បញ្ញាយល់ដឹងពីច្បាប់កម្ម នឹងឃើញអ្វីៗកើតឡើងពីហេតុបច្ច័យ(ហេតុគឺហេតុទាំង៦បានដល់លោភៈ ទោសៈ មោហៈ អលោភៈ អទោសៈ អមោហៈ , បច្ច័យបានដល់ឧបការៈឬជាគ្រឿងទ្រទ្រង់ឲ្យកើតជាផល បានដល់បច្ច័យបីយ៉ាងគឺ ជនកបច្ច័យ ឧបត្ថម្ភកបច្ច័យ និង បច្ច័យទាំងពីរនេះរួមគ្នាតែម្តង ) ហេតុបច្ច័យគឺនាំឲ្យចិត្តនិងចេតសិកធ្វើការរួមគ្នាជាមួយហេតុទាំង៦ណាមួយដែលខ្លួនបានសន្សំទុកមកពីអតីតៈ ។ បើអតីតហេតុមកជាលោភៈ ឬ ទោសៈ ខ្លាំងចិត្តនិងចេតសិកក្នុងខន្ធប្បវត្តិនេះត្រូវតែជា លោភៈ ទោសៈចិត្ត មិនអាចក្លាយទៅជាបការៈដទៃបានទេ ប៉ុន្តែការសិក្សាព្រះធម៌និងការបដិបត្តិទើបអាចជួយកែប្រែផ្លាស់ប្តូរបាន ។ ការយល់ដឹងពីហេតុបច្ច័យរមែងចេះព្រមតាមហេតុបច្ច័យមិនខ្វាយខ្វល់ពេក ចេះព្រលែងចោល មិនចាត់ទុកថាជីវិតគឺជាភារៈដ៏ធ្ងន់ រួចហើយចេះដោះស្រាយដោយសន្តិភាពឲ្យបានរួចខ្លួនពីអំណាចកម្ម ។ កើតបានកូនមិនស្តាប់បង្គាប់ ជួបស្វាមីភរិយាដែលនិយាយគ្នាមិនស្តាប់ ជួបមនុស្សចចេសរឹងរូស ក្រោយពីជួយនិយាយណែនាំដោយសន្តិវិធីអស់ក្បាច់លោតហើយ នៅតែមិនបានផល ត្រូវព្រលែងចោលតាមផ្លូវចិត្តឲ្យគេទៅតាមហេតុបច្ច័យឬទៅតាមកម្មរបស់គេចុះ ! យើងបានមកជួបគេ ក៏មកពីយើងបានសន្សំហេតុក្នុងរឿងនេះដែរឬ កម្មបានចាត់ចែងយើងឲ្យមកបំពេញបារមីក្នុងរឿងនេះ ! យើងក៏បានក្តីសុខនៅពេលយើងចេះសិក្សាយល់ដឹងពីបញ្ហានេះដែរ ។

