តំរូវការពិតនិងតំរូវការក្លែងក្លាយ !
តំរូវការពិតគឺ ចតុប្បច្ច័យ ឬបច្ច័យ ៤ សម្រាប់ទ្រទ្រង់ជីវិតព្រះសង្ឃ និង ឃរាវាស ។ បច្ច័យទាំង ៤ នេះគឺ ចីវរប្បច្ច័យ(ឬសម្លៀកបំពាក់), បិណ្ឌបាតប្បច្ច័យ(ឬអាហារ), សេនាសនប្បច្ច័យ(ទីដេកនៅ) និងគិលានភេសជ្ជប្បច្ច័យ(ថ្នាំសង្កូវ) ដែលកើតឡើងពីការផ្គត់ផ្គង់របស់ពុទ្ធបរិស័ទចំពោះព្រះសង្ឃ និង ការស្វែងរកដោយខ្លួនឯងចំពោះអ្នកគ្រប់គ្រងផ្ទះ ។ បច្ច័យ ប្រែថាហេតុជាទីអាស្រ័យតគ្នា; ទំនង, លំអាន; ហេតុដែលនាំឲ្យផលប្រព្រឹត្តទៅ ។ ល ។ គ្រឿងអាស្រ័យសម្រាប់បព្វជិត ចតុប្បច្ច័យ ចែកចេញជា២ប្រភេទ គឺបច្ច័យជាគ្រឿងបរិភោគ និងបច្ច័យជាគ្រឿងឧបបរិភោគ។ គ្រឿងបរិភោគ គឺជាវត្ថុទាំងឡាយណាដែលអាចលេបទំពាចូលក្នុងពោះបាន ដើម្បីទ្រទ្រង់ជីវិត។ ចំណែកឯ វត្ថុឧបបរិភោគ គឺជាវត្ថុទាំងឡាយណាដែលមិនមែនជាអាហារ ឬទឹកសម្រាប់បរិភោគ តែជាវត្ថុសម្ភារៈផ្សេងៗ សម្រាប់ប្រើប្រាស់ខាងក្រៅ ដើម្បីទ្រទ្រង់រាយកាយ ឲ្យប្រព្រឹត្តទៅ ដោយសេចក្តីថ្លៃថ្នូរ និងភាពសុខស្រួល។ ដោយសារលោភៈ សត្វលោកបានបម្លែងបច្ច័យ៤ដែលសាមញ្ញបំផុតនេះ ឲ្យក្លាយទៅជាកង្វល់រហូតដល់មានការកាប់សម្លាប់ជិះជាន់គ្នាជាហូរហែរ ពុទ្ធបរិស័ទត្រូវកំណត់ឲ្យបានច្បាស់ពីតំរូវការពិតនិងតំរូវការក្លែងក្លាយ ព្រោះបើយើងទិញរបស់មិនសំខាន់ច្រើនពេក ថ្ងៃណាមួយយើងនឹងលក់របស់ដែលសំខាន់ចេញជាមិនខាន !

