ជីវិតគឺជាឆាកល្ខោន

G

ជីវិតគឺជាឆាកល្ខោន ដែលម្នាក់ៗ ត្រូវលេងម្នាក់មួយរឿង ! ដើម្បីឲ្យល្អមើលម្នាក់ៗត្រូវខំប្រឹងសម្តែងឲ្យបានសមរៀងៗខ្លួន តួជាចៅហ្វាយខំសម្តែងឲ្យសមជាចៅហ្វាយ តួបំរើត្រូវខំសម្តែងឲ្យសមជាតួបំរើ ការដែលចង់ឲ្យគេដូរតួចាំតែគេដូរងាយៗតើ ! ព្រោះគេញៀនក្នុងការសម្តែងនោះខ្លាំងណាស់ គេត្រូវខំសម្តែងឲ្យសមដើម្បីបានទទួលការសរសើរ ។ ម្នាក់ៗលេងរឿងរៀងខ្លួន អ្នកត្រូវដើរតួជាប្រពន្ធជាមួយប្តីកាច ពេលប្តីវាយម្តងៗត្រូវខំយំឲ្យសមដើម្បីឲ្យគេអាណិត ឯប៉ូលីសដើរតួជាអ្នកចាប់ប្តីដាក់គុក បើត្រូវដេកពេទ្យនោះពេទ្យក៏ខំដើរតួតាមភារៈរបស់ខ្លួនដែរ។សង្គមល្ខោន តួល្ខោនទាំងអស់ ត្រូវស្គាល់ចំណងជើងរឿង ស្គាល់សាច់រឿងដែលខ្លួនត្រូវដើរតួ ត្រូវដឹងពីការចាប់ផ្តើមនិងដឹងពីទីបញ្ចប់របស់ខ្លួន ពុំនោះទេការសម្តែងមិនសីុសង្វាក់គ្នាឡើយ ហើយបើនៅតែចង់ដើរតួរហូតរមែងតែងត្រូវគេជេរជាធម្មតា ព្រោះដើរតួយូរលែងសមផង ហត់ខ្លួនអត់ប្រយោជន៍ផង ! ។ ដើម្បីដើរតួឲ្យកាន់តែសមហើយឆាប់ល្បី តួល្ខោនទាំងអស់ត្រូវខិតខំអភិវឌ្ឍខ្លួនឲ្យក្លាយជាមនុស្សរឹងមាំ មានវិន័យ មានសប្បុរសធម៌ និងស្រឡាញ់ការសិក្សារៀនសូត្រឲ្យក្លាយជាទំលាប់ នេះជាគោលការណ៍សច្ចៈភាព ដើម្បីរស់នៅជាមួយបំរែបំរួលនៃលោកនេះឲ្យបានល្អ។សេពគប់មនុស្សល្អដើម្បីបង្កើតនិស្ស័យល្អ សម្តែងរឿងដែលខ្លួនចូលចិត្តសមតាមសមត្ថភាពរបស់ខ្លួនឲ្យបានល្អបំផុត យើងនឹងមិនត្រូវមានក្តីបារម្ភជាមួយអ្វីឡើយ ។ មូលដ្ឋានជីវិតមនុស្ស គឺៈ សុខភាព - សមត្ថភាព - គុណធម៌ ។បើគ្មានគោលការណ៍ទាំងបីនេះទេ ក្នុងសង្គមជឿនលឿនគឺពិបាកនឹងរស់បានសុខស្រួលណាស់។សុខភាពមានតាមផ្លូវកាយនិងតាមផ្លូវចិត្ត តែសុខភាពផ្លូវចិត្តគឺជារឿងសំខាន់ណាស់ វាជាប់ទាក់ទងនឹងឋាមពលចិត្តនេះឯង គេបានសួរលោកតាដាឡៃឡាម៉ាថា ហេតុអីមិនឃើញលោកតាឈឺសោះអញ្ចឹង ? លោកតបថា បើអាត្មាមិនព្រមឈឺផង តើវាឈឺមកពីណា?។សំដីនេះគឺបានបញ្ជាក់ពីឋាមពលចិត្តដែលកើតពីគំនិតវិជ្ជមានដ៏មហិមានេះឯង (គិតឲ្យសុខវាសុខ គិតឲ្យទុក្ខវាទុក្ខ គិតឲ្យឈឺវាឈឺ គិតឲ្យជាវាជា)។ការបង្កើនសមត្ថភាព គឺការស្តាប់ ការអាន និងការធ្វើ ឯការព្យាយាមកំចាត់ចិត្តអាក្រក់ចេញពីក្នុងខ្លួន គឺជាការសាងគុណធម៌នេះឯង ៕

Comments