ព្រះពុទ្ធសាសនាត្រូវចូលរួមយ៉ាងសកម្មដើម្បីជួយមនុស្ស ព្រះពុទ្ធសាសនាមិនអាចអាត្មានិយមបានទេ ព្រះពុទ្ធសាសនាត្រូវតែជួយស្រោចស្រង់មនុស្សមានទុក្ខ ពុទ្ធសាសនាត្រូវនៅឲ្យខ្ពស់ផុតបញ្ហា ផុតទិដ្ឋិ មានះនិងតណ្ហា ទើបអាចជួយបំភ្លឺផ្លូវជាតិ ផ្លូវសាសនា និងផ្លូវពិភពលោកបាន ! នោះទើបពុទ្ធសាសនាមានតំលៃចំពោះមនុស្ស ។ នេះជាសម័យកាលដែលយើងត្រូវការវាគ្មិនល្អៗ ដើម្បីប្រើគំនិតជួយដល់ការរស់នៅ ជួយកាត់បន្ថយអំពើអានាចារដែលកើតពីភាពភ្លើតភ្លើតហួសហេតុប្រដេញតាមសម្ភារៈនិយម និងភាពខ្លោចផ្សារដែលជាសំណល់នៃផលវិបាករបស់អំពើដែលគ្មានការគិតពិចារណាឲ្យបានវែងឆ្ងាយ ។

