សមាធិគឺជាការរៀនបិទបើកទ្វារវិញ្ញាណដើម្បីស្វាគមន៍អារម្មណ៍ទាំងអស់ដែលមកធ្វើដំណើរទស្សនៈកិច្ចក្នុងជីវិតដោយភាពស្និទ្ធស្នាល តែមិនប្រទូស្តមិនរីករាយ មិនជាប់ជំពាក់ មិនមានការភ័យខ្លាចនិងស្អប់ខ្ពើម ។ ការបើកទ្វារវិញ្ញាណអាចជាការបង្គ្រាបមួយ បើសិនជាតណ្ហាមានការបះបោរតាមផ្លូវអារម្មណ៍ ហើយអនុញ្ញាត្តិឲ្យខ្លួនឯងបិទទ្វារនៅពេលមានការចាំបាច់ ។ ការដាំបណ្តុះសមត្ថភាពគឺជាការងារជីវិតក្នុងសេចក្តីសប្បុរសនិងសេចក្តីក្លាហាន ដើម្បីទទួលបាននូវផាសុខភាព ភាពរីករាយនិងក្តីអំណររួមគ្នាមួយ ។ ការអភិវឌ្ឍឋាមពលចិត្តមិនមែនជារឿងធម្មតាទេ ការអនុវត្តMeditationរហូតក្លាយជា Concentration fix មានប្រយោជន៍ធំសំបើមណាស់ក្នុងការប្រើប្រាស់ចិត្ត មានតែកុលបុត្រដែលមានការអត់ធន់ក្នុងការព្យាយាមប៉ុណ្ណោះទើបអាចសម្រេចបាន ព្រោះជាផ្លូវនៃព្រះអរិយៈទាំងឡាយ ! ។
រំលឹកសតិប្បដ្ឋាន៤ដោយសង្ខេប ៖ ក្នុងបិដកខ្មែរភាគទី១៧មាន១៣បព្វៈ
១- កាយានុបស្សនាសតិប្បដ្ឋានៈ មានអានាបានៈបព្វៈ(ជំពូក) ឥរិយាបទបព្វៈ សតិសម្បជ្ជញ្ញៈបព្វៈ បដិកូលមនសិការៈបព្វៈ ធាតុមនសិការៈបព្វៈ នវសិវថិកាបព្វៈ(អាសុភ៩យ៉ាង) នៅក្នុងរូបខន្ធទាំងអស់ ។
២- វេទនានុបស្សនាសតិប្បដ្ឋានៈ មានសុខវេទនា ទុក្ខវេទនា អទុក្ខមសុខវេទនា នៅក្នុងវេទនាខន្ធ ។
៣- ចិត្តានុបស្សនាសតិប្បដ្ឋានៈ សម្តែងឲ្យមានសតិដឹង ក្នុងអកុសលមូលចិត្តមានលោភៈ ទោសៈ មោហៈ ចាត់ក្នុងវិញ្ញាណខន្ធទាំងអស់ ។
៤- ធម្មានុបស្សនាសតិប្បដ្ឋានៈ ដែលមាន នីវរណៈបព្វៈ ខន្ធបព្វៈ អាយតនៈបព្វៈ ពោជ្ឈង្គៈបព្វៈ និង សច្ចៈបព្វៈ ។
សតិប្បដ្ឋាន៤ព្រះមានព្រះភាគលោកសម្តែង មានការហ្វឹកហាត់ឲ្យកើតសតិនិងបញ្ញា ដែលក្នុងនោះត្រូវប្រតិបត្តិតាមចរិត និងត្រូវមានសីល សមាធិ បញ្ញា មូលប្រជុំចុះក្នុងផ្លូវតែមួយ ដើម្បីព្រះនិព្វាន ! ។
ពិភពលោកដែលគ្របដណ្តប់ដោយអំពើល្អ អំពើអាក្រក់គឺជាច្បាប់ធម្មជាតិ អំពើអាក្រក់នាំឲ្យមានទុក្ខសោក អំពើល្អនាំឲ្យមានក្តីសុខ អំពើល្អបំភ្លឺពិភពលោកដូចជាព្រះច័ន្ទចេញចាកពពក ។ នរណាម្នាក់ដែលបានចាកចេញពីអំពើហឹង្សាដែលមិនបៀតបៀនអ្នកដទៃ ជាមនុស្សរាបសារទន់ភ្លន់ គឺជាវង្សនៃព្រះអរិយទាំងឡាយ ! ។ សមាធិគឺជាផ្លូវដឹកនាំមនុស្សឲ្យមានភាពចាស់ទុំ មានហេតុមានផល មានភាពរីករាយក្នុងការចែករំលែកសេចក្តីស្រឡាញ់ទាំងថ្ងៃទាំងយប់ ជាអំពើដែលគ្មានគ្រោះថ្នាក់ ព្រោះគេមិនអាចរកឃើញសេចក្តីស្អប់បាន ។ មនុស្សខ្លួនឯងបាននាំគ្នាធ្វើឲ្យបាត់បង់តុល្យភាព ការស្វែងរកតុល្យភាព គឺជាការស្វែងរកពន្លឺត្រាស់ដឹង ! ។

