ខ្ញុំមានការចងចាំថា តាំងពីកើតរហូតមកដល់សព្វថ្ងៃខ្ញុំមិនមានសំណាងដែលទទួលបានការស្រឡាញ់និងភាពកក់ក្តៅពីឪពុកដូចគេសោះ។ ព្រោះតាំងពីខ្ញុំកើត ខ្ញុំមិនបានរស់នៅជិតឪពុក និងរហូតដល់ពេលខ្ញុំចេះយល់ដឹងខ្លះៗឃើញតែឪពុកម្តងកាលពេលដែលគាត់មកផ្ទះម្តងៗ ដោយជួបនូវស្ថានភាពបែបនេះហើយទើបធ្វើឲពេលដែលខ្ញុំធំពេញវ័យមិនសូវមានមនោសញ្ចេតនាជាមួយនិងឪពុក។
ខ្ញុំបានត្រឹមតែហៅគាត់ថាប៉ា និងការគោរពចំពោះគាត់តែភាពស្និតស្នាល និងមនោសញ្ចេតនារវាងឪពុកនិងកូន ខ្ញុំមិនដែលទទួលបានសូម្បីតែម្តង ដែលធ្វើឲខ្ញុំក្លាយជាមនុស្សម្នាក់ដែលមានអារម្មណ៍ឯកានិងចូលចិត្តនៅតែម្នាក់ឯងពេលខ្លះ។ ព្រោះខ្ញុំតែងយល់ឃើញថាមិនមានអ្នកណាម្នាក់យល់ពីអារម្មណ៍របស់ខ្ញុំ។ ខ្ញុំត្រូវការភាពថ្នាក់ថ្នមនិងការយល់ចិត្តពីអ្នកណាម្នាក់ តែខ្ញុំមិនដែលបានទទួលពីនរណាម្នាក់ វាធ្វើឲខ្ញុំក្លាយជាមនុស្សម្នាក់ម៉ឹងម៉ាត់ ច្បាស់លាស់ហើយមិនសូវមាត់កជាមួយមនុស្សមួយចំនួនដែលនៅជុំវិញខ្ញុំ។ ដោយភាពម៉ឹងម៉ាត់នេះហើយ នៅពេលដែលឪពុកខ្ញុំឈឺធ្ងន់ជិតអនិកម្ម គាត់បានហៅបងប្អូនបង្កើតខ្ញុំម្នាក់ម្តងមកផ្តែផ្តាំគ្រប់គ្នា។ លើកលែងតែខ្ញុំម្នាក់គាត់មិនបានផ្តែផ្តាំឫនិយាយអ្វីមកកាន់ខ្ញុំទាំងអស់ គាត់បានត្រឹមតែសម្លឹងមើលភ្នែកខ្ញុំហើយគាត់សម្លឹងទៅកាន់សៀវភៅមួយក្បាលមានចំណងជើងថា **កូនមាសឪពុក** ដែលនៅជិតគាត់។ ទោះខ្ញុំចង់និយាយអ្វីទៅកាន់គាត់នៅពេលនោះក៏មិនអាចនិយាយអ្វីចេញមកបាន ខ្ញុំបានត្រឹមអង្គុយនៅចុងជើងគាត់ សម្លឹងមើលគាត់រហូតដល់គាត់ចាកចេញទៅ ទោះទឹកភ្នែកមួយដំណត់ក៏ខ្ញុំមិនអាចស្រក់ចុះមក។ នេះហើយជាភាពម៉ឹងម៉ាត់រឹងមាំដែលខ្ញុំបានទទួលមកពីស្ថានភាពរបស់ខ្ញុំតាំងពីតូច។ ថ្ងៃនេះកាលពី ៧ឆ្នាំមុនគឺជាថ្ងៃដែលឪពុកខ្ញុំបានទទួលអនិកម្មទៅ គឺត្រូវនិងខួបគំរប់ ៧ឆ្នាំរបស់គាត់។
ខ្ញុំបានយកផ្លែឈើមកប្រគេនដល់ព្រះសង្ឃនៅវត្តទួលទំពូងដើម្បីបង្សុលឧទ្ទិសកុសលដល់លោកឪពុកឲបានទៅកាន់សុគតិភពខាងមុខ។ និងសូមចែកនូវកុសលផលបុណ្យជូនដល់បងប្អូនគ្រប់ៗគ្នា សាធុ សាធុ សាធុ៕


