គ្រាន់តែចង់រំលឹកនូវប្រវត្តិសាស្រ្តខ្មែរពីភាពរុងរឿង និងកេរ្ត៌ដំណែលវប្បធម៌រូបីនិងអរូបីដែលដូនតាខ្មែរយើងបានបង្កើតនិងអរិរក្សទុកឲកូនចៅជំនាន់ក្រោយ។ ដោយសាភាពរុងរឿងនៃវប្បធម៌ជនជាតិខ្មែរយើងនេះហើយ ទើបធ្វើឲប្រទេសជិតខាងព្យាយាមចម្លងយកទៅកាឡៃធ្វើជាវប្បធម៌របស់ប្រទេសគេ ដោយព្យាយាមបំបាត់នូវប្រភពដើម ហើយអះអាងថាជាវប្បធម៌របស់ជាតិសាសន៌គេទៅវិញ។
យ៉ាងណាមិញ 《ល្ខោនខោល》រឺអ្នកខ្លះហៅថាល្ខោន ពាក់របាំងមុខដែលជារបាំដ៏ចំណាស់មួយរបស់ប្រទេសកម្ពុជាដែលមានដើមកំណើតមុនសម័យអង្គរក្នុងអំឡុងប្រហែលសតវត្សវ៍ទី៩ ត្រូវបានដាក់ស្នើរទៅអង្គការ UNESCO ដើម្បីអភិរក្សសម្បត្តិអរូបី និងដើម្បីឲពិភពលោកបានដឹងថាល្ខោនខោលមានប្រភពមកពីប្រទេសកម្ពុជា ជនជាតិខ្មែរជាអ្នកបង្កើតល្ខោនខោលនេះឡើងមក។ បើយោងតាមវចនានុក្រមខ្មែរ *សម្តចសង្ឃរាជ ជួន ណាត* ពាក្យថា《ល្ខោនខោល》គឺជាពួកល្ខោនប្រុសរឿង《រាមកេរ្ត៍》។ បានជាល្ខោនខោលមានសុទ្ធតែជាសិល្បករប្រុសជាអ្នករាំនោះ មិនមានការកត់ត្រាទុកជាលាយល័ក្ខអក្សរច្បាស់លាស់ទេ ដោយមានមតិពីរលើកយកមកវែកញ៉ែក។
មតិទី១៖ គឺប្រហែលកើតឡើងដោយសារមានវិបត្តិទំនាស់សាសនារវាងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនានៅក្នុងប្រទេសកម្ពុជា។ ពួកស្រីរបាំនៃល្ខោនក្បាច់បុរាណ រឺល្ខោនព្រះរាជទ្រព្យដែលក្នុងសម័យអង្គរគេហៅថា "រមាំ" មានដើមកំណើតមុនការចាប់បដិសន្ធិនៃលទ្ធិទេវរាជ "Culte du Dieu Roi" ដោយព្រះបាទជ័យវរ្ម័នទី២ ក្នុងអំឡុងឆ្នាំ៨០២ ទៅទៀត ហើយពេលដែលខ្មែរគោរពលទ្ធិទេវរាជ គេនិយមហៅស្រីរបាំទាំងនោះថា 《ទេវទាសី》ជាស្រីរបាំនៃព្រះវិហារខាងព្រហ្មញ្ញសាសនា រួចបន្តតួនាទីជាស្រីរបាំនៃព្រះវិហារខាងព្រះពុទ្ធសាសនាមហាយានក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ (១១៨១~១២១៨) ដូចមានឯកសារខ្លះអាចឲយើងដឹងថា ក្នុងពេលនោះនៅប្រាសាទតាព្រហ្មមានស្រីរបាំចំនួន៦១៥នាក់ និងនៅប្រាសាទព្រះខ័ន ស្រីរបាំមានចំនួនរហូតដល់ទៅ ១០០០នាក់។ ក្រុមអ្នករបាំទាំងនោះ មានតួនាទីសំខាន់ណាស់ គឺជាអ្នកដែលមានភារកិច្ច ចម្លងពាក្យបណ្តឹង ពាក្យបន់ស្រន់ និងពាក្យឧទ្ទិសទាំងឡាយពីឋានមនុស្សទៅឋាននៃព្រះ គឺឋានសួគ៌ ឋានត្រៃត្រឹងហើយពាំនាំនូវស័ព្ទសាធុការពរពីឋានសួគ៌ចុះមកប្រោះព្រំឋានមនុស្សលោកវិញ។ អ្នកទាំងនោះសុទ្ធតែជាស្រីបរិសុទ្ធមិនមានប្រឡាក់ប្រឡូសអ្វីនិងគ្រឿងមន្ទិលសៅហ្មងទាំងផ្លូវកាយ វាចា ចិត្ត តាមបែបមនុស្សសាមញ្ញឡើយ។ ពិសេសប្រហែលជាក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៨ (១២៤៣~១២៩៥)? ប្រទេសជាតិជួបវិបត្តិសាសនា ដែលមានប្រតិកម្មយ៉ាងខ្លាំងក្លាពីអ្នកកាន់ព្រហ្មញ្ញសាសនា សិវ:និយម ពួកនេះបានកោសលុបរូប ឫបំផ្លាញព្រះពុទ្ធសាសនា បដិមា ផ្សេងៗជាច្រើន នៅប្រាសាទបាយ័ន និងទីដទៃទៀត។ មិនត្រឹមតែប៉ុណ្ណោះទេ ដើម្បីប្រឆាំងនិងព្រះពុទ្ធសាសនាក្នុងសម័យនោះ ពួកអ្នកកាន់អំណាច មានមន្រ្តីធំៗក្នុងព្រះបរមរាជវាំងបានបង្ខំរួមរស់ស្នេហាជាមួយស្រីរបាំ《ពួកទេវទាសី》ក្បត់ទំនៀមមុន... ហើយប្រហែលចាប់ពីពេលនោះមក ដែលគេឃើញមានការនិយមរបស់ពួកមន្រ្តីក្នុងព្រះបរមរាជវាំងដណ្តឹងយកស្រីរបាំធ្វើជាភរិយារបស់ខ្លួន។ គេឃើញមានសេសសល់ជាក់ស្តែងក្នុងសង្គមខ្មែរ រហូតមកដល់ពេលមុនសង្រ្គាមឆ្នាំ១៩៧០ផ្ទុះឡើងបន្តិច។ ដោយការមិនពេញចិត្តនៅទង្វើរទាំងនោះ គ្រូរបាំបុរាណធំៗនៃជំនាន់អង្គរនោះដែលជាអ្នកកាន់និងគោរពព្រះពុទ្ធសាសនា ហើយសុទ្ធតែជាអ្នកដែលបានខិតខំ ចំណាយកម្លាំងកាយ ប្រាជ្ញា និងទេពកោសល្យរបស់ខ្លួនបង្ហាត់បង្ហាញនិងអប់រំសិល្បះការិនីឲបានល្អ បានល្បី ដើម្បីបំរើព្រះពុទ្ធសាសនាទៅតាមសទ្ធារជ្រះថ្លារបស់ខ្លួន ក៏បានដកខ្លួនថយរត់គេចជ្រករស់នៅជាមួយប្រជារាស្រ្តជាពុទ្ធសាសនិក ពិសេសគឺយកវត្តអារាមខាងពុទ្ធសាសនាជាបង្អែក ហើយបង្កើតទម្រង់ល្ខោនថ្មីមួយប្រភេទទៀត ដែលមានសុទ្ធតែប្រុសៗជាអ្នករាំ ដើម្បីជៀសវៀងកុំឲអ្នកកាន់អំណាចទាំងឡាយបំផ្លាញសិល្បះរបស់ខ្លួនបានទៀត។ នេះជាការលើកយកមកសំអាងអំពីការកកើតនៃទម្រង់ល្ខោនប្រុស ដែលចេញមកពីប្រភពតែមួយពីល្ខោនក្បាច់បុរាណខ្មែរ ឫល្ខោនព្រះរាជទ្រព្យ ដែលមានសុទ្ធតែសិល្បះការិនីជាអ្នករាំ សូម្បីតែតួរអង្គប្រុសក៏ដោយ។ មតិទី២៖ ដើម្បីឆ្លើយតបទៅនិងចម្ងល់ថាតើហេតុអ្វីបានជាចាស់បុរាណខ្មែរយកសិល្បករប្រុសៗឲរាំជាតួស្រី នៅក្នុងទម្រង់ល្ខោនពាក់មុខដូច្នេះ? ឫក៏និយាយពីដើមកំណើតល្ខោនខោលនោះ? គេតែងតែលើកយកវិបត្តិនៃរាជ្យវង្សស្តេចខ្មែរ ពិសេសគឺការប្តូររាជវង្សពីវង្សវរ្ម័នមកវង្សព្រះបាទត្រសក់ផ្អែមដែលជាអតីតកសិករដាំត្រសក់មានរសជាតិផ្អែមពិសេសជាងគេ មកធ្វើជាទីសំអាង។
បើតាមសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប:បានដកស្រង់តាមប្រសាសន៌លោក *ហ្សក សឺដេស* យកមកចុះក្នុងកម្រងសិក្សាកថា 《Annale de I URBA No.1》បោះពុម្ពឆ្នាំ១៩៦៧ ត្រង់ទំព័រ១៥៧ថា៖ Le mot khol serait celui queles Cambodgiens emploient pour designer une variete des grands singes។ ដូច្នេះសម្រាប់លោកសឺដេស ល្ខោនខោលគឺជា《ល្ខោននៃរបាំស្វា》ព្រោះតួអង្គច្រើនជាតួយក្សនិងតួស្វា។
