តើគេដឹងបានដូចម្តេច?

K

ការជឿនលឿនក្នុងការប្រតិបត្តិធម៌ តើគេដឹងបានដូចម្តេច?
គឺតាមរយះការរីកចម្រើនឧបេក្ខាចិត្ត មានន័យថាក្រោយពីបានប្រតិបត្តិធម៌ចិត្តប្រែជាតាំងនៅស្ងប់ស្ងៀមជាកណ្តាលៗ មិនស្ទុះស្ទារឆ្លេឆ្លារ មិនអន្ទះអន្ទែង ទៅរកកំហឹងក្រោធនិងការអាល័យឬកំសត់ស្រងេះស្រងោច។ចិត្តអាចរអិលផុងប្រឡាក់តែមួយភ្លែត តែអាចដកចេញវិញបានយ៉ាងរហ័ស។ពីដើមសំបូរក្រោធ ងាយយំងាយសើច តែឥឡូវប្រែជាញញឹមយ៉ាងស្ងប់ស្ងៀម សូម្បីតែម្ចាស់ខ្លួនក៏អាចដឹងដោយខ្លួនឯងបាន(បច្ចវេក្ខណះញាណ) ជាចិត្តស្លូតបូត តែរឹងមាំនៅពេលប្រឈមជាមួយបញ្ហាទុក្ខលំបាកផ្សេងៗ។បើការប្រតិបត្តិមិនមានការផ្លាស់ប្តូរទំលាប់របស់ចិត្តទេ ខឹងច្រើននៅតែច្រើន ចូលចិត្តនិយាយពីរឿងអ្នកដទៃក៏រឹតតែចូលចិត្តឡើង នោះគឺត្រូវប្តូរកម្មដ្ឋាននិងត្រូវស្វែងរកសប្បុរសជាថ្មីហើយ ។ ពេលមានបញ្ហាកើតឡើងក្នុងជីវិតប្រចាំថ្ងៃ ត្រូវពិនិត្យមើលចិត្តខ្លួនឯងសិន បើចិត្តស្ងប់មិនជ្រួលច្របល់ញាប់ញ័រ នោះការសម្រេចចិត្តទោះជាធ្វើអ្វីក៏ដោយ នឹងបានជាការសម្រេចចិត្តដ៏ល្អជាមិនខាន។តែបើចិត្តជ្រួលច្របល់ញាប់ញ័រ ការសម្រេចចិត្តពេលនេះ គឺវាកើតពីការប្រតិកម្មចិត្តទេ លទ្ធផលដែលទទួលបានពីការសម្រេចចិត្តបែបនេះគឺមិនល្អឡើយ។ត្រូវហាត់ផ្លាស់ប្តូរពីទំលាប់ប្រតិកម្មចិត្ត ពីអកុសលទៅជាកុសល ឬពីគំនិតអវិជ្ជមានទៅជាគំនិតវិជ្ជមាន ។ បើគង់តែស្លាប់ដដែល មិនដឹងជាគិតឲ្យកើតទុក្ខធ្វើអីហ្ន? ធ្វើបុណ្យឲ្យវាបានសប្បាយចិត្តខ្លះទៅមិនបានទេឬ ? ។ ការមិនរំជួលចិត្ត ទៅនឹងហេតុការណ៍ខាងក្រៅ គឺជាភាពប៉ិនប្រសប់ ភាពឆ្លាតវាងវៃរបស់មនុស្សម្នាក់ៗ។ធម្មជាតិណាញ៉ាំងចិត្តមិនឲ្យរំជួលញាប់ញ័រ ធម្មជាតិនោះហៅថាបញ្ញា វាគឺជាការយល់ត្រូវ ត្រិះរិះត្រូវនេះឯង។ របស់ខាងក្រៅក៏មិនទៀង របស់ខាងក្នុងក៏មិនទៀង តើចាំបាច់រំជួលចិត្តទៅនឹងអ្វី?(បញ្ញា) អ្វីដែលអាចធ្វើបានគឺត្រូវតែធ្វើ តែមិនជាប់ជំពាក់(បញ្ញា)។

Comments