- គតិលោក !
សីហៈជាស្តេចសត្វក្នុងគិរីបព្វតា សម័យមួយបានធ្លាក់ខ្លួនឈឺ អស់ទាំងសត្វមានកង្វល់នាំគ្នាមកចោមរោមថែទាំគគ្រឹកគគ្រេង បាត់តែទន្សាយមិនឃើញមកអើពើនឹងគេ សត្វស្វាឆ្លៀតឪកាសបានពោលចាក់រុកស៌កសៀតជាមួយស្តេចសត្វថា ទន្សាយជាសត្វមានក្តីប្រមាថដល់សីហៈ វាគិតតែការសប្បាយ មិនព្រួយបារម្ភដល់ព្រះចេស្តាឡើយ ។ ដំណឹងនេះបានដឹងដល់ទន្សាយ គេខំបោលខ្មួលខ្មាញ់ត្រហេបត្រហប ទៅលុតក្រាបក្បែរស្តេចសិង្ហរួចហើយពោលយ៉ាងខែងរែងថា ដែលខ្ញុំម្ចាស់បាត់ខ្លួនមួយរយះនេះ មិនមែនមិនដឹងពីព្រះរាជសុខភាពរបស់ព្រះអង្គទេ តែខ្ញុំបានរត់រកពេទ្យគ្រប់ទីកន្លែង ពេទ្យម្នាក់ៗ ពោលគ្រប់តែមាត់ថា ព្រះរោគាពាធនេះ នឹងជាសះស្បើយបានដរាបណាព្រះអង្គបានហុតឈាមសត្វស្វា ! ស្តេចសីហៈបានស្ទុះទៅកាច់កស្វាដែលនៅចាំចាក់រុកទន្សាយក្បែរខ្លួនហុតគ្មានសល់មួយតំណក់ឡើយ ! ។

