អារក្ខកម្មដ្ឋានមាន៤យ៉ាងតើមានប្រយោជន៍ដូចម្តេច?

G

អារក្ខកម្មដ្ឋានមាន៤យ៉ាងតើមានប្រយោជន៍ដូចម្តេច?
កម្មដ្ឋានប្រែថា ទីកន្លែងប្រព្រឹត្តិនូវអំពើដែលនាំឲ្យចិត្តស្ងប់ ព្រោះចិត្តមិនស្ងប់វាផ្តល់នូវទុក្ខទោសជាច្រើនដល់មនុស្ស ។ អារក្ខកម្មដ្ឋានមានបួនយ៉ាងគឺ ពុទ្ធានុស្សតិ១ មេត្តាកម្មដ្ឋាន១ អសុភៈកម្មដ្ឋាន១ និងមរណានុស្សតិ១។
១- ពុទ្ធានុស្សតិ ការរលឹកដល់គុណព្រះពុទ្ធ ក្នុងបិដកខ្មែរបានកត់ត្រាថា បើភិក្ខុទាំងឡាយមានការភ័យខ្លាចក្នុងព្រៃស្មសានចូរអ្នកទាំងឡាយរលឹកដល់នាមតថាគតនឹងនាំចិត្តឲ្យបាត់ភ័យខ្លាច។ដូនតាយើងបានទូន្មានកូនចៅឲ្យភាវនា ពុទ្ធោឬអរហំនៅពេលមានភ័យអាសន្នបានមកដល់ វាធ្វើឲ្យចិត្តក្លាហានព្រោះចិត្តមានទីពឹង នៅពេលជិតស្លាប់ជាដើម។កម្មដ្ឋាននេះជួយកំចាត់ការភ័យខ្លាច ការព្រួយបារម្ភ ការតក់ស្លុត កំចាត់ទុក្ខលំបាកតាមផ្លូវកាយចិត្ត(ពេលអុជធូបថ្វាយព្រះបន់ស្រន់នាំឲ្យចិត្តជ្រះថ្លាបានធូរស្បើយផុតទុក្ខកង្វល់)គេកាន់តែស្រឡាញ់ព្រះពុទ្ធកាលបើគេបានយល់ពីការប្រៀនប្រដៅរបស់ព្រះអង្គ ទើបយកព្រះនាមព្រះអង្គជាទីពឹងហើយភាវនាថា ពុទ្ធោៗឬអរហំៗៗ។
២- មេត្តាកម្មដ្ឋាន ជួយកំចាត់ភាពក្តៅក្រហាយក្នុងចិត្ត ការឈឺចាប់ក្នុងចិត្ត នាំឲ្យមានសេចក្តីស្រឡាញ់រាប់អានទាំងមនុស្សនិងទេវតាជាដើម។
៣- អាសុភៈកម្មដ្ឋាន ជួយកំចាត់រាគៈតណ្ហាក្នុងរូប កាត់បន្ថយការសំគាល់ឃើញតែរូបស្អាត អត់ដឹងថាជាភាពក្រខ្វក់គួរខ្ពើម យើងមានការបន្ទោរបង់អាក្រក់ក្រខ្វក់យ៉ាងណាអ្នកដទៃក៏ដូចគ្នា ស្លាប់ទៅស្អុយហើមប៉ោងដូចខ្មោចឆ្កែខ្មោចកណ្តុរយ៉ាងណាយើងនិងអ្នកដទៃក៏ដូចគ្នា ។
៤- មរណានុស្សតិ ការរលឹកពីសេចក្តីស្លាប់របស់ខ្លួននិងអ្នកដទៃ ជួយកំចាត់ទុក្ខសោកគ្រប់បែបយ៉ាង(ឲ្យតែជាមនុស្សគឺសុទ្ធតែត្រូវស្លាប់ដូចៗគ្នា មានក្រ អាក្រក់ល្អ សខ្មៅ ប្រណីតថោកទាប ឧត្តមថ្លៃថ្លាសុទ្ធតែជាអ្នកស្លាប់គ្មានអីនឹងគួរឲ្យអស្ចារ្យទាល់តែសោះ) ។ ការដឹងខ្លួនថាជាអ្នកស្លាប់ ទើបចេះរូតរះបំពេញសេចក្តីល្អ បំពេញការព្យាយាមក្នុងការប្រតិបត្តិធម៌ ស្បើយការមានះប្រកាន់ ព្រោះមិនដឹងជាខំទើសទាស់គ្នាធ្វើអី បើខ្លួនជាអ្នកស្លាប់សោះ ! ។ ដឹងថាខ្លួនជាអ្នកស្លាប់ នាំឲ្យមានចិត្តអត់ធន់ មានពាក្យសច្ចៈនិង ក្តីកត្តញ្ញូ យ៉ាងល្អ ។ ខន្តិ បរមំ តបោតីតិក្ខា ការអត់ធន់គឺជាតបៈធម៌ដ៏ឧត្តម
ខន្តីប្រែថាការអត់ធន់ ឬការអត់ធ្មត់ ដែលមានពីរយ៉ាង ១គឺអត់ធន់ដោយការតាំងចិត្ត អត់សង្កត់ចិត្ត ការកាត់ចិត្តលែងនឹកនា និង ២គឺការអត់ធន់ដោយបញ្ញា។ការអត់ធន់ទីមួយគឺចិត្តមនុស្សមានព្រំដែនកំណត់ នៅពេលណាដែលហួសដែនកំណត់វានឹងផ្ទុះជាបាតុភូតផ្សេងៗឡើង ការអត់ធន់ដោយបញ្ញា គឺការត្រិះរិះពិចារណាទើបជាការអត់ធន់ដ៏ប្រពៃ(អធិវាសនខន្តី អត់ធន់ដោយការត្រិះរិះពិចារណា) វានាំឲ្យមានលក្ខណះធូរស្រាលប្រកបដោយសេរីភាពក្នុងចិត្ត មិនដូចការអត់សង្កត់ចិត្តដែលមានសំពាធខ្លាំង អាចនាំឲ្យមានជំងឺផ្លូវចិត្តទៀតផងក៏មាន។ដើម្បីឲ្យចិត្តឋិតនៅជាកណ្តាល គឺត្រូវអត់ធន់ជានិច្ច អត់ធន់នឹងការបានទទួល អត់ធន់នឹងការបាត់បង់ អត់ធន់នឹងការសរសើរ អត់ធន់នឹងការបង្អាប់បន្តុះ អត់ធន់នឹងទុក្ខវេទនាសព្វបែបយ៉ាង សូម្បីតែអ្នកបដិបត្តិធម៌ក៏ត្រូវអត់ធន់នឹងការបានសំរេចមគ្គផលដែរ ។ 

Comments