សំនួរ និងចម្លើយ៖
១. ហេតុអ្វីបានជាផ្ទះ និងសំណង់អគារមួយចំនួនត្រូវភ្លើងឆេះបាន?
ចម្លើយ៖ ជាដំបូងយើងគួរស្វែងយល់ថាអ្វីទៅដែលហៅថា “ភ្លើង” ជាមុនសិន៖ ភ្លើងគឺជាចំហេះ សម្រាប់បម្រើជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សទូទៅលើលោក។ ប៉ុន្តែភ្លើងនេះនឹងក្លាយទៅ ជាគ្រោះអគ្គីភ័យនៅពេល ដែលមនុស្សយើងគ្រប់គ្រងពុំបានត្រឹមត្រូវហើយវាបានបំផ្លាញទ្រព្យ សម្បត្តិ អាយុជីវិតមនុស្ស សត្វ ផ្ទះសម្បែង ផលដំណាំ និងបរិស្ថាន ។ល។
ដូចនេះជនគ្រប់រូបត្រូវមានករណីយកិច្ចចូលរួមក្នុងសកម្មភាពបង្ការអគ្គីភ័យ និងការពន្លត់អគ្គីភ័យ ដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ដោយអគ្គីភ័យ។
ចំណែកសំណួរដែលសួរថាហេតុអ្វី បានជាអគារខ្ពស់ៗ មួយចំនួនត្រូវភ្លើងឆេះបាន?
ខ្ញុំគិតថាមិនថាអគារខ្ពស់ ឬក៏ទាបផ្ទាល់ដីនោះទេ សុទ្ធតែអាចមានអគ្គីភ័យកើតឡើងគ្រប់ពេលប្រសិនបើយើងមានការធ្វេសប្រហែស។
២. តើមានកត្តាអ្វីខ្លះដែលអាចបណ្តាលឲ្យអគារខ្ពស់ត្រូវភ្លើងឆេះបាន?
ចម្លើយ៖ មានកត្តាជាច្រើនដែលអាចបណ្តាលអោយសំណង់អគារខ្ពស់ៗត្រូវភ្លើឆេះប៉ុន្តែយើងលើកយកតែ៣ចំណុចមកធ្វើការពន្យល់បង្ហាញ៖
ក. អគ្គីភ័យកើតឡើងដោយសារការធ្វេសប្រហែសរបស់មនុស្សទូទៅ (ប្រុស ស្រី ក្មេង ចាស់)
ដូចជា៖ ភ្លើងចង្រ្កានធ្យូង ឬ ហ្គាស ភ្លើងចង្កៀង ភ្លើងទៀនធូប ភ្លើងសំរាម ភ្លើងបារី ភ្លើងព្រៃ រំសេវ កាំជ្រួច ប្រេងឥន្ធនៈ ។ល។
ខ. អគ្គីភ័យកើតឡើងដោយសារការប្រើប្រាស់ចរន្តអគ្គិសនី ការដាច់រលាត់ ការតថ្ពក់ ការប្រើប្រាស់ ហួសកម្រិត ការប្រើប្រាស់ឧបករណ៍ ឬសម្ភារៈ ដែលប្រើប្រាស់ចរន្តអគ្គិសនីពុំមានបច្ចេកទេស ត្រឹមត្រូវ។ល។
គ. ដោយសារការប្រើប្រាស់គ្រឿងអេឡិចត្រូនិចហួសកំណត់ដោយមិនមានការគ្រប់គ្រង ច្បាស់លាស់ ។
៣. តើត្រូវការការពារដូចម្តេចខ្លះ? ការការពារអាចត្រូវធ្វើក្នុងដំណាក់កាលណាខ្លះ?
ចម្លើយ៖ វីធីការពារមានច្រើនបែប ច្រើនសណ្ឋាន ប៉ុន្តែយើងលើកយកតែរបៀបការពារមួយ ចំនួនមកបង្ហាញ៖
ត្រូវគោរពអនុវត្តតាមបទដ្ឋានបច្ចេកទេស អំពីការប្រើប្រាស់ចរន្តអគ្គិសនី ឧស្ម័នចំហេះ និងសារធាតុងាយឆេះ ឬងាយផ្ទុះឆេះគ្រប់ប្រភេទ។
ការតភ្ជាប់ចរន្តអគ្គិសនី ឧស្ម័នចំហេះត្រូវធ្វើតាមការណែនាំផ្នែកបច្ចេកទេស។
ត្រូវរៀបចំប្រព័ន្ធការពាររន្ទះអោយបានត្រឹមត្រូវ។
ត្រូវពិនិត្យមើលបណ្តាញ ឬឧបករណ៍តភ្ជាប់ចរន្តអគ្គិសនីដែលកំពុងប្រើប្រាស់បច្ចុប្បន្ន ករណីរកឃើញថាមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសត្រូវផ្លាស់ប្តូរជាបន្ទាន់។
ត្រូវផ្តាច់ចរន្តអគ្គិសនី បិទ ឬពន្លត់ភ្លើងចង្ក្រាន អំពូលបំភ្លឺ ចង្កៀងប្រេង ភ្លើងធូបជាដើម នៅពេលឈប់ប្រើប្រាស់ ឬមុនពេលចាកចេញពីលំនៅដ្ឋាន ឬកន្លែងធ្វើការ។
ត្រូវបង្កើនការប្រុងប្រយ័ត្ន និងម្ចាស់ការខ្ពស់បំផុតក្នុងការបង្ការ ទប់ស្កាត់គ្រោះអគ្គីភ័យនៅ តាមលំនៅដ្ឋាន និងទីកន្លែងប្រកបមុខរបរនីមួយៗអោយបានជាប់ជាប្រចាំ។
ត្រូវបំពាក់ប្រព័ន្ធបន្លឺសំឡេងស្វ័យប្រវត្តិនៅពេលមានផ្សែង ឬអណ្តាតភ្លើង (Fire Alarm System)។ នៅពេលលឺសំឡេងរោទ៍ពីប្រព័ន្ធមួយនេះ យើងជាម្ចាស់ផ្ទះ ឬអគារអាចទាញ យកបំពង់ ពន្លត់អគ្គីភ័យសំដៅទៅកន្លែងកើតហេតុ។ ទន្ទឹមនឹងនោះត្រូវស្រែក ឬផ្លុំកញ្ចែ ដើម្បីប្រកាស អាសន្នដល់មនុស្សដែលរស់នៅទីនោះ ហើយត្រូវស្រែកអោយនរណាម្នាក់ ជួយទំនាក់ទំនងទៅនាយកដ្ឋានពន្លត់អគ្គីភ័យភ្លាម។
គួរតែបំពាក់ប្រព័ន្ធពន្លត់អគ្គីភ័យស្វ័ប្រវត្តិព្រោះវាអាចពន្លត់ភ្លើងបានករណី យើងមិនបាន នៅទីកន្លែង កើតហេតុដូចជាប្រព័ន្ធបាញទឹកពន្លត់អគ្គីភ័យ (Fire Sprinkler System) ។ល។
គ្រប់អគារ និងគ្រប់គេហដ្ឋានទាំងអស់ត្រូវតែមានបំពង់ពន្លត់អគ្គីភ័យដាក់នៅក្បែរកន្លែង ដែលយើងគិតថាងាយមានបញ្ហា ដូចជានៅទីតាំងផ្ទះបាយជាដើម។
គួរតែទាក់ទងទិញបំពង់អគ្គីភ័យពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះព្រោះ ពួកគាត់មានបំពង់ ដែលពិនិត្យបានយ៉ាងត្រឹមត្រូវ។
នៅពេលយើងបាញ់ម្ស៉ៅខាងក្នុងអស់ក៏គួរតែទាក់ទងទៅពួកគាត់ ដើម្បីបញ្ចូលម្ស៉ៅក្នុងបំពង់ ។ ប្រសិនបើយើងបញ្ចូលនៅតាមទីសាធារណៈ ម្ស៉ៅដែលគេបញ្ចូលអោយនោះមិនប្រាកដថា ជាម្ស៉ៅសំរាប់ពន្លត់ពិតប្រាកដទេ។
គួរតែអញ្ជើញមន្ត្រីខាងអគ្គីភ័យដើម្បីមកពិនិត្យបំពង់យ៉ាងតិច ៣ ខែម្តង និងយ៉ាងយូរ ៦ ខែម្តង។

