តើការតាមរកអ្នកដទៃ និងការតាមរកខ្លួនឯង ការតាមរិះគន់អ្នកដទៃ និងការរិះគន់ខ្លួនឯង មួយណាសំខាន់ជាង ?
តាមពិត ជីវិតគឺអាចរកឃើញតែក្នុងពេលបច្ចុប្បន្ននេះប៉ុណ្ណោះ ប៉ុន្តែយើងបែរជាបានគិតតិចតួចពីបច្ចុប្បន្ន ជំនួសមកវិញដោយការប្រដេញតាមរកអតីតកាល ហើយបែរជាដេករង់ចាំអនាគត។យើងចេះតែនិយាយថា យើងតែងតែគិតអំពីខ្លួនឯង ប៉ុន្តែតាមពិតស្ទើរតែទាំងអស់នៃគំនិត គឺយើងមិនដែលបានគិតពីរឿងផ្ទាល់ខ្លួនសោះឡើយ គឺយើងចេះតែតាមគិតពីអ្នកដទៃជានិច្ច។មធ្យោបាយតែមួយគត់ដែលនាំឲ្យជីវិតមានន័យ គឺត្រូវត្រឡប់មករកបច្ចុប្បន្នភាពវិញ ដើម្បីក្លាយខ្លួនជាមនុស្សភ្ញាក់រលឹក ក្នុងការតាមកំចាត់ចិត្តអាក្រក់ ពេលនោះហើយយើងនឹងអាចរកឃើញខ្លួនឯងបានយ៉ាងពិតប្រាកដ ។ កូនៗជាទីស្រឡាញ់ ! ពាក្យសំដីដែលពុកម៉ែបាននិយាយទៅកាន់កូនៗ ទាំងល្អទាំងអាក្រក់ គឺមានបំណងចង់ឲ្យកូនល្អទេ ចង់ឲ្យកូនមានអនាគតភ្លឺស្វាងរុងរឿង ចង់ឲ្យកូនចេះគ្រប់គ្រងចិត្តឲ្យបានល្អ។ កូនហ្អា ! ជីវិតពួកគេដែលរស់បានក្តីសុខដូចសព្វថ្ងៃ គឺគេបានជំនះចិត្តអាក្រក់របស់គេខ្លាំងក្លាណាស់ មិនមែនចេះតែរស់ដោយការធ្វេសប្រហែសស្មារតីនោះទេ។ ពាក្យសំដីរបស់ពុកម៉ែ បើកូនមិនអាចធ្វើតាមបាន កូននៅតែចង់ជ្រើសរើសផ្លូវដើររបស់ខ្លួន នោះក៏មិនអីដែរ ព្រះធម៌ដែលជាមាគ៌ារំលត់ទុក្ខនៅមាននៅឡើយទេ ហេតុនេះបើកូនមានទុក្ខដោះស្រាយមិនចេញ ចូរកូនដើរតាមព្រះធម៌ចុះ !
ឲ្យពុកម៉ែតាមអាល័យមើលថែកូនជារៀងរហូតនោះ គឺមិនមានពេលឡើយ មច្ចុរាជគេគង់តែបំពេញភារកិច្ចរបស់គេជាមិនខាន។ព្រហ្មវិហារធម៌ចំពោះកូនៗ ពុកម៉ែបានបំពេញរួចរាល់អស់ហើយ កិច្ចទាំងឡាយក្នុងនាមជាញាតិក្នុងសំសារវដ្តមិនមានអ្វីឲ្យពួកយើងធ្វើទៀតដែរ វិប្បដិសារីយ៍ពេលរៀបស្លាប់ក៏មិនមាន យើងនឹងធ្វើផ្លូវទៅកាន់និព្វានដោយខ្លួនឯងជាបន្តទៀត ! ។

