កុំអញ្ចឹងអី !

K

កុំអញ្ចឹងអី ! អ្នកព្យាយាមចាប់កន្ទុយស្វាខ្លួនឯងឲ្យជាប់ គឺកុំកំរើក កុំបើកភ្នែក កុំលេបទឹកមាត់ឲ្យសោះ ស្ថានការណ៍នេះនឹងកន្លងផុតទៅទេ រាល់ចំងល់របស់អ្នកនឹងត្រូវបានដោះស្រាយតាមក្រោយហើយ ។ ចាំណា ! ភារៈរបស់អ្នកគឺពិនិត្យតែខ្យល់ដង្ហើមតែប៉ុណ្ណោះ មិនប្រឹងដក មិនប្រឹងគិត មិនប្រឹងឆ្ងល់ បើប្រឹងគឺប្រឹងជឿថា ផ្លូវនេះជាផ្លូវដែលព្រះពុទ្ធទាំងឡាយបានដើរហើយ អាត្មាអញមិនខ្លាចអ្វីទាំងអស់ សូម្បីតែជីវិតត្រូវអស់ទៅក៏មិនបោះបង់ផ្លូវនេះជាដាច់ខាត ! ។ សមាធិពីតំបូងអាចថាជាការអង្គុយមើលភាពយន្តគំនិតក៏ថាបាន វាដូចជាការអង្គុយមើលរឿងក្នុងជីវិតរបស់អ្នកដែរ ប៉ុន្តែមានច្រើនជាងរឿងរបស់អ្នកទៅទៀត រួចហើយវាបង្កើតនូវជំរើសដ៏ឈ្លាសវៃក្នុងការគិតមកវិញទេ ជាការសឹងមិនគួរឲ្យជឿ អ្នកបែរជាចេះប្រើចិត្តបានយ៉ាងងាយស្រួលទៅវិញ ឲ្យវាដេក វាដេក ឲ្យវាឈប់គិតវាក៏ឈប់គិត ចិត្តមិនរឹងចចេសដូចពីមុនទេ ។ ដើម្បីមានភាពរីករាយជាមួយភាពយន្តគំនិត សូមអ្នកផ្អាកការមិនជឿជាក់ ផ្អាកចំងល់គ្រប់យ៉ាង អ្នកត្រូវធ្វើដោយគោរព អ្នកត្រឹមតែរីករាយជាមួយការដឹង ដែលឆ្លើយតបជាមួយអារម្មណ៍រំភើប អារម្មណ៍ភ័យខ្លាច ចំពោះសុវត្ថិភាពក្នុងភ្នែនរបស់អ្នក ។ រូបកាយដែលអង្គុយពត់ភ្នែនបែបនេះ នាំឲ្យចរន្តឈាមរុញឡើងទៅលើ អ្នកមានអារម្មណ៍តឹងណែនក្នុងខ្លួន ក្នុងក្បាល ចាស់ទំលោកថា ខ្យល់កើតឡើងពេញក្នុងកាយ កើតទុក្ខវេទនាចុកជើងសឹងប្រេះ ធ្វើចិត្តឲ្យថ្លាស្អាត ស្រាលៗ ប្រាប់ខ្លួនឯងថា មិនអីទេកុំភ័យ ទុក្ខវេទនានេះហើយវាជួយសាងចិត្តឲ្យមានការអត់ធន់ពេលចេញពីសមាធិមកវិញ យូរទៅអ្នកនឹងជួបសុខវេទនាមកវិញជាមិនខាន សូមអ្នកពិសោធដោយខ្លួនឯងចុះ ! ។

Comments