ជនពាលតែងយកអកុសលធម៌

K

ជនពាលតែងយកអកុសលធម៌ជាសេចក្តីប៉ងប្រាថ្នាដើម្បីធ្វើឲ្យអ្នកដទៃវិនាស នៅទីបំផុតជនពាលទាំងនោះមិនអាចគេចផុតពីការបានទទួលកម្មពៀរវេរានោះឡើយ ! ដូចជានាងចិញ្ចាមាណវិកានិងនិគ្រន្ថតិរ្ថីយ៍ ច្រណែននឹងព្រះពុទ្ធទើបចាត់ឲ្យនាងយកក្រណាត់សំពត់រុំពោះក្លែងធ្វើជាមានគភ៌ជាមួយព្រះមានព្រះភាគ ហើយបានចង្អុលមុខព្រះនៅក្នុងចំណោមមហាជនថា ៖ មហាសមណៈបានតែខាងអភិរម្យសប្បាយជាមួយខ្ញុំហើយ មិនដែលខ្វល់ខ្វាយពីការថែរក្សាគភ៌ដល់នាងខ្ញុំសោះ ! បានតែខាងទេសនាប្រដៅគេ តែខ្លួនឯងវិញរលួយក្នុង ! ។ ព្រះសាស្តាទ្រង់ញញឹមហើយត្រាស់ថា ៖ នែ ! ប្អូនស្រីមានតែយើងពីរនាក់ប៉ុណ្ណោះដែលដឹងថារឿងនេះពិតឬមិនពិត ។ នាងតបថា ៖ គឺយ៉ាងនោះហើយមហាសមណៈ ! ។ គ្រានោះបាតុភូតធម្មជាតិបានកើតឡើង ខ្យល់បក់លាន់គគឹកផាត់លាត់សំពត់នាងឡើងទៅលើរបូតក្រណាត់រុំពោះធ្លាក់ចុះ ។ មហាជនបានឃើញការពិត នាំគ្នាចាប់វាយដំជេរស្តីនាងដោយប្រការផ្សេងៗ ហើយបណ្តេញចេញពីវត្ត ពេលនាងចេញផុតពីវត្តប្រថពីបានស្រូបយកនាងទៅអវចីមហានរកមិនបង្អង់ឡើយ ។ បាបដែលបុគ្គលកន្លងធម៌យ៉ាងឯក គឺលះបង់សច្ចៈចោល ជាអ្នកនិយាយពោលពាក្យកុហកបោកប្រាស់ នឹងមានទុគតិជាបរលោកយ៉ាងប្រាកដដូច្នេះឯង ។ ដោយហោចទៅសូម្បីតែការបំពានលើបុគ្គលអ្នកមានសីលល្អ ក៏នឹងមានទោសទៅអបាយបិទមគ្គផលនិព្វាន ដូចជាដើមត្នោតកំបុតកដោយសាររន្ទះបាញ់យ៉ាងនោះដែរ ! ។

Comments