សិក្សាអរិយធម៌ វប្បធម៌ខ្មែរ !
បទពិចារណាពីបុណ្យចូលឆ្នាំខ្មែរ
ប្រវត្តិនៃបុណ្យចូលឆ្នាំខ្មែរ ក៏ដូចជាបុណ្យចូលឆ្នាំនៃប្រទេសកាន់ពុទ្ធសាសនាមួយចំនួនទៀត នៅតំបន់អាស៊ី បានទាក់ទងទៅដល់រឿងធម្មបាលកុមារ និងកបិលមហាព្រហ្ម ដែលបានល្បងបញ្ញាគ្នាលើរឿងសិរី៣ប្រការ ។ កបិលមហាព្រហ្មជាអ្នកដាក់នូវសំណួរ ថាបើធម្មបាលកុមារឆ្លើយរួច នឹងកាត់សិរសា (ក្បាល)បូជា តែបើឆ្លើយមិនរួចទេ ត្រូវធម្មបាលកុមារកាត់សិរសាបូជាព្រះអង្គវិញ ។ ធម្មបាលកុមារបានឆ្លើយរួច, មហាព្រហ្មក៏បានកាត់សិរសាបូជាតាមពាក្យសន្យាមែន ។
តាមរយ:អក្សរសិល្ប៍ខាងលើនេះ បានបង្ហាញពីព្រឹត្តិការណ៍នៃការផ្លាស់ប្តូរសាសនាដ៏ធំមួយ ជាប្រវត្តិសាស្ត្រ នៅក្នុងផ្នត់គំនិតរបស់ប្រជាជន នៃប្រទេសមួយចំនួននៅតំបន់អាស៊ី ។ យើងបានដឹងហើយថា ឥទ្ធិពលនៃព្រហ្មញ្ញសាសនា ដែលមានប្រភពចេញមកពីអារ្យ ធម៍នៃក្រុមកុលសម្ព័ន្ធ ដែលរស់នៅតាមដងទន្លេហិណ្ឌុ (ទន្លេសិន្ធុ) បានគ្របដណ្តប់មកលើប្រទេសក្នុងតំបន់អាស៊ីរាប់ពាន់ឆ្នាំមកហើយ,រហូតមកដល់២៦០០ឆ្នាំមុននេះ ទើបពុទ្ធសាសនាកើតឡើង នៅលើកន្លែងដដែលនេះ ដោយជនជាតិដដែលនេះ ហើយបានធ្វើការបដិសេធទាំងស្រុង នូវគំនិតរបស់ព្រហ្មញ្ញសាសនា ។
ព្រហ្មញ្ញសាសនា = សាសនាដែលគោរព ព្រះព្រហ្ម (អាទិទេព) ។ ពុទ្ធសាសនា =សាសនាដែលគោរពព្រះពុទ្ធ (មនុស្ស) ។
គំនិតព្រហ្មញ្ញសាសនា ឲ្យតម្លៃវាសនាមនុស្សទៅលើព្រហ្មលិខិត (ការកំណត់ឲ្យដោយអាទិទេព)។ ពុទ្ធសាសនា ឲ្យតម្លៃវាសនាមនុស្ស ទៅលើកម្មលិខិត (ការកំណត់ដោយកម្ម គឺទង្វើដែលខ្លួនគេបានធ្វើហើយ)។ វាទ:ក្នុងព្រហ្មញ្ញសាសនាប្រាប់ថា វាសនាល្អ ឬសំណាងល្អ បានមកដោយការបូជា ការបួងសួង ការអង្វរសុំ។ វាទ:ក្នុងពុទ្ធសាសនាប្រាប់ថា វាសនាល្អ ឬសំណាងល្អ បានមកដោយអំពើល្អ ឬការសាងល្អ ។
ចំណុចខុសគ្នាខាងលើនេះ នាំឲ្យមនុស្សពិចារណា ហើយដកដៃចេញពីព្រហ្មញ្ញសាសនា រួចងាកមកចាប់យកពុទ្ធសាសនាវិញ ។
កបិលមហាព្រហ្ម = អាទិទេពដែលស្ថិតនៅស្ថានមួយនៃរូបព្រហ្មទាំង១៦ជាន់ ។ ធម្មបាលកុមារ = មនុស្សប្រព្រឹត្តប្រតិបត្តិតាមធម៏ ។ កាត់ក្បាលព្រះព្រហ្ម គឺកាត់ទិដ្ឋិដែលជឿ តាមព្រហ្មញ្ញសាសនាចោល ហើយថ្វាយដល់ធម្មបាលកុមារ គឺងាកមកគោរពប្រតិបត្តិតាមធម៌ គឺតាមពុទ្ធសាសនាវិញ ។
ទោះបីជាយ៉ាងណាក៏ដោយ, ប្រជាជនខ្មែរបានសំយោគ ពុទ្ធសាសនា ព្រហ្មញ្ញសាសនា និងជំនឿខ្មែរដើម បញ្ចូលគ្នា ឲ្យទៅជាពុទ្ធសាសនាខ្មែរ ដើម្បីឲ្យមានថាមពលខ្លាំងក្នុងការអភិវឌ្ឍន៍សង្គមខ្មែរ ៕
នមោ ពុទ្ធាយ សិទ្ធំ ។ ឱម: សិទ្ធី ស្វាហ: ។

