និទានកំសាន្ត៖ រឿងវាសនាត្រីបីក្បាល !

K

និទានកំសាន្ត៖ រឿងវាសនាត្រីបីក្បាល !
នៅក្នុងទូកនេសាទ អ្នកនេសាទចាប់បានត្រីបីក្បាល រួចហើយគាត់ចែវទូកត្រឡប់ទៅគេហដ្ឋានដើម្បីប្រញ៉ាប់ទៅចំអិនធ្វើជាអាហារវិញ។ ត្រីរស់ទាំងបី ធ្វើមាត់ម្ហបៗនឹករំពឹងពីវាសនារបស់ខ្លួនយ៉ាងខ្លោចផ្សាជាទីបំផុត ! ព្រោះកំពុងតែជួបជុំហិចហែលរីករាយសប្បាយជាមួយញាតិ ឥឡូវមកព្រាត់គ្នាបែបនេះ ! ។ មិនទ្រាំស្លាប់ងាយៗឡើយ ! ត្រីមួយក្បាលប្រឹងលោតចុះលោតឡើង យកតែពីឈ្នះដៃ អ្នកនេសាទឃើញបែបនេះ គាត់បានវាយក្បាលត្រីនឹងត្រឡោកស្លាប់បាត់ទៅ ត្រីមួយទៀតឃើញដូច្នេះក៏គិតថា ធ្វើម៉េចទេកម្មអញបានកើតមកជាត្រីបើវាសនាតំរូវឲ្យអញស្លាប់ពេលណា ពេលហ្នឹងទៅចុះ ! វាក៏ដេកសំងំស្ងៀមទៅ។ឯត្រីទីបីវាគិតថា ការតស៌ូគឺត្រូវតែមាន តែអញមិនត្រូវតស៌ូខុសទំនងនាំឲ្យស្លាប់ខ្លួនទទេរៗនោះទេ អញត្រូវរង់ចាំឪកាសល្អមកដល់សិន ! ។លុះពេលជិតបានមកដល់ជ្រាំង អ្នកនេសាទបានជាន់ទូកឲ្យផ្អៀង ត្រីឆ្លាតបានឃើញឪកាសល្អបានមកដល់ វាប្រឹងលោតផ្លោតចេញក្រៅទូកបានរួចជីវិតបាត់ទៅ ! នៅសល់តែត្រីដែលសុខចិត្តស្លាប់តាមកម្ម និងត្រីងាប់ដោយលោតមិនដឹងទិសតំបន់ ត្រូវអ្នកនេសាទចាប់ដោតត្រណោតយកទៅធ្វើជាអាហារបាត់ទៅ ! ។ ចាំណា ! ជោគជ័យក្នុងជីវិត គឺជៀសមិនផុតពីត្រូវការប្រើ បញ្ញា ការព្យាយាម ដើម្បីតស៌ូដោះស្រាយជាមួយផលកម្មចាស់ផង និងការធ្វើកម្មថ្មីផង ហេតុនេះ អ្វីៗគឺឋិតនៅលើការគិតត្រូវ ពាក្យថាត្រូវ ប្រែមកថា « សុខ »នេះឯង ។រូបមន្តជីវិតគឺ ៖ ធ្វើកម្ម(កម្មចាស់កម្មថ្មី) - ការព្យាយាម - បញ្ញា ! ។

Comments