ចិន

K

ចិន គឺជាប្រទេសមួយនៅអាសុីបូព៌ា ហើយនៅក្នុងឆ្នាំ ២០២១ ប្រទេសចិននៅតែជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេបំផុតនៅក្នុងពិភពលោកដែលមានប្រជាជនច្រើនជាង ១.៤ ពាន់លាននាក់។ចិនបានលេចឡើងក្លាយជាអរិយធម៌ដ៏ចំណាស់មួយដោយមានដើមកំណើតនៅក្នុងតំបន់អាងទឹកពហុពលនៃទន្លេលឿង។ ចិនធ្លាប់ជាមហាអំណាចសេដ្ឋកិច្ចធំជាងគេបង្អស់នៅលើពិភពលោកអស់រយៈពេល ២ សហស្សវត្សរ៍គឺចាប់ពីសតវត្សទី១ នៃគ.ស រហូតដល់សតវត្សទី១៩ នៃគ.ស។[១០] អស់រយៈពេលរាប់ពាន់ឆ្នាំមកនេះ នយោបាយប្រទេសចិនគឺផ្អែកទៅលើរបបរាជានិយមតំណពូជពង្សដោយចាប់ផ្តើមដំបូងនៅក្នុងរាជវង្សសៀ។ ក្រោយពីរាជវង្សសៀបានបង្កើតឡើង ប្រទេសចិនក៏ចាប់ផ្តើមពង្រីកឥទ្ធិពលនិងទឹកដីរបស់ខ្លួនហើយត្រូវបានបែកបាក់ជារដ្ឋតូចៗនិងត្រូវបង្រួបបង្រួមឡើងវិញជាច្រើនលើកច្រើនសារ។ នៅសតវត្សទី៣ មុនគ.ស ពួកឈិនបានបង្រួបបង្រួមទឹកដីស្នូលនៃប្រទេសចិនហើយក៏បានបង្កើតចេញជាអាណាចក្រចិនដំបូងគេនៅក្នុងប្រវត្តិសាស្ត្រ។

Comments