មនុស្សមានមេត្តាព្រោះមានសមត្ថភាពពិសេសនៅក្នុងចិត្ត គេយល់ដឹងពីជីវិតតាមលំនាំពិតប្រាកដរបស់វា យល់ដឹងពីហេតុផលរបស់ជីវិត និងពីអាថ៌កំបាំងនៃការទ្រទ្រង់ ការពង្រីកអានុភាពរបស់វា ។ មនុស្សអត់បញ្ញាគ្មានចិត្តមេត្តាពិតប្រាកដទេ ព្រោះគេមេត្តាតែអ្វីដែលធ្វើឲ្យគេពេញចិត្តតែប៉ុណ្ណោះ ។ បញ្ញាតែម៉្យាងអាចគ្មានមេត្តា មេត្តាតែម៉្យាងអាចក្លាយជាល្ងង់ តែបើបញ្ញាធ្វើការជាមួយមេត្តាហើយ វាក្លាយទៅជាចំណេះដឹងផង ក្លាយទៅជាអារម្មណ៍ដ៏ពិសិដ្ឋឥតប្រែប្រួលផង ។ បញ្ញាខ្លះប្រើអត្តាដោយបើកចំហ ដែលអាចមានគ្រោះថ្នាក់ដល់អ្នកដទៃ តែបញ្ញាព្រះពុទ្ធគឺត្រូវកំចាត់អត្តាចោលជាមុនសិន ដើម្បីឈានទៅដល់ស្ថានភាពមួយដែលគ្មានភាពអគតិ ។ កាលណាអស់អត្តាហើយគេមានសមត្ថភាពយ៉ាងពេញលេញ ក្នុងការស្តាប់ ក្នុងការវិនិច្ឆ័យ គេជួបអ្វីក៏គ្មានការទើសចិត្ត គេបង្កើតតែសន្តិភាពជាមួយពិភពខាងក្រៅ ។ អត្តា ឬ អាត្មានិយមចេះរែកពុនតែភាពអគតិ ខួរក្បាលមានតែតួលេខចំណូល គ្មានទិន្នន័យចំណាយ ផ្ទុកតែជំនឿដែលនិយាយតែពីការបាន ជំនឿដែលក្បត់នឹងពុទ្ធិសកល ។

