រាជរដ្ឋាភិបាលគ្រោងចំណាយរហូតដល់ ៣៩,២ទ្រីលានរៀល (ប្រមាណ៩,៦ពាន់លានដុល្លារអាម៉េរិក)សម្រាប់ឆ្នាំ២០២៣ ដែលភាគច្រើនផ្តោតលើមនុស្ស។ ទំហំចំណាយប្រចាំឆ្នាំនេះ គឺលើសចំណូលជាតិដល់ជាង ២០០០លានដុល្លារ។
សម្រាប់ឆ្នាំ២០២៣ រាជរដ្ឋាភិបាលមានបន្ទុកចំណាយច្រើន ជាពិសេសផ្តោតលើការដំឡើងប្រាក់ដល់មន្តី្ររាជការគ្រប់កម្រិតចាប់ពីមន្ត្រីជាប់កិច្ចសន្យា ដល់មន្រ្តីរាជការស៊ីវិល។ លើសពីនេះ រដ្ឋត្រូវចំណាយថវិកាក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋនីតិកាលទី៧ និងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍(SEA GAME)លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ រួមទាំងចំណាយផ្សេៗសំខាន់ផ្សេងៗទៀត ដែលទ្រទ្រង់និរន្តរភាពនៃប្រតិបត្តិការរបស់រដ្ឋ។
យោងតាមខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលសភាបានអនុម័ត នៅថ្ងៃទី២៨តុលា រដ្ឋគ្រោងចំណាយ ៣៩ ២០៦ ២០៥ លានរៀល(ប្រមាណ ៩ ៦០០លានដុល្លារ)។ ចំណាយនេះ គឺស្មើនឹង២៩,៨៧ភាគរយ នៃផលិផលក្នុងស្រុកសរុប(ផសស) ដែលមានប្រមាណ ៣២ ២៩១លានដុល្លារ។ ក្នុងនោះ ចំណាយចរន្តមានប្រមាណ ៥ ៦០០លានដុល្លារ ត្រូវនឹង១៧,៤៧ភាគរយនៃ ផសស និងកើន១០ភាគរយធៀបនឹងច្បាប់ឆ្នាំ២០២២ ខណៈចំណាយមូលធន ក៏កើន១៧,៥ ភាគរយ ផងដែរ។

