ព្រោះជឿថាស្លាប់ហើយត្រូវកើតទៀត ហេតុនេះត្រូវខំធ្វើបុណ្យសំអាតចិត្តអាក្រក់ សាងបញ្ញាឲ្យកើតឡើងដើម្បីរស់នៅមានក្តីសុខតាំងពីជាតិនេះរហូតជាតិមុខ ត្រូវខំធ្វើទាន សីល ភាវនា ដើម្បីជាឧប្បនិស្ស័យជាប់តាមក្នុងចិត្តត្រាតែដល់ព្រះនិព្វានជាទីរលត់ទុក្ខ ! ។
ពីមួយជាតិទៅមួយជាតិ ត្រូវខិតខំដុសខាត់សម្អាតចិត្ត យើងមកកាន់លោកនេះសុទ្ធតែមានហេតុផលផ្ទាល់ខ្លួនដែលត្រូវដោះស្រាយ ។ ក្នុងគ្រួសារនិមួយៗ សុទ្ធតែមានលាក់ទុកវចនានុក្រមដែលពិបាកអាន នេះបានហៅថាជាជីវិតពិត ! ។ ដើម្បីគ្រួសារ កុំព្រួយពីអនាគតរហូតគ្មានក្តីសុខក្នុងបច្ចុប្បន្នឲ្យសោះ ! ការឈឺចាប់សាងអ្នកឲ្យក្លាយជាមនុស្សរឹងមាំ សេចក្តីភ័យខ្លាចសាងអ្នកឲ្យក្លាយជាមនុស្សក្លាហាន វិបត្តិស្នេហាធ្វើឲ្យអ្នកក្លាយជាមនុស្សចេះគិតវែងឆ្ងាយ ។ បានជួបមនុស្សដែលមានគំនិតបំពុល គេតែងព្យាយាមទាញទំលាក់គុណភាពចិត្តរបស់អ្នកឲ្យធ្លាក់ចុះមកក្នុងកំរិតដូចគេដែរ ចូរអ្នកប្រើគំនិតវិជ្ជមានដើម្បីជួយរំដោះចិត្តខ្លួនឯង បើអ្នកមិនអាចថយចេញពីជីវិតបែបនេះបានទេនោះ ! ទីបំផុតអ្នកនឹងអាចជួយបន្សាបគំនិតបំពុលទាំងនោះបាន ។ កាត់ចោលរឿងល្ខោនទាំងនេះចេញពីជីវិតអ្នកទៅ ព្រោះអ្នកត្រូវនៅដើម្បីបំពេញហេតុផលដ៏ល្អមួយ ! ។
បើកើតទុក្ខព្រោះតែការគិត ចូរប្រាប់ខ្លួនឯង ហើយពិភាក្សាជាមួយវា ដើម្បីឲ្យកើតមានស្មារតី តើវាចង់ជ្រើសរើសយកសុខឬក៏រើសយកទុក្ខ ? រវាងការគិតឲ្យឆ្កួតនិងការគិតឲ្យសុខ តើឯងរើសយកមួយណា ? បើវាឆ្លើយថា វាជារឿងដែលមិនអាចបំភ្លេចបាន ឬ ថា ជារឿងមិនគិតមិនបាន ប្រាប់វាវិញថា អញ្ចឹងគិតទាល់តែឆ្កួតទៅ ដើរដេកតាមចិញ្ចើមថ្នល់បានសមមុខឯង ពេលនោះគឺចប់ហើយ ! ។បើចង់បានសុខគឺមិនត្រូវគិតឲ្យកើតទុក្ខទេ ត្រូវសិក្សាពីខ្លួនឯងឲ្យបានច្បាស់ កុំកាន់ជើងខ្លួនឯងឲ្យសោះ ហើយបញ្ចូលទិន្នន័យល្អៗទៅក្នុងខួរក្បាល និងលប់ចោលទិន្នន័យមិនល្អចេញ ព្រោះខួរក្បាលគឺជាកុំព្យូទ័រសរីរាង្គទេ រឿងមិនល្អកុំហៅវាចេញយកមកគិត ប្រយ័ត្នឆេះក្បាលអស់ ! ។

