ខ្ញុំធ្លាប់ប្តេជ្ញា បំបែកកំណត់ត្រាក្នុងឆាកជីវិតខ្លួនឯង អោយស្គាល់ប្រាក់ ០១លានដុល្លារមុនអាយុ ៣០ឆ្នាំ។ ជាការគិតចាក់ស្មុក ស្តាប់ទៅហួសហេតុកាលនោះ។ ខ្ញុំបានគូសវាសខ្សែជីវិតដោយការតស៊ូ អានសៀវភៅនានាទាក់ទងនឹងជំនួញ អានអត្ថបទនានាដែលបង្ហាញពីការរកចំណូលរាប់លានដុល្លារ ស្តាប់អត្ថបទអប់រំរបស់បុគ្គលល្បីៗដែលបង្ហាញពីគំនិតធំៗអាចរកចំនូលដល់ខ្ទង់លានដុល្លារ ឬតាមដានរៀនសូត្រតាមអ្នកមានៗការតស៊ូខិតខំប្រឹងប្រែងរបស់គេដើម្បីមានទ្រព្យសម្បត្តិស្តុកស្តមជាដើម។ តាំងពីអាយុ ២២ឆ្នាំមក ខ្ញុំខ្លាចបំផុតគឺការរកចំណូលបានដដែលៗ ឬឡើងបានតិចៗ សម្រាប់ឆ្នាំបន្ទាប់។ ហេតុអ្វីអាយុច្រើនជាងមុន បទពិសោធន៍ច្រើនជាងមុន? នៅតែមានប្រភពចំណូលដដែល តែមួយមុខ ឬស្ទើរតែដដែល? មានគេថា បើសង្ឃឹមតែប្រាក់ខែមួយមុខ ចាស់ទៅគ្មានប្រាក់នឹងថែរជំងឺវ័យជរាខ្លួនឯងមិនបានម្តងផង ឬទ្រាំដេកចាំស្លាប់ដោយសារស្ទើរលុយ ព្រោះយ៉ាងហោចត្រូវមានលុយខ្លះទុកអោយគេធ្វើបុណ្យសពអោយ។ គំនិតចាក់ស្មុកបែបនេះ បានធ្វើអោយជីវិតរបស់ខ្ញុំត្រូវតែវិវត្តពីមួយឆ្នាំទៅមួយឆ្នាំ ដូចខាងក្រោមនេះ៖
- អាយុ ២០ឆ្នាំ ចាប់ផ្តើមការងារស្ម័គ្រចិត្ត
- អាយុ ២២ឆ្នាំ បានចំណូល ៣៥$ ក្នុងមួយខែ
- អាយុ ២៣ឆ្នាំ បានចំណូល ១១០$ ក្នុងមួយខែ
- អាយុ ២៤ឆ្នាំ បានចំនូល ២៦០$ ក្នុងមួយខែ
- អាយុ ២៥ឆ្នាំ បានចំណូល ៤០០$ ក្នុងមួយខែ
- អាយុ ២៦ឆ្នាំ បានចំណូល ១២០០$ ក្នុងមួយខែ
- អាយុ ២៧ឆ្នាំ បានចំណូល ១៦០០$ ក្នុងមួយខែ
- អាយុ ២៨ឆ្នាំ បានចំណូល ៣២០០$ ក្នុងមួយខែ
ខ្ញុំចាប់ផ្តើមស្គាល់ប្រាក់ ១,០០០,០០០$ (មួយលានដុល្លារ) ដំបូងក្នុងអាយុ ២៩ឆ្នាំ។ ខ្ញុំដឹងថា ខ្ញុំយឺតជាងមេរបស់ខ្ញុំចាស់បន្តិច ដែលគាត់ធ្លាប់ប្រាប់ខ្ញុំថា គាត់មានលុយ ០១លានដុល្លារដំបូងក្នុងអាយុ ២៥ឆ្នាំដែលជាជនជាតិម៉ាឡេ ហើយបុគ្គលដែលខ្ញុំគោរពរៀនសូត្រតាមម្នាក់ទៀតមានលុយ ០១លានដុល្លារដំបូងក្នុងអាយុ ២៧ឆ្នាំ ដែលជាជនជាតិអាមេរិក។
សម្រាប់បងប្អូនដែលអាចយកគំនិតខ្ញុំទៅពិចារណា ដូចមានខាងក្រោមនេះ៖
ជំនាញតែមួយមិនគ្រប់គ្រាន់ទេ ពីរក៏មិនគ្រប់គ្រាន់ដែរ អាចបីមុខក៏នៅតែមិនគ្រប់គ្រាន់ដែរ ត្រូវបន្តរៀនជានិច្ច ចេះអោយកាន់តែច្រើនកាលណា ជីវិតកាន់តែប្រសើរកាលហ្នឹង
- ប្រភពចំណូលតែមួយមុខមិនគ្រប់គ្រាន់ទេ ដូចរៀបជីវិតអោយត្រូវបណ្តាសសារខ្លួនឯងអញ្ចឹង គិតថាមួយមុខស្រួល ប៉ន្តែកាន់តែពិបាកទៅៗ
- បើមិនចេះរកស៊ីអ្វីបន្ថែមទាំងអស់ យ៉ាងហោចណាស់ក៏ចេះទិញដីទុកអោយបានម្តុំ
- កុំទំនេរ ជាពិសេសកុំនៅក្បែរមនុស្សដែលចូលចិត្តសម្រាកចុងសប្តាហ៍ច្រើន
- កុំរស់ថ្ងៃនេះដើម្បីតែថ្ងៃនេះ ឬដើម្បីតែថ្ងៃស្អែក ខ្លាចបំផុតគឺអ្នកអាយុវែង ហើយស្រាប់តែរស់យ៉ាងវេទានាខ្វះមុខខ្វះក្រោយ
- កាលណាបានជីវិតចេះភ្ញាក់រលឹកហ្នឹងគេ កាលណាបានឈប់យកលេសនានាព្រោះខ្ជិលមកដឹកនាំជីវិតដ៏មានតម្លៃមួយនេះ៕ 

