សុភមង្គលនៃក្តីស្រឡាញ់ !
បើគេចេះសាងដំបូលឲ្យត្រជាក់ហើយ នោះសមាជិកក្នុងគ្រួសារនឹងមិនចាកចេញទៅក្រៅនោះទេ ប៉ុន្តែបើដំបូលនោះក្តៅពេក មិនមានអ្នកណាអាចជ្រកបានឡើយ ។ ដំបូលត្រជាក់ ក្នុងផ្ទះមានអារម្មណ៍រីករាយ ឮសូរតែសម្លេងសើចសប្បាយនិងពាក្យផ្អែមល្ហែមដាក់គ្នា ពេលមានការសារទុក្ខគេរួមគ្នាដោះស្រាយបញ្ហាបានយ៉ាងត្រជាក់ត្រជុំ ម្នាក់ៗ គ្មានអាថ៌កំបាំងដែលត្រូវលាក់លៀមនោះទេ ។ បញ្ហាទាំងអស់ត្រូវបានបញ្ចប់ដោយភាពរីករាយ ធ្វើអ្វីក៏ស្រុះស្រួលមូលមាត់គ្នា ទំនាក់ទំនងក្នុងគ្រួសារជិតស្និទ្ធិប្រកបដោយឯករាជ្យភាព មិនមានការទាមទារគ្រប់គ្រងគ្នា ទាមទារតុល្យភាពព្រោះគោរពឋានៈតួនាទីក្នុងគ្រួសារ ។ គ្រួសាររីករាយ គឺចាប់ផ្តើមពីមេគ្រួសារ ចេះសាងភាពរីករាយ នេះគឺជាដំបូលដ៏ត្រជាក់ក្នុងគ្រួសារ ! ចាំណា ពេលខ្លះការផ្លាស់ប្តូរតែបន្តិចបន្តួច នាំមកនូវផលផ្លែសឹងតែមិនគួរឲ្យជឿ ។ ស្វែងរកស្នេហ៍ពិត !
ស្នេហ៍ពិតគេមិនដែលរកឃើញដោយងាយនោះទេ មានតែគេសាងវាឡើង ! អ្នកខ្លះធ្លាក់ក្នុងអន្លុងស្នេហ៍ព្រោះតែមនុស្សម្នាក់ពូកែធ្វើឲ្យគេញញឹមបានក្នុងពេលជួបការលំបាក ខ្លះស្រឡាញ់មនុស្សដែលមិនដែលចាកចេញពីគេគ្រប់ស្ថានភាពទាំងអស់ គេអាចទទួលយកកំហុសឆ្គងហើយជួយផ្លាស់ប្តូរទៅរកភាពវិជ្ជមានបាន ។ ស្នេហ៍ពិតគឺប្រសូត្រចេញពីឧត្តមគតិរបស់មនុស្សល្អ ដែលប្រកបដោយការទទួលខុសត្រូវ មនុស្សដែលគ្មានការទទួលខុសត្រូវ គ្មានចិត្តមេត្តាប្រណី គ្មានក្តីស្មោះត្រង់ មិនអាចសាងស្នេហ៍ពិតនៅលើលោកនេះបានឡើយ ! ។

