រឿង ទូកខ្មោច

jame09

កាលពីក្មេងខ្ញុំចូលចិត្តដើរដាក់មង ចងសន្ទូចនៅតាមស្ទឹងជារបរបន្ថែមគ្រាន់នឹងបានម្ហូបប្រចាំថ្ងៃខ្លះ នឹងលក់យកលុយចាយខ្លះ ខ្ញុំ នឹងអាសុខជាមិត្តភក្តិគ្នាតាំងពីតូច ចូលចិត្តដើរលេងនឹងដើរចាប់ត្រីជាមួយគ្នាណាស់។ ថ្ងៃមួយអាសុខក៏បបួលខ្ញុំទៅដាក់មង ទៅតាំងពីម៉ោង៥ ទំរាំលាមងហើយម៉ោង៧យប់ល្មម ចៃដន្យមេឃភ្លៀងអីចឹងដាក់មងត្រូវណាស់ មងជាប់ត្រីសព្រាត ពួកយើងក៏នៅចាំដោះត្រីជាប់មងរហូតដល់ម៉ោងមួយអាធ្រាត្រ ទ្រាំលែងបានក៏បបួលគ្នាត្រឡប់ទៅផ្ទះវិញ ចាំស្អែកសឹមមកសារមងជាថ្មី អាសុខវាអង្គុយចែវនៅក្បាលទូក ឯខ្ញុំចែវពីខាងក្រោយខ្នងវា ភ្លើងចង្កៀងប្រេងកាតបំភ្លឺផ្លុងៗនៅក្បាលទូកជួយបំភ្លឺផ្លូវអោយពួកយើង ចែវមកដល់ប៉ាឆាខ្មោច ខ្ញុំដូចជាមានអារម្មណ៍ខ្លាចៗយ៉ាងមិចមិនដឹង មិនដូចរាល់ដងដែលឆ្លងកាត់ទីនេះ ខ្ញុំមិនដែលមានអារម្មណ៍ខ្លាចដូចថ្ងៃនេះទេ ឬប្រហែលមកពីត្រូវខ្យល់បក់បណ្តាលអោយរងារ ទើបបែបនេះហើយ។ ចែវមិនទាន់ផុតប៉ាឆាស្រួលបួលផង ឆ្កែក៏នាំគ្នាលូបង្អូសសំឡេងវែងៗ ធ្វើអោយខ្ញុំកាន់តែព្រឺសម្បុរគីង្គក់ ខ្ញុំងាកមើលទៅក្រោយឃើញងងឹតស្លុប ខ្ញុំក៏បែរមកមុខវិញ រួចនិយាយបណ្តើរដៃចែវទូកបណ្តើរដើម្បីបំបាត់ភាពខ្លាច: _អាសុខ ឆ្កែវាលូដល់ហើយ វាលូធ្វើអីហា? _អញមិនដឹងទេ វាលូក៏លូទៅឯងទៅចាប់អារម្មណ៍ធ្វើអី! អាសុខវានិយាយមិនខ្ចីងាកក្រោយ វាមិនដឹងទេថាខ្ញុំកំពុងខ្លាចខ្មោច។ សម្លេងឆ្កែលូនៅតែប្រដេញមកតាមផ្លូវវារហូត ខ្ញុំកំពុងតែគិតនឹងសម្លេងឆ្កែ ស្រាប់តែឭដូចជាមានមនុស្សចែវទូកមកតាមពីក្រោយ ត្រចៀកខ្ញុំបានឭច្បាស់ណាស់ ប៉ុន្តែពេលខ្ញុំងាកមើលក្រោយ គ្មានឃើញអ្វីទាំងអស់។ ខ្ញុំមិនហ៊ាននិយាយអ្វីទេ ប្រហែលខ្ញុំចេះតែស្រមៃ កំពុងតែគិតៗ ដូចជាមានអ្វីធ្លាក់ទឹក ទឹកបានខ្ទាតមកប៉ះខ្នង ខ្ញុំក៏ភ្ញាក់ ខ្ញុំងាកមើលដូចមុន តែគ្មានអ្វីទាំងអស់ តែមិត្តខ្ញុំអង្គុយស្ងៀម ដូចជាមិនបានឭអ្វីទាំងអស់។ ពេលនេះខ្ញុំខ្លាចណាស់ខ្ញុំទ្រាំមិនបានក៏និយាយខ្សឹបៗទៅអាសុខថា: អាសុខ ហុចពិលឲអញបន្តិច! _ឯងយកពិលធ្វើអីអាហេង? _អញឭសូរសំឡេងស្អីមិនដឹង!

