សារដែលព្រះពុទ្ធបានបញ្ជូនទៅកាន់ពិភពលោកគឺ

G

សារដែលព្រះពុទ្ធបានបញ្ជូនទៅកាន់ពិភពលោកគឺ លើកទឹកចិត្តឲ្យមនុស្សឈ្លាសវៃរួចផុតពីការសង្ស័យ ចេះបន្សុទ្ធគំនិតប្រកបដោយសក្តានុពល មិនមែនគ្រាន់តែបានបញ្ឈប់អំពើអាក្រក់ប៉ុណ្ណោះទេ នៅបានបង្ហាញពីឬសគល់នៃអំពើអាក្រក់និងមូលហេតុនៃការរងទុក្ខវេទនា ពន្យល់ពីវិធីដោះស្រាយឲ្យមានសុភមង្គល ឲ្យមានខ្លួនជាទីពឹង មានសេរីភាពខាងការគិត លោកអប់រំតែពីការពិត គ្មានជំនឿងងឹតងងល់នាំឲ្យវង្វេង ឲ្យស្គាល់អ្វីត្រូវផ្លាស់ប្តូរនិងមិនផ្លាស់ប្តូរ ។ ជាមេរៀនវិទ្យាសាស្ត្រ មានទ្រឹស្តីនិងការអនុវត្តដែលអាចពិសោធបាន ជាកំពូលទស្សនៈវិជ្ជានិងចិត្តវិទ្យា ជាវិទ្យាសាស្ត្រដែលគ្មានការប្រថុយប្រថាន ក្នុងច្បាប់កម្មផលគឺល្អជាងការប្រៀនប្រដៅណាៗទាំងអស់ ដែលអ្នកវិទ្យាសាស្ត្រអាចយកធ្វើជាមេរៀនប្រតិបត្តិតាមបាន ។ បង្រៀនបំបាត់ការភ័យខ្លាច ការស្អប់ខ្ពើម ការបែងចែក ដោយទំលាក់ចុះនូវការមានះប្រកាន់ នាំឲ្យមានការរួបរួមដោយប្រើសេចក្តីស្រឡាញ់ ការអត់ធន់ ការព្យាយាម លះបង់ចោលជ័យជំនះនិងការបរាជ័យ ដើម្បីរួមរស់ក្នុងសុខសន្តិភាពទប់ស្កាត់ការផ្ទុះឡើងនៃសង្គ្រាមបង្ហូរឈាមគ្នា ។ ព្រះពុទ្ធអង្គបានពន្យល់ពីតំលៃសមភាពរវាងភេទ ប្រជាធិបតេយ្យ តុល្យភាពអំណាចសេដ្ឋកិច្ចនិងសង្គម គ្មានការរំលោភផ្នែកនយោបាយ ដាក់ចុះភាពមានះរឹងរូសដើម្បីជជែកគ្នាដោយសន្តិភាព ។ មេរៀនមានបង្ហាញភាពអស្ចារ្យខាងបញ្ញាញាណ បំលែងពីភាពល្ងង់ខ្លៅឲ្យមានបញ្ញា ឲ្យជំនឿសាសនាទាំងអស់ចុះសម្រុងគ្នា (មិនត្រូវគោរពតែជំនឿខ្លួនឯងហើយដាក់ទោសជំនឿអ្នកដទៃ ដើម្បីឲ្យជំនឿខ្លួនឯងលូតលាស់ ត្រូវជួយបំរើជំនឿអ្នកដទៃផងដែរ បើអ្នកបំផ្លាញជំនឿអ្នកដទៃ ឈ្មោះថាអ្នកបានជីកកប់ជំនឿខ្លួនឯង នេះជាបណ្តាំស្តេចអាសោកមហារាជដែលជាពុទ្ធោបដ្ឋាកដ៏ល្បីមួយព្រះអង្គក្រោយពីព្រះពុទ្ធបានបរិនិព្វានទៅប្រមាណជា២០០ឆ្នាំ) ។ សារុបមកព្រះពរដែលព្រះពុទ្ធបានប្រទានចំពោះពិភពលោកគឺជាការ ប្រកាសសេចក្តីសុខសុភមង្គលសកល អ្វីៗគ្រប់យ៉ាងគឺបើកទូលាយ នាំឲ្យមានសុភមង្គលក្នុងជីវិត ។ អ្នកមិនអាចយល់ដឹងពីនិព្វានបានទេ បើអ្នកមិនទាន់យល់ពីតំលៃសន្តិភាពចិត្ត ! ! ! សាធុ ៗ សូមសព្វសត្វបានទទួលសេចក្តីសុខក្រោមម្លប់ព្រះធម៌ មានសម្មាទិដ្ឋិដោយសារធម្មទាននេះផងទៅចុះ ! ។ 

Comments