កាលពីដើមឡើយមានបុរសម្នាក់បានរៀបការជាមួយនារីដ៏ស្រស់ស្អាតមួយរូប បន្ទាប់ពីរៀបការពួកគេទាំងពីរនាក់មានជីវិតរស់នៅយ៉ាងសប្បាយរីករាយជាមួយគ្នា។ បុរសជាប្ដីបានសរសើរដល់សម្រស់របស់ប្រពន្ធ ព្រមទាំងស្រលាញ់នាងជាខ្លាំង។
ប៉ុន្តែពីរបីខែកន្លងមក ស្រ្តីជាប្រពន្ធបានដឹងថាខ្លួនមានជម្ងឺស្បែកដែលនឹងបណ្ដាលឲ្យរូបនាងបាត់បង់សម្រស់ស្រស់ស្អាតនោះ។ បន្ទាប់ពីដឹងរឿងនេះ ស្រ្ដីជាប្រពន្ធចាប់ផ្ដើមគិតពីខ្លួនថា "ចុះបើខ្ញុំប្រែទៅជាមានរូបអាក្រក់ នោះប្ដីរបស់ខ្ញុំនឹងស្អប់រូបខ្ញុំជាមិនខាន ហើយខ្ញុំនឹងមិនអាចទ្រាំទ្រសេចក្ដីសំអប់របស់គាត់មកលើខ្ញុំបានឡើយ។"
១ថ្ងៃក្រោយមក បុរសជាប្ដីបានចេញទៅប្រកបការងារនៅខាងក្រៅទីក្រុង នៅពេលដែលកំពុងតែធ្វើដំណើរត្រឡប់មកផ្ទះវិញ បន្ទាប់ពីបញ្ចប់ការងារហើយ រូបគេបានជួបនូវគ្រោះថ្នាក់មួយដែលធ្វើឲ្យបាត់បង់ភ្នែកទាំងសងខាងក្នុងពេលមួយរំពេច។
ទោះបីជាមានរឿងទាំងនេះបានកើតឡើងក៏ដោយ ពួកគេទាំងពីរនាក់បន្តដំណើរជីវិតអាពាហ៍ពិពាហ៍ជាមួយគ្នាយ៉ាងល្អប្រសើរ។
ពេលវាលាក៏បានកន្លងផុតទៅ ស្រ្តីជាប្រពន្ធក៏បានបាត់បង់សម្រស់របស់ខ្លួនដោយសារមានជម្ងឺរស្បែកនោះ។ រូបនាងប្រែទៅជាអាក្រក់ ហើយប្ដីរបស់នាងក៏ពិការភ្នែកមិនអាចមើលឃើញនោះទេ ដូច្នេះវាមិនប៉ះពាល់ដល់ជីវិតអាពាហ៍ពិពាហ៍របស់ពួកគេទាំងពីរឡើយ ដូច្នេះបុរសជាប្ដីនៅតែស្រលាញ់ប្រពន្ធរបស់ខ្លួនដូចដើម។
រហូតដល់ថ្ងៃមួយនារីជាប្រពន្ធបានបាត់បង់ជីវិតទៅ ដូច្នេះឥលូវនេះបុរសជាប្ដីមានអារម្មណ៍សោកសៅម្នាក់ឯងជាខ្លាំង ក៏សម្រេចចាកចេញពីទីក្រុងទៅនៅជនបទ។
បុរសជាប្ដីបានធ្វើពិធីបុណ្យសពរបស់ប្រពន្ធរួចរាល់ នាថ្ងៃបន្ទាប់នៅពេលដែលរៀបនឹងចាកចេញមានអ្នកជិតខាងម្នាក់បានឃើញបុរសនោះហើយសួរថា "តើអ្នកអាចរស់នៅដោយគ្មានប្រពន្ធអ្នកជួយបានយ៉ាងដូចម្ដេច? អ្នកមិនអាចមើលឃើញអ្វីនោះទេ ប្រពន្ធរបស់អ្នកតែងតែនៅក្បែរហើយចាំជួយអ្នកជានិច្ចជាច្រើនឆ្នាំមកហើយ វានឹងពិបាកណាស់សម្រាប់អ្នក។"
បុរសជាប្ដីបានឆ្លើយតបថា "មិត្តអើយ ខ្ញុំមិនបានពិការភ្នែកនោះទេ។ ពេលកន្លងមកខ្ញុំគ្រាន់តែក្លែងធ្វើជាពិការភ្នែកតែប៉ុណ្ណោះ ពីព្រោះប្រពន្ធរបស់ខ្ញុំនាងបានដឹងអំពីជម្ងឺស្បែករបស់នាង ខ្ញុំដឹងថានាងមានអារម្មណ៍ភ័យខ្លាចចំពោះជម្ងឺនេះខ្លាំងណាស់។
ប្រសិនបើប្រពន្ធខ្ញុំដឹងថាខ្ញុំអាចមើលឃើញពីសម្រស់អាក្រក់របស់នាង នោះនឹងធ្វើឲ្យនាងឈឺចាប់ជាងជម្ងឺទៅទៀត។ នាងគឺជាប្រពន្ធដ៏ល្អមួយរូប ហើយខ្ញុំចង់ឲ្យនាងសប្បាយជានិច្ច។ ដូច្នេះហើយរយះពេលជាច្រើនឆ្នាំមកនេះ បានជាខ្ញុំក្លែងខ្លួនជាមនុស្សពិការភ្នែកនោះបែបនេះ"។