វាហុចពិលឲខ្ញុំទាំងមើលមុខខ្ញុំបែបឆ្ងល់។ ខ្ញុំទទួលពិល ប៉ុន្តែត្រូវរបូតជ្រុះពីដៃធ្លាក់ទៅក្នុងទូក ពេលនោះត្រចៀករបស់ខ្ញុំបានឭសូរសម្លេងចែវទូកមកតាមពីក្រោយទៀតហើយ ខ្ញុំរាវរកពិលទាំងញ័រដៃ សម្លេងក៏បាត់ទៅ ខ្ញុំរំកិលខ្លួនមកកណ្តាលទូកបន្តិច ខ្ញុំចេះតែខ្លាចៗថា មានអ្វីនៅពីក្រោយខ្នង។ ខ្ញុំក្តោបពិលអង្គុយស្ងៀមចាំស្តាប់សម្លេង ដោយទុកឲអាសុខចែវទូកម្នាក់ឯង។ មិនយូរប៉ុន្មាន ខ្ញុំបានឭសម្លេងចែវទូកតាមពីក្រោយមកទៀត ប៉ុន្តែពេលនេះឭច្បាស់ជាងមុន វាកាន់តែមកជិតឡើងៗហើយ! ខ្ញុំងាកចុចពិលបញ្ចាំងទៅរកសម្លេងទាំងដង្ហើមដាច់ៗ។ ខ្ញុំក៏គ្មានឃើញអ្វីដូចលើកមុនៗទៀតហើយ អាសុខបែរមកសួរខ្ញុំថា: _នរណាគេ? _ទេ ចុះឯង? ខ្ញុំគិតថាច្បាស់ជាខ្មោចលង ព្រោះខ្ញុំមើលមិនឃើញអ្វីសោះ។ _អញមានឃើញស្អី! អញថាត្រចៀកហ្អែងវាឡប់ហើយ អញអត់ទាំងឭសូរស្អីផង! ចេះខ្លាចកើត បើថាខ្លាចខ្មោចលង ឲវាលងទៅ! គ្រាន់តែអាសុខនិយាយមិនទាន់ផុតពីមាត់ផង ស្រាប់តែសម្លេងចែវទូក នឹងសម្លេងក្អកខេះៗឭច្បាស់ក្រឡែតតែម្តង ប៉ុន្តែពេលនេះ វាលែងនៅខាងក្រោយហើយ វាបែរជាទៅឭនៅពីមុខទូកពួកយើងវិញម្តង។ ខ្ញុំភ័យឡើងញ័រខ្លួន ព្រោះនេះវាច្បាស់ពេកហើយ ពិតជាខ្មោចលងតាមពាក្យដែលអាសុខនិយាយអម្បាញ់មិនមែន។ ខ្ញុំសួរវាទាំងញ័រមាត់: _អាសុខហ្អែងឭទេ អ្នកណាគេចែវទូក និងក្អកនៅពីខាងមុខទូកយើងច្បាស់ណាស់! _អញឭហើយ ហ្អែងចុចពិលមើលៗ!! អាសុខឲខ្ញុំចុចពិលបញ្ចាំងទៅខាងមុខ ម្តងនេះខ្ញុំលោះព្រលឹងព្រោះឃើញទូកនៅពីមុខមែន តែទូកនោះមួយកំណាត់ក្រោយ រាងពុកផុយឈើទៅហើយ និងគ្មានមនុស្សចែវទេ ទូកនោះវារសាត់ទៅដោយខ្លួនឯង។ ពួកយើងក៏ចែវទូកមកផ្ទះវិញ យប់នេះអាសុខវាស្នាក់នៅជាមួយខ្���ុំមួយយប់ ពេលយើងកំពុងតែដេកលក់រលីវៗនោះ ទាំងខ្ញុំនឹងវាបានឭច្បាស់ដូចគ្នា គឺសំឡេងចែវទូកច្រោកៗ កាត់កំពុងទឹក ពួកយើងមើលមុខគ្នារួចក៏សំងំដេកលក់ទៅ៕

Comments

thaichhan
ហ្វូឡូ