វាមិនមែនជារឿងដែលយើងត្រូវជ្រើសរើសរវាងកំឡុងពេលសិក្សា ឬពេលចប់ការសិក្សា ទើបគួរមានស្នេហាឬអត់នោះទេ។ អ្វីដែលយើងត្រូវដឹងនោះ គឺគោលដៅដែលយើងត្រូវធ្វើ។ គោលដៅជីវិតគឺអ្វីដែលមនុស្សត្រូវពុះពារនិងធ្វើយ៉ាងណាត្រូវតែសម្រេចវាឱ្យបាន។ មែនទែនទៅយុវជនយើងគួរទុករឿងរ៉ាវមនោសញ្ចេតនាជាអត្តភាពចុងក្រោយ ដោយត្រូវផ្ដោតលើការសិក្សាជាធំជាមុនសិនទើបប្រសើរ។ ស្នេហា នរណាក៏មាននោះដែរ ចាប់តាំងពីដឹងក្ដីមក មនុស្សចេះស្រលាញ់ ចេះមានស្នេហារួចបាត់ទៅហើយ មិនចាំបាច់ត្រូវសួរថា តើគួរមានស្នេហាឬមិនមាននោះទេ។ ប៉ុន្តែយុវជនគប្បីដឹងថា តើខ្លួនគួរប្រើប្រាស់ស្នេហាយ៉ាងដូចម្ដេច? នឹងត្រូវបែងចែកពេលវេលារបស់ខ្លួនឱ្យបានច្បាស់លាស់ កុំច្រឡូកច្រឡំគ្នា។
ការមានសេ្នហាមិនមែនជារឿងដែលពិបាកខ្លាំងណាស់ណានោះទេ ហើយវាក៏មិនត្រូវតែមានតាមចិត្តចង់របស់យើងនោះដែរ។ អ្វីដែលមនុស្សគួរគិតនោះគឺមិនមែនធ្វើយ៉ាងម៉េចទើបអាចស្វែងរកស្នេហាមួយដែលពោរពេញទៅដោយសុភមង្គលនោះទេ។ ប៉ុន្តែពួកគេគួរគិតជាមុនសិនថា តើពួកគេមានសមត្ថភាពគ្រប់គ្រាន់នឹងរក្សាស្នេហាទាំងនោះឱ្យស្ថិតស្ថេរនិងមានសុភមង្គលដែរឬទេ?
ទំនួលខុសត្រូវក្នុងរឿងស្នេហាគឺជាភារៈដ៏ធំបំផុតដែលមនុស្សគួរតែបំពេញ។ ដូច្នេះប្រសិនបើយុវជនចចេសចង់មានស្នេហាតាមសម្រើបនៃចិត្តទាំងដែលខ្លួនមិនទាន់មានសមត្ថភាពក្នុងការរក្សាស្នេហានោះគឺមិនល្អឡើយ ចុងក្រោយសុភមង្គលដែលពួកគេបានគ្រោងទុកនោះ ក៏ពិបាកនឹងសម្រេចបាននោះដែរ។ ហេតុនេះមុននឹងចាប់ផ្ដើមស្នេហា ពួកគេគួរតែសួរខ្លួនឯងជាមុនសិនថា តើខ្លួនមានសមត្ថភាពទទួលខុសត្រូវលើសុភមង្គលគ្រួសារបានដែរឬទេ? បើមិនទាន់មានសមត្ថភាពទេ យល់ល្អគួរតែកុំទាន់គិតពីរឿងនេះឡើយ។

