និទានធម្មៈ !

K

និទានធម្មៈ !
ចៅសុខបានសួរលោកតាម្នាក់នៅក្នុងភូមិជាមួយគ្នាៈ តាហេតុអីមុខផ្ទះតាមិនចងទង់សាសនាដើម្បីសំគាល់ថា តាគឺជាអាចារ្យនិងជាគ្រូទាយផងទៅ ដើម្បីឲ្យគេងាយស្រួលរក ។ លោកតានោះតបថាៈ តារស់នៅក្នុងជីវិតដែលកើតចេញពីគំនិតរបស់តា មិនត្រូវការកូពីចម្លងតាមគំនិតឬទិដ្ឋិអ្នកណាមួយឡើយ ។ ចៅនោះតបៈ នេះក៏ជាទិដ្ឋិមួយដែរតើតា តាមពិតការរស់នៅដែលផុតពីទិដ្ឋិគឺមិនដែលខ្វល់ពីគំនិតអ្នកដទៃឡើយ​ ធ្វើម៉េចឲ្យតែខ្លួនឯងមានក្តីសុខនឹងអ្នកដទៃមានក្តីសុខដោយការមិនបៀតបៀនគ្នាគឺចប់ហើយ ។ ជីវិតដើរតាមព្រះធម៌គឺដើរតាមដោយបេះដូងបរិសុទ្ធ មិនមែនដើម្បីសទ្ធម្មប្បដិរូប យកធម៌ព្រះមកឆ្នៃតាមគំនិតខ្លួនឯងនោះទេ ត្រូវខំប្រយុទ្ធជាមួយគំនិតមិនសមហេតុផល រំលត់ហេតុនៃទុក្ខដែលកើតពីកិលេសទើបជាផ្លូវដែលត្រឹមត្រូវពិតប្រាកដ ។ តើខ្ញុំនិយាយនេះត្រឹមត្រូវទេតា ? តាញញឹមងក់ក្បាលយល់ស្របហើយដើរចេញទៅ ។ ស្រាប់តែយប់បន្តិច មានស្រីចំណាស់ម្នាក់រត់មកផ្ទះតា ហើយនិយាយថា លោកតា ! ខ្ញុំជាម្តាយចៅសុខ សូមលោកតាជួយចាប់យាមវាយលេខអត្តៈមើលកូនខ្ញុំផង ! វានៅសុខៗស្រាប់តែប្រកាច់តូងឡូឡាដូចខ្មោចចូលពេញផ្ទះ ។ តាញញឹមបន្តិចទើបតបថា វាកំពុងតែប្រយុទ្ធជាមួយគំនិតមិនសមហេតុផលហើយអ្នក ខ្ញុំមិនហ៊ានចាប់ជើងលេខអីទេ ខ្លាចវាអន់ចិត្ត សូមអ្នកអញ្ជើញទៅវិញចុះ ! ម្តាយសុខបើកភ្នែកធំៗ លើកដៃជំរាបលាចេញទៅ ។ តារអ៊ូតិចៗ អ្នកខ្លះចេះជ្រុលក៏ងាប់ដែរ ! អ្នកណាមិនដឹងថា ការបញ្ចប់ទុក្ខគឺមានតែនិព្វាន តែតាមផ្លូវទៅនោះ វាអាចជួបពស់ ជួបខ្លា ដែលគេត្រូវចេះការពារជីវិតដើម្បីទៅឲ្យបានដល់និព្វាន អើ បើថាច្បាស់លាស់ដាច់ខាតហើយ មានតែទៅឋានសុវណ្ណសិនទៅ អ្នកណាគេថាអី ។

Comments