នៅពេលដែលក្នុងចិត្តអ្នកមានអារម្មណ៍តានតឹង ជ្រួលច្របល់ ភ័យខ្លាច ព្រួយបារម្ភច្រើន អន្ទះអន្ទែង ក្រេវក្រោធ ...អ្នកមិនអាចចុចបញ្ជាខួរក្បាលឲ្យដំណើរការល្អបានទេ តែអ្នកអាចចុចបញ្ជាប៊ូតុងពីចំងាយទៅខួរក្បាលបាន ។ ប៊ូតុងទាំងនេះមាននៅលើក្បាលពោះ ដើមទ្រូង និង ខ្យល់ចេញចូលត្រង់រន្ធច្រមុះ ចូរកុំតាមមើលអារម្មណ៍អាក្រក់ទាំងនោះ ត្រូវយកចិត្តផ្តោតមកលើពោះ ទ្រូងដែលប៉ោងផតទៅតាមខ្យល់ដង្ហើម ឬ មើលខ្យល់ចេញចូលត្រង់រន្ធច្រមុះ ធ្វើតែដូច្នេះចុះអារម្មណ៍មិនល្អទាំងនោះនឹងរលាយបាត់អស់ជាមិនខាន ។ អន្ទាក់របស់មនុស្សទូទៅដែលធ្លាក់ខ្លួនឈឺ ព្រោះអារម្មណ៍ភ័យខ្លាចក្តី អារម្មណ៍ខ្មាស់អៀនក្តី ចេញមកគឺដឹងតែពីបន្តគិត នាំឲ្យខ្លាច នាំឲ្យខឹង នាំឲ្យកាន់តែបារម្ភ រហូតធ្លាក់ខ្លួនឈឺ ។ ត្រូវព្យាយាមជួយខ្លួនឯង អ្នកមិនអាចដេកភ័យខ្លាច មិនអាចដេកធ្លាក់ទឹកចិត្តរហូតដល់ថ្ងៃស្លាប់បានទេ ក្រោកឡើងចេញទៅក្រៅបំពេញការងារទៅ ! រីករាយរស់នៅជាមួយវាកុំទោមនស្សឬអាក់អន់ចិត្តអ្វីឡើយ ។ អ្នកត្រូវដឹងឲ្យច្បាស់ថា ធម្មជាតិទាំងឡាយមិនទៀងទេ វាប្រែប្រួលកើតរលត់ទាំងអស់ តែអ្នកនៅតែឈឺជាមិនដាច់ព្រោះអ្នកជាប់ប្រកាន់ក្នុងរឿងនោះឯង អ្នកចេះតែលបចាំមើលបន្តិចទៀតអារម្មណ៍នោះផុសឡើងមកទៀតហើយ វាក៏ផុសមកទៀតមែន អ្នកត្រូវស្ពាយវាតាមរហូត ព្រះពុទ្ធបានត្រាស់ថា លះការប្រកាន់តែម៉្យាងគត់សត្វលោកនឹងរួចចាកទុក្ខ ! ធ្វើសមាធិទៅដើម្បីព្រលែងវាចោល ! ។

