ការសងគុណមាតាបិតាដែលលោកបានចែកឋានទៅហើយ គឺត្រូវមើលថែបងប្អូនដែលនៅរស់ កុំឈ្លោះទាស់ប្រកាប់ប្រចាក់គ្នា ថែកេរ្តិ៍មរតករបស់លោកឲ្យនៅគង់វង់ ដើរតាមផ្លូវដែលលោកស្រឡាញ់ពេញចិត្តមាន ទាន សីល ភាវនា និងការធ្វើបុណ្យឧទ្ទិសកុសលជូនទៅលោកជាដើម ។ ចងចាំពាក្យសម្តីឪពុកម្តាយហើយព្យាយាមធ្វើតាមដោយគោរព ត្រូវរស់នៅឲ្យបានល្អ កុំប្រើជីវិតឲ្យលុះក្រោមអំណាចស្រី ស្រា ល្បែងពាលា កាប់ចាក់ ឆក់ប្លន់ ទុកកិត្តិយសជាតិមាតុភូមិជាធំ ទើបជាការសងគុណចំពោះទឹកចិត្តឪពុកម្តាយ ។ ការយំសោកអាឡោះអាល័យមិនមែនជាកិច្ចតបគុណនោះទេ ព្រោះវាជាច្បាប់ធម្មជាតិដែលមនុស្សសត្វគ្រប់គ្នាត្រូវតែជួបខានមិនបានឡើយ ។ ការរស់នៅ ប្រសិនបើយើងអាចមានព្រហ្មវិហារធម៌ទាំង ៤ ព្រមទាំងចេះប្រើឲ្យត្រូវតាមកាល:ទេស: មិនបន្លំចិត្តខ្លួនឯងនោះ លោកនេះរឹងរឹតតែគួរឲ្យចង់រស់នៅជាទីបំផុតហើយ...! ការចេះជួយគ្នា គឺជាការជួយខ្លួនឯង សត្វលោកទៅនិងមកក្នុងភពបីជាធម្មតាទេ ! យូរឆាប់គង់បានជួបគ្នាវិញដដែល ឲ្យតែកម្លាំង សទ្ធា ទាន សីល ចាគៈ បញ្ញាស្មើគ្នា ។

