សហគមន៍ La French Tech ភ្នំពេញ បើកសម្ពោធកម្មវិធី «Rendez-Vous Tech» នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ

K

សហគមន៍ La French Tech ភ្នំពេញ កំពុងរៀបចំដាក់សម្ពោធកម្មវិធី «Rendez-Vous Tech» នៅក្នុងវេទិការពាណិជ្ជកម្មឌីជីថលកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦។ ស្តង់ពិព័រណ៍ និងជំនួបពិភាក្សានេះ មានគោលបំណងភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុនបង្កើតថ្មី (startups) និងអ្នកជំនាញបច្ចេកវិទ្យាកម្ពុជា និងបារាំង។ ជាមួយគ្នានេះ លោក Thierry Tea សហប្រធានសហគមន៍ La French Tech ភ្នំពេញ ក៏នឹងឡើងថ្លែងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍ TEDxPhnomPenh Salon នៅថ្ងៃទី១២ ខែកញ្ញា ផងដែរ។



យោងតាមសារព័ត៌មាន Cambodia Investment Review សហគមន៍ La French Tech ភ្នំពេញ នឹងប្រកាសបើកសម្ពោធកម្មវិធី «Rendez-Vous Tech» ក្នុងអំឡុងពេលនៃ «វេទិការពាណិជ្ជកម្មឌីជីថលកម្ពុជា និងការពិព័រណ៍អនឡាញ» លើកទី៣ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦។ វេទិកានេះត្រូវបានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម សម្រាប់តំណាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ថ្នាក់ដឹកនាំធុរកិច្ច ក្រុមហ៊ុនបង្កើតថ្មី និងអ្នកជំនាញផ្នែកបច្ចេកវិទ្យា។

កម្មវិធី Rendez-Vous Tech ត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើជាវេទិកាជួបជុំជាទៀងទាត់ សម្រាប់ការណែនាំខ្លួន និងកិច្ចសហប្រតិបត្តិការក្នុងប្រព័ន្ធអេកូឡូស៊ីឌីជីថលនៅកម្ពុជា។ សហគមន៍ La French Tech ភ្នំពេញ នឹងរៀបចំស្តង់ពិព័រណ៍ផ្ទាល់ខ្លួនរយៈពេល៣ថ្ងៃ ព្រមទាំងរៀបចំជំនួបមិនផ្លូវការជាមួយសហគមន៍បច្ចេកវិទ្យាក្នុងស្រុក និងជំនួបពិភាក្សារវាងក្រុមហ៊ុនបង្កើតថ្មីកម្ពុជា និងក្រុមហ៊ុនបង្កើតថ្មីរបស់បារាំងដែលកំពុងប្រតិបត្តិការនៅកម្ពុជា។

នៅថ្ងៃទី១២ ខែកញ្ញា លោក Thierry Tea សហប្រធានសហគមន៍ La French Tech ភ្នំពេញ មានកាលវិភាគឡើងចែករំលែកបទបង្ហាញអំពីបច្ចេកវិទ្យានៅក្នុងកម្មវិធី TEDxPhnomPenh Salon។ បន្ថែមពីនេះ កម្មវិធីវេទិកាក៏រួមបញ្ចូលទាំងកិច្ចពិភាក្សាអំពីហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មឌីជីថលរបស់កម្ពុជា ឆ្ពោះទៅកាន់ឆ្នាំ២០៣០ ផងដែរ។

គូសបញ្ជាក់ថា La French Tech គឺជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលបារាំង ដែលភ្ជាប់ទំនាក់ទំនងរវាងសហគ្រិនកម្ពុជា និងបារាំង ព្រមទាំងគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីក្រុមហ៊ុនបង្កើតថ្មីនៅកម្ពុជា។ ប្រភព៖ Cambodia Investment Review។

80.286 SRY
Khmer Brief
Write your comment...

Comments