កម្មផល(Karma)គឺជាស្រទាប់ឋាមពលដែលវិលនៅជុំវិញខ្លួនអ្នកតាមទំនាញឋាមពលចិត្ត ដែលនាំឲ្យមានបាតុភូតរលកអេកូផ្សាយចេញនឹងឡងត្រឡប់មករកប្រភពដើមវិញ ។ កម្មអ្នកណាធ្វើអ្នកនោះទទួល ដោយមិនចាំបាច់រំពឹងទុកជាមុន គេធ្វើអំពើអាក្រក់មកលើអ្នកជាកម្មរបស់គេ អ្នកប្រតិកម្មចិត្តតបគឺជាកម្មរបស់អ្នក ។ គំនិតរបស់មនុស្សមានឥទ្ធិពលទៅលើការពិតរបស់ពួកគេ ភាពចលាចលដែលមាននៅពាសពេញពិភពលោកនាពេលបច្ចុប្បន្ននេះ គឺជាលទ្ធផលផ្ទាល់នៃគំនិតរបស់មនុស្ស ។ ជំលោះ ការត្អូញត្អែរ សង្គ្រាម សុខទុក្ខ ជាទូទៅវាចាប់ផ្តើមជាមួយនឹងគំនិតដែលត្រូវបានអនុវត្តជាមួយសកម្មភាពរបស់ពួកគេ ។ កម្មជាឋាមពលរំញ័រនៃភពផែនដីទាំងមូល លោកនេះចំរើនឡើងនិងវិនាសទៅគឺដោយសារកម្ម កម្មសាងលោក កម្មបំផ្លាញលោក អ្វីៗឋិតក្រោមច្បាប់កម្មទាំងអស់ ។ កម្មល្អគឺជាការព្យាយាមក្លាយជាមនុស្សល្អ កម្មមិនល្អជាការព្យាយាមធ្វើអ្វីៗដោយអំណាចក្តីលោភលន់ កំហឹងក្រោធ និងភាពល្ងង់ខ្លៅឥតបញ្ញា ដែលបង្កើតតែបញ្ហាឲ្យខ្លួនឯងមិនឈប់ឈរ នឹងនាំទៅដល់ការវិនាសទៅនៃលោកក្នុងពេលដ៏ខ្លី ។ មធ្យោបាយសាងកម្មល្អ !
១- រស់នៅជាមួយចេតនាល្អជានិច្ច
២- និយាយតែពាក្យពិតនិងមានប្រយោជន៍នាំឲ្យមានក្តីសុខ
៣- អនុវត្តចិត្តមេត្តានិងសប្បុរសធម៌ ជួយមនុស្សសត្វដោយស្មោះ
៤- ដាស់តឿនស្មារតីខ្លួនឯងជានិច្ចៈ យើងមកកាន់លោកនេះដោយអំណាចកម្ម ត្រូវចេះធ្វើកំណែទំរង់ផលកម្មដើម្បីជ្រើសរើសភពថ្មីឲ្យបានល្អជាងមុន ទៅកាន់កន្លែងដែលមានសេចក្តីស្រឡាញ់ល្អបរិសុទ្ធិ និងតំណាងឲ្យឋាមពលថ្មីជានិច្ច ។
៥- រក្សាសីល ធ្វើសមាធិ វិបស្សនាៈ នេះជាគោលដៅល្អបំផុតនៅក្នុងលោក ព្រោះពិភពលោកត្រូវការមនុស្សដែលមានឋាមពលល្អៗច្រើនថែមទៀត ដើម្បីជួយព្យាបាលរបួសដែលខ្ទេចខ្ទាំ វាត្រូវបានចាប់ផ្តើមជាមួយនឹងយើងគ្រប់គ្នានេះឯង ។

