ធម្មជាតិខ្វះចន្លោះមួយរបស់មនុស្ស គឺខឹងហើយប្រញាប់ប្រញាល់ធ្វើអ្វីមួយដើម្បីតំរូវតាមចិត្តខ្លួនឯង ជំនួសឲ្យការគិតពិចារណា គេវាយប្រហារតាមពាក្យសម្តីខ្លះ តាមកាយវិការខ្លះ រួចហើយគេពិបាកបំភ្លេចបានពីរឿងទាំងអស់នេះណាស់ ! តើទាំងអស់គ្នាបានអ្វីមកវិញខ្លះ ក្រៅតែពីចិត្តបាប និងការព្យាបាទគ្នាទៅវិញទៅមកនោះ ? ។ ការលុបបំបាត់សតិបញ្ញាស្មារតីនេះហើយ តែងផ្តល់នូវផលវិបាកច្រើនជាងផលប្រយោជន៍ ។ ជំនួសឲ្យគុណវិបត្តិដ៏ធំធេងនេះ សតិក្នុងសីល សតិក្នុងសមាធិ សតិក្នុងវិបស្សនា ជួយនាំយកក្តីស្រឡាញ់មកបំពេញផ្នែកខ្វះចន្លោះទាំងនេះបាន ។ សតិក្នុងសីលបានដាស់តឿនយើង កុំឲ្យមានការបង្កពៀរវេរា ការដាច់សីលនាំមកនូវទុគតិគឺអបាយភូមិយ៉ាងពិតប្រាកដ « គេធ្វើអាក្រក់មកលើយើង គឺជាកម្មរបស់គេ យើងប្រតិកម្មចិត្តគឺជាកម្មរបស់យើង » ។

