៍គ្រឹះលើប្រព័ន្ធសេដ្ឋកិច្ចថា “ត្រូវធ្វើការជួញដូរប្រកបដោយតម្លាភាព មិនកេងចំណេញប្រយោជន៍សួនតួ តែត្រូវមានស្មារតីសុចរិតធម៌”។ បានន័យថា ត្រូវគិតឈ្នះ-ឈ្នះលើគ្រប់ភាគីដោយមិនប្រើមធ្យោបាយអសីលធម៌ណាមួយលើកិច្ចការងារជំនួញ ដើម្បីកើបយកប្រយោជន៍ពីដៃគូពាណិជ្ជកម្ម ឬបោកប្រាស់អតិថិជន។
បាបកម្មទី៥. ចំណេះដឹងដោយគ្មានជ្រាបជាចរិត (Knowledge Without Character)៖ កំណើតមនុស្សគឺទទេស្អាត មិនល្ងង់មិនឆ្លាត ប៉ុន្តែចាំបាច់ត្រូវការការអប់រំត្រឹមត្រូវមួយ ហើយគោលបំណងនៃការអប់រំ គឺដើម្បីយកចំណេះដឹងលុបលើភាពអវិជ្ជា។ ទស្សនវិទូខ្លះយល់ឃើញថា “ធម្មជាតិមនុស្ស ប្រៀបដូចឆ្កែចចកឯងចំពោះគ្នាឯង”។ តម្លៃនៃការអប់រំឡើងថ្លៃបំផុត ហើយភាពអវិជ្ជាចុះថោកបំផុត។ បុគ្គលមានការអប់រំខ្ពស់ ប៉ុន្តែមានឥរិយាបថថោកទាប នោះគេចាត់ទុកជាមនុស្សថោកទាប។ ផ្ទុយទៅវិញ មនុស្សមានការអប់រំទាប ប៉ុន្តែមានឥរិយាបថថ្លៃថ្នូរ ចេះជួយ ចេះសង្គ្រោះ យល់ខុស ដឹងត្រូវ នោះគេចាត់ទុកថាជាមនុស្សថ្លៃថ្នូរ។ តើមានភាពខុសគ្នាត្រង់ណារវាងបុគ្គលដែលមានការអប់រំខ្ពស់ តែមិនបានប្រព្រឹត្តិទង្វើល្អ និងបុគ្គលមិនចេះអក្សរ តែសាងប្រយោជន៍ដល់សង្គមខ្លួន?
*[២]បាបកម្មទី៦. សាសនាដោយគ្មានពលិកម្ម ( Religion Without Sacrifice )៖ គន្ធី គោរពសាសនាហិណ្ឌូ យេស៊ូគ្រីស្ទ ព្រះពុទ្ធ ឥស្លាម ជ្វីព លទ្ធិតៅ ព្រមទាំងលទ្ធិខុងជឺ ពីព្រោះគាត់យល់ថា “សាសនាគ្រាន់តែជាថ្នាលដែលមានដងផ្លូវផ្សេងគ្នា ប៉ុន្តែតម្រង់ឆ្ពោះទៅកាន់គោលដៅតែមួយជាមួយគ្នា”។ ផ្ទុយទៅវិញ សេរីភាពខាងជំនឿបានបណ្តាលឱ្យចិត្តសាសនិកខ្លះ មានសេចក្តីរើសអើងលើមនុស្សមិនមានជំនឿរួម ឬជំនឿដូចខ្លួន។ អាប្រាហាម លីនខុលន៍ ( Abraham Lincoln ) បានពោលថា “ខ្ញុំតែងមានអារម្មណ៍ល្អ ពេលខ្ញុំបានប្រព្រឹត្តទង្វើល្អ ប៉ុន្តែខ្ញុំបែរជាមានអារម្មណ៍អាក្រក់ ពេលខ្ញុំប្រព្រឹត្តទង្វើអាក្រក់។ នោះហើយជាសាសនារបស់ខ្ញុំ”។
បាបកម្មទី៧. នយោបាយដោយគ្មានគោលការណ៍មូលដ្ឋាន ( Politics Without Principle)៖ អ្នកនយោបាយខ្លះ ប្រើទឹកប្រាក់ទិញសន្លឹកឆ្នោត ទិញការគាំទ្រ រក្សាអំណាច និងក្តាប់អំណាចក្នុងដៃ។ អ្នកនយោបាយមិនមានភាពប្រាកដប្រជា តែងផ្លាស់ប្តូរគោលការណ៍ ដើម្បីឋានៈ បុណ្យស័ក្តិ លុយកាក់ និងកិត្តិយសខ្លួន។ ប៉ុន្តែអ្នកនយោបាយប្រកបដោយគោលការណ៍ សុខចិត្តរក្សាជំហរ សុខចិត្តក្រខ្លួន ផ្លាស់ប្តូរឋានៈ បោះបង់អំណាច ឱ្យតែរាស្ត្រមានបាន ឱ្យតែបានបម្រើប្រជាជន ដោយមិនក្បត់មនសិការខ្លួនឯង និងមិនក្បត់ឆន្ទៈមហាជន ដើម្បីតែលាភសក្ការៈ។
*[១]មើលសង្គមពិភពលោកបច្ចុប្បន្ន សាសនាឆ្ងាយពីមនុស្ស មនុស្សបាត់បង់សីលធម៌អស់ គ្មានខ្វល់ត្រូវខុស ខ្វល់តែពីសម្បករូបកាយ ខ្វល់តែពីលោកសម្ភារៈហួសប្រមាណ។ មកដល់ពេលនេះ ខ្ញុំមិនធ្លាប់ឭអ្នកសាសនានិយាយថា “គ្រប់សាសនសាសុទ្ធតែល្អរៀងៗខ្លួនសោះ ហើយបានឭត្រឹមតែសង្គ្រាមពាក្យសម្តី វាយប្រហារគ្នា រើសអើងគ្នា និងមើលងាយគ្នា”។ គោលដៅចុងក្រោយនៃគ្រប់សាសនា គឺ ទី១ ការបង្រៀន ឱវាទ (បរិយត្តិ), ទី២ ការបដិបត្តិ អនុវត្ត (បដិបត្តិ), និងទី៣ គឺរួចរដោះដល់គោលដៅ (បដិវេធ)។
*[២]ចំពោះបញ្ហាវិទ្យាសាស្រ្ត មានផលល្អច្រើនរាប់មិនអស់ចំពោះមនុស្សជាតិ តែបញ្ហានៃអាវុធប្រល័យលោកតែមួយ វានឹងបំផ្លាញគ្រប់យ៉ាងលើផែនដី។ នេះឯងជាវិទ្យាសាស្រ្តដែលមិនគិតពីមនុស្សជាតិ។ មនុស្សជាតិប្រឹងវាតទីទៅដល់ឋានព្រះចន្ទដើម្បីបង្កើតជម្រកថ្មី។ បើបានសិក្សាពីប្រវត្តិដើមនៃសាសនា (Theories of Origin of Religion) ប្រហែលជាយើងអាចមើលឃើញថា “មនុស្សជាតិជាសត្វបំផ្លាញ” ទៅដល់ទីណា បំផ្លាញទីនោះ។

