ថវិកាសរុបជិត៥លានដុល្លារ បានមកពីការពិន័យយានយន្តដែលល្មើសនិងច្បាប់ចរាចរណ៍
ក្រសួងព័ត៌មាន បានឲ្យដឹងថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា ក្នុងឆ្នាំ២០២១កន្លងទៅនេះ សមត្ថកិច្ច នគរបាល បានឃាត់យានយន្តដែលបានធ្វើចរាចរណ៍នៅលើដងផ្លូវជាង២លានគ្រឿង ដើម្បីធ្វើការពិនិត្យ ដោយនៅក្នុងនោះ មានជាង២២ម៉ឺនគ្រឿង ល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក និងបានពិន័យជាប្រាក់ជាង១៩ពាន់លានរៀល ឬស្មើជិត៥លាន ដុល្លារអាមេរិក។តាមការបញ្ជាក់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ យុន ឈុន្នី បានឱ្យដឹងថា ក្នុងចំណោមយានយន្តដែលល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោកទាំងនេះ គឺមានទោចក្រយានយន្ត(ម៉ូតូ)ជាង១៦ម៉ឺនគ្រឿង ស្មើ៧៥ភាគរយ និងរថយន្តជាង៥ម៉ឺន៤ពាន់គ្រឿង ស្មើនឹង២៥ភាគរយ។ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក មានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២២នេះ សមត្ថកិច្ចនគរបាល នឹងអនុវត្តចំពោះយានយន្តដែលនៅបន្តប្រពឹត្ត ល្មើសនឹងច្បាប់ចរាចរណ៍ ទាំងការពិន័យជាថវិកា និងដកពិន្ទុលើបណ្ណបើកបរ។

