ការឲ្យតំលៃខ្លួនឯងសំខាន់ពេកគឺជាប្រភពនៃបញ្ហា នាំឲ្យមានតែការមើលងាយមើលថោកគ្នា ខ្វះការអាណិតអាសូរ មានតែការបន្ទាបបន្ថោកអ្នកដទៃហើយលើកតំលៃខ្លួនឯងខុសការពិត ចង់បានតែកិត្តិយសនិងពាក្យសរសើរ ហើយឈឺចាប់នឹងពាក្យរិះគន់បន្តុះបង្អាប់ពីអ្នកដទៃ ។ ក្នុងចិត្តដែលពោរពេញទៅដោយបន្លា ទោះជាបានទៅរស់នៅក្នុងទីណាក៏មិនអាចរកក្តីស្ងប់បានឃើញឡើយ ! ។ ដើម្បីជួយសម្រាលបញ្ហាឲ្យខ្លួនឯងមានតែត្រូវយល់ពីទោសនៃការមានះប្រកាន់ ពីទោសនៃទិដ្ឋិ ហើយមិនត្រូវកាន់ជើងខ្លួនឯងដើម្បីបិទបាំងកំហុសនោះឡើយ ! ។
# ក្តីស្អប់មានមូលហេតុច្រើនណាស់នៅក្នុងពិភពលោក ប៉ុន្តែវាគ្មានដំណោះស្រាយអ្វីសូម្បីតែមួយនៅឡើយទេ ក្រៅពីការអត់ធន់និងការអាណិតអាសូរគ្នា ! ។ អ្វីដែលយើងអាចធ្វើបានគឺ ថ្ងៃនេះ ! មិនត្រូវខឹង មិនត្រូវគិតបារម្ភ ភ័ព្វសំណាងក៏មានតែក្នុងថ្ងៃនេះ កិត្តិយសក៏មានតែក្នុងថ្ងៃនេះ ត្រូវធ្វើអំពើល្អក្នុងថ្ងៃនេះ ព្រោះអតីតកាលមិនអាចត្រឡប់មកវិញបាន ហើយអនាគតក៏មិនអាចល្អដូចជាការរំពឹងទុករបស់យើងដែរ។ កុំចាកចេញពីការលំបាក ព្រោះជីវិតគឺជាការប្រកួតប្រជែងជាមួយបញ្ហាទេ ! បញ្ហាមួយបានចាកចេញទៅ បញ្ហាមួយទៀតបានចូលមកដល់ កុំត្អូញត្អែរធ្វើអី ព្រោះនៅមានបញ្ហាដ៏ធំមួយទៀតដែលមិនអាចជៀសផុតបាន គឺ មរណៈទុក្ខ ! ។

