មរណានុស្សតិ ! មរណំ មរណំ ! អាត្មាអញមានសេចក្តីស្លាប់ជាធម្មតា !
បើគេដឹងខ្លួនថា ជីវិតមនុស្សសុទ្ធតែស្លាប់ទៅវិញទេ រួមទាំងខ្លួនគេផងដែរនោះ គេក្លាយខ្លួនជាមនុស្សមិនប្រមាទ គេលះបង់ភាពរីករាយត្រេកត្រអាលក្នុងភព លះបង់ភាពកំណាញ់ ការលើកតម្កើងខ្លួន ការវាយឬកក្រអឺតក្រទមមើលងាយមើលថោកអ្នកដទៃ រស់នៅមានការព្យាយាមធ្វើអំពើល្អ រូតរះក្នុងការប្រតិបត្តិធម៌មិនខ្ជះខ្ជាយពេលវេលា ។ គេមានជំនាញផ្លូវចិត្តយ៉ាងរឹងមាំ យល់ច្បាស់ពីអនិច្ចសញ្ញា ទុក្ខសញ្ញា អនត្តសញ្ញា ហើយលះការជាប់ប្រកាន់ថា ទៀង ថាសុខ ថាជាខ្លួននិងក្រោមអំណាចខ្លួន ។ គេមិនតក់ស្លុត មិនភ័យខ្លាច មិនវង្វេងនៅពេលជិតស្លាប់ សុគតិប្រព្រឹត្តិទៅបានយ៉ាងជាក់ច្បាស់ បានសម្រេចអមតៈធម៌ ព្រោះឃើញជាក់ច្បាស់នូវវិមោក្ខ៣ និព្វាន៣ ។ មរណៈមាន ខណិកមរណៈ - កាលមរណៈ - អកាលមរណៈ - សមុច្ឆេទមរណៈ ។ បុគ្គលដែលដឹងខ្លួនថាជាអ្នកស្លាប់រស់នៅត្រឹមតែមួយថ្ងៃ មានប្រយោជន៍ជាងបុគ្គលដែលមិនថាខ្លួនជាអ្នកស្លាប់រស់នៅអស់រយនៃឆ្នាំ ។

