សិក្សាអំពីជីវិត

K

“សិក្សាអំពីជីវិត មិនមែនធ្វើឱ្យខ្លួនលែងពិបាកចិត្តនោះទេ ប៉ុន្តែអាចឱ្យយើងស្គាល់អំពីឫសគល់នៃហេតុដែលនាំឱ្យពិបាកចិត្ត ហើយវានឹងក្លាយជាបច្ច័យធ្វើឱ្យចិត្តចេះទទួលព្រម”កិលេសក្នុងចិត្តនឹងធ្វើឱ្យមនុស្សប្រកាន់ខឹង អន់ចិត្ត ឃ្នើសទាស់ជាដើម ដែលជាហេតុនាំឱ្យចិត្តទោមនស្ស។ ដរាបណាកិលេសនៅមានក្នុងចិត្ត ទោះបីជាសិក្សាផ្លូវធម៌បានច្រើនម្ដេចក្ដី ក៏នៅតែមានសេចក្ដីលំបាកចិត្តខ្លះៗដែរ មិនអាចជៀសផុតឡើយ។ ថ្វីបើដូច្នោះក៏ដោយ កិលេសមិនមែនមានឥទ្ធិពលចំពោះចិត្តគ្រប់ពេលនោះទេ កាលណាចិត្តចម្រើនដោយកុសលជានិច្ចកាល មានសតិតម្កល់មាំល្អ ប្រាសចាកនីវរណៈធម៌ដែលកើតចេញពីការចម្រើនសមាធិ និងការកាន់យកនូវកម្មដ្ឋានមកចម្រើនក្នុងចិត្ត កិលេសទាំងនោះមានលោភៈជាដើម ក៏នឹងដេកសំងំមួយរយៈផងដែរ ដោយអំណាចនៃកុសលធម៌។
មនុស្សដោយច្រើនយល់ថា អ្នកដែលចេះធម៌គឺឈប់ពិបាកចិត្ត ឬថាបើសិក្សាធម៌គឺលែងមានក្ដីព្រួយកង្វល់ទៀតហើយ ប៉ុន្តែការយល់ដូច្នោះគឺមិនត្រូវទាំងស្រុងឡើយ។ ប៉ុន្តែក៏មិនខុសនោះដែរ ការសិក្សាព្រះធម៌ជាបច្ច័យដែលនាំឱ្យចិត្តដើរទៅរកផ្លូវត្រូវ ជាផ្លូវដែលរំដោះចិត្តឱ្យស្រឡះចាកសេចក្ដីប្រកាន់ក្នុងខន្ធទាំងឡាយ ដែលហេតុនាំឱ្យចិត្តស្ងប់សុខ។

Comments