ពេលខ្លះមនុស្សបានវាយតម្លៃទៅលើមនោសញ្ចេតនារបស់អ្នកដទៃ ថាជាសកម្មភាពម្យ៉ាងដែលធ្វើឱ្យខ្លួនទន់ខ្សោយ ដោយពួកគេព្យាយាមគេចវេះពីវា ដើម្បីហ្វឹកហាត់ខ្លួនឯងឱ្យក្លាយជាមនុស្សរឹងមាំ គត់មត់ ម៉ឹងម៉ាត់ប្រាកដប្រជា។ ប៉ុន្តែទន្ទឹមនឹងនោះពួកគេក៏បានក្លាយខ្លួនជាមនុស្សដែលសោះកក្រោះក្នុងចិត្តមនុស្សជុំវិញខ្លួនផងដែរ ហើយភាពសប្បាយរីករាយក៏ត្រូវបានសាបរលាបចេញពីជីវិត ដោយប្ដូរមកវិញនូវគុណតម្លៃក្នុងកែវភ្នែកអ្នកដទៃវិញម្ដង។ មនុស្សដែលដក់ដាមដោយមនោសញ្ចេតនាក្នុងចិត្ត ថ្វីបើពេលខ្លះត្រូវឈឺចាប់ដោយសារវាបន្តិចក៏ដោយក្ដី ប៉ុន្តែពួកគេមិនបានធ្វើឱ្យអ្នកដទៃឈឺចាប់ដោយសារខ្លួនឡើយ នោះក៏ព្រោះតែឥទ្ធិពលនៃមនោសញ្ចេតនាហ្នឹងឯង។ តាំងពីដើមមក សង្រ្គាមមិនត្រូវបានបង្កឡើងដោយមនុស្សដែលពោរពេញទៅដោយក្ដីស្រលាញ់ក្នុងចិត្តនោះឡើយ។ ផ្ទុយមកវិញវាត្រូវបានកើតឡើងដោយក្រុមមនុស្សដែលគ្មានចិត្តមេត្តាសន្តោសប្រណីចំពោះមនុស្សផងគ្នា ហើយបណ្ដោយឱ្យមហិច្ឆតាដឹកមុខលែងស្គាល់ខុសត្រូវ និយាយដោយខ្លីគឺពួកគេជាមនុស្សគ្មានមនោសញ្ចេតនាក្នុងចិត្ត។ ទោះបីជាតម្លៃគំនិតនៃមនុស្សដែលមានភាពប្រាកដប្រជា (និយាយឱ្យងាយ) គឺមនុស្សឈាមត្រជាក់ មានឥទ្ធិពលក្នុងការដោះស្រាយបញ្ហាបានល្អក៏ពិតមែន ប៉ុន្តែគេសង្កេតឃើញថា ពេលពិបាកចិត្តមនុស្សគ្រាន់តែចង់មានស្មាដ៏កក់ក្ដៅមួយផ្អែក គ្រាន់នឹងនិយាយរឿងរ៉ាវក្នុងចិត្តឱ្យធូរស្បើយប៉ុណ្ណោះ។