ចំណែកអ្នកឧកញ៉ាទេពពិទូរ ក្រសេមគន្ថបណ្ឌិតវិញនៅក្នុងទដ្សនាវដ្តីកម្ពុជសូរិយាលេខ៣ ខែមិនា ឆ្នាំ១៩៤៨ លោកបានសរសេរថា៖《ចំណែកល្ខោនខោលនោះ គេកំណត់លេងចំពោះតែដែលទាក់ទាមដោយរឿងព្រះជាម្ចាស់គឺព្រះឥសូរ ព្រះនារាយណ៌ ដែលជាព្រះក្នុងសេត្យសាស្រ្តគឺលេងរឿងអវតា "បែងភាគ" របស់ព្រះជាម្ចាស់ដូចរឿងរាមកេរ្ត៌ "រាមាយណ:" សឹងជាប្រវត្តិរបស់ព្រះជាម្ចាស់ដើម្បីប្រកាសកិត្តិគុណ សេចក្តីខ្លាំងពូកែ និងក្លាហានរបស់ព្រះជាម្ចាស់ និងអ្នកដែលព្រះជាម្ចាស់បានបែងភាគឲមកកើត ដូចជាព្រះរាមតាមក្បួនថា លេងរឿងដូច្នេះជាហេតុផកើតមង្គលសេរីដល់អ្នកលេង និងជាទីប្រោសប្រាណរបស់ព្រះជាម្ចាស់ ទើបគេនិយមលេងមកដល់ឥឡូវនេះ។ ឯពាក្យខោលក្នុងជីវភាពប្រជាជនកម្ពុជាវិញគេនិយមប្រើពាក្យនេះសម្រាប់សម្គាល់គោ ឫក្របីដែលមានស្នែងខ្លី ហើយខបចុះក្រោម ឫសម្គាល់សត្វកន្ទុយខ្លី ឫបើមិនដូច្នោះទេបើកាលណាគេនិយាយថា៖ ធ្វើអ្វីមួយខោលតែម្តង...នោះបានសេចក្តីថា ធ្វើអ្វីមួយនោះដោយមិនបានព្រាងទុកជាមយនឡើយ ពោលគឺគិតឃើញភ្លាម រឺជួបភ្លាមធ្វើភ្លាមតែម្តង។ តាមសម្តីលោកអ្នកប្រាជ្ញបណ្តិត និងការនិយមរបស់ប្រជាជនកម្ពុជាក្នុងការសម្គាល់ខោល ឫល្ខោនខោលនេះ មានន័យសមរម្យល្អណាស់ ព្រោះបើយើងពិនិត្យមើលទម្រង់ល្ខោនខោល ដែលសេលសល់ដល់យើងសព្វថ្ងៃនេះ យើងឃើញថា៖ ល្ខោនខោល គឺជាល្ខោនពាក់មុខ អ្នករាំធ្វើកាយវិការឥតព្រាងទុកជាមុន ដើម្បីត្រាប់តាមពាក្យសម្តី របស់អ្នកពោល ដែលជាអ្នកមាននាទីដឹកនាំរឿង និងរៀបរាប់រឿង ទម្រង់នេះសម្តែងតែរឿងរាមកេរ្ត៌មួយគត់ ដែលជារឿងដែលពោរពេញទៅដោយតួអង្គយក្សនិងស្វា។ ឯការសម្តែងវិញ គឺធ្វើឡើងក្នុងពិធីត្រស្តិសង្រ្កាន្ត គឺពិធីផ្តាច់ឆ្នាំចាស់ចូលឆ្នាំថ្មី៖ រាំដើម្បីបំបាត់ ឧបទ្រពចង្រៃនៃឆ្នាំចាស់ ហើយសុំទេវតាឆ្នាំថ្មី និងវត្ថុសាកសិទ្ធិទាំងអស់ជួយប្រទានស័ព្ទសាធុការពរ សេចក្តីសុខចម្រើន សិរីសួស្ដី ជ័យមង្គល សុំឲបានប្រកបនិងសុភមង្គល និងសំបូររុងរឿងក្នុងជីវភាពជាប្រចាំរបស់ប្រជាជនកម្ពុជា និងមានពេលខ្លះពេលដែលស្រុកទេសជួបវិបត្តិគ្រោះរាំងស្ងួត គេក៏រាំល្ខោនខោលដើម្បីសុំទឹកភ្លៀងផងដែល។ ម្យាងទៀតល្ខោននេះជាទម្រង់ដែលមានសុទ្ធតែសិល្បករប្រុសៗជាអ្នករាំ សូម្បីតែតួអង្គស្រីដូចជា តួនាងសីតា នាងមណ្ឌោគិរី នាងបុញ្ញកាយ ឫនាងសុវណ្ណមច្ចាក៏ដោយ៕ !
*អត្ថបទដកស្រង់ចេញពីប្រវិត្តនៃល្ខោនខោល*


