ជីវិតគឺជាខ្សែតំណភ្ជាប់រវាង អតីត-បច្ចុប្បន្ន-អនាគត ត្រូវជឿជាក់លើអំពើខ្លួនឯង ជីវិត-វាសនា-ផលកម្មជាវិធីសាស្ត្រដែលមិនអនុញ្ញាត្តិឲ្យយើងធ្វើការមានកំហុសនៅក្នុងជីវិតបានឡើយ ដើរខុសមួយជំហានខុសមួយជីវិតផងក៏មាន ។ លោកនេះមានហេតុផលដែលមិនចេះតែអនុញ្ញាត្តិឲ្យយើងធ្វើអ្វីតាមតែចិត្តចង់នោះទេ ។ ការដឹងថាជីវិតខ្លួនឯងនឹងស្លាប់ គឺជាវិធីដែលល្អបំផុតដើម្បីធ្វើការងារបានត្រឹមត្រូវ ចេះស្តាយស្រណោះពេលវេលាដែលសេសសល់ ចេះមានចិត្តអាណិតអាសូរសណ្តោសប្រោសប្រណី មនុស្សដែលមិនដឹងថាខ្លួនស្លាប់ ឬធ្វើដូចជាខ្លួនមិនចេះស្លាប់ តែងធ្វើការងារមិនត្រឹមត្រូវ គ្មានចិត្តមេត្តា ធ្វើតែអំពើព្រៃផ្សៃយង់ឃ្នងនិងអំពើឥតប្រយោជន៍ជាដើម ។ វិបត្តិគឺមរណៈជាទីបំផុតនៃសម្បត្តិសព្វយ៉ាងក្នុងជីវិត តែគេអាចជញ្ជូនចេញបានតាមរយះអំពើល្អនេះឯង ។

